ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកស្រី UIKU Kocaefe ឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា បានផ្លាស់ប្តូរទស្សនគ្នាជុំវិញព្រឹត្តិការណ៍អន្តរជាតិ ជាពិសេសបញ្ហារុស្ស៊ី និងអ៊ុយក្រែនដែលកំពុងកើតមាននាពេលបច្ចុប្បន្ននេះ។
ក្នុងជំនួបជាមួយលោកស្រី UIKU Kocaefe កាលពីថ្ងៃទី១៤ កញ្ញាម្សិលមិញនេះ សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា ចំពោះបញ្ហារុស្ស៊ី និងអ៊ុយក្រែនេះ តួកគី បានប្រកាន់ជំហរអព្យាក្រឹត្យ និងជាមេរៀនមួយដ៏ល្អអាចនឹងនាំទៅដល់ការកាត់បន្ថយភាពតានតឹងក្នុងតំបន់ជម្លោះជាអន្តរជាតិ រួមទាំងការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ីដែលបង្កផលប៉ះពាល់ជាសាកលរួមទាំងកម្ពុជាផងដែរនោះ។
សម្រាប់សម្តេចក្រឡាហោម ជម្លោះនេះ មិនអាចបញ្ចប់ដោយការប្រើប្រាស់កម្លាំងប្រដាប់អាវុធនោះទេ គឺមានតែការចរចាគ្នាប៉ុណ្ណោះ ទើបអាចស្វែងរកដំណោះស្រាយបាន។
ឆ្លើយតបទៅនឹងការលើកឡើងរបស់ភាគីកម្ពុជា លោកស្រីឯកអគ្គរដ្ឋទូត បានបង្ហាញការគាំទ្រចំពោះការលើកឡើងរបស់សម្តេចក្រឡាហោម ហើយលោកស្រីថា ជាការពិតបញ្ហានៃជម្លោះ និងការដាក់ទណ្ឌកម្មនេះ បានជះឥទ្ធិពលលើគ្រប់ប្រទេស និងស្ទើរតែគ្រប់វិស័យ។
លោកស្រី បន្តថា ជំហររក្សាអព្យាក្រឹត្យរបស់តួកគី ក៏កំពុងតែជួបការលំបាកដែរ ប៉ុន្តែប្រទេសតួកគី នៅតែប្រកាន់ជំហរនេះ ដើម្បីឱ្យមានការចរចាពីគ្រប់ភាគី ពីព្រោះក្នុងសង្គ្រាមគឺមិនមានអ្នកឈ្នះនោះទេ ហើយសម្រាប់តួកគី គឺនឹងខិតខំព្យាយាមឱ្យប្រទេសជម្លោះចូលមកតុចរចា។
ឯាកមកកម្ពុជាវិញពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ លោកស្រីថា តួគី និងកម្ពុជា មានជំហរស្រដៀងលើបញ្ហានេះ ហើយក្នុងនាមប្រធានអាស៊ានលោកស្រីសង្កេតឃើញថាកម្ពុជាពិតជាបានខិតខំរកដំណោះដោះស្រាយបញ្ហាតំបន់ ដូចជាករណីនៅប្រទេសមីយ៉ាន់ម៉ា។
ត្រង់ចំណុចនេះ សម្តេចក្រឡាហោម បានបញ្ជាក់ថា បញ្ហាប្រឈមមុខនេះក៏ជាឱកាស និងជាបញ្ហាប្រឈមសម្រាប់កម្ពុជាដែរ ក្នុងនោះគឺមិនអាចកាត់ផ្ដាច់ការចូលរួមពីភាគីណាមួយនោះទេ ដូចជាការព្យាយាមឱ្យភាគីមីយ៉ាន់ម៉ាចូលក្នុងកិច្ចប្រជុំអាស៊ានជាដើម៕
ដោយ៖ វង្ស សំណាង