ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ២០២២ បានលើកឡើងគំនិតផ្តួចផ្តើមចំនួន ៤ ជូនរដ្ឋមន្ត្រីថាមពលអាស៊ានពិចារណា និងផ្តល់ការគាំទ្រ និងជំរុញការចូលរួមបន្ថែមលើរាល់សកម្មភាព និងគម្រោងអន្តរកាលថាមពលក្នុងតំបន់ ប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត។
ក្នុងសន្ទរកថាតាមប្រព័ន្ធវីអេដូថតទុកជាមុន នៃពិធីបើកកិច្ចបជុំរដ្ឋមន្ត្រីថាមពលអាស៊ានលើកទី៤០ កិច្ចប្រជុំពាក់ព័ន្ធ និងវេទិកាធុរកិច្ចថាមពលអាស៊ានឆ្នាំ ២០២២ ក្រោមមូលបទ «បង្កើនល្បឿនអន្តរកាលថាមពល៖ ការស្ដារសេដ្ឋកិច្ចឡើងវិញ និងកំណើនប្រកបដោយចីរភាព» ចេញផ្សាយថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងជាយោបល់ពាក់ព័ន្ធនឹងគំនិតផ្តួចផ្តើមចំនួន ៤ ជូនរដ្ឋមន្ត្រីថាមពលអាស៊ាន ពិចារណា និងផ្តល់ការគាំទ្រ ដែលក្នុងនោះ រួមមាន១. ជំរុញការអនុវត្តការតភ្ជាប់ខ្សែបញ្ជូនថាមពលអាស៊ាន និងបំពង់ឧស្ម័នកាត់តាមបណ្តា ប្រទេសអាស៊ាន ដោយត្រូវពន្លឿនបន្ថែមការងារសំខាន់ៗ ដែលនៅសេសសល់ទាំង ការងារបច្ចេកទេស និងការរៀបចំបទប្បញ្ញត្តិផ្សេងៗ ដើម្បីឆ្ពោះទៅរកការធ្វើសុខដុមនីយកម្មក្របខ័ណ្ឌបញ្ញត្តិកម្ម និងស្តង់ដារបច្ចេកទេស និងសម្រេចឱ្យបាននូវការតភ្ជាប់ ថាមពលអគ្គិសនី ក្នុងតំបន់។ ២.ជំរុញការអនុវត្តគោលនយោបាយ ច្បាប់ និងបទប្បញ្ញត្តិថាមពលស្អាត កិច្ចការពារ បរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ ឱ្យបានជាអតិបរមា តាមដែលអាចធ្វើទៅបាន ដើម្បីចូលរួមចំណែកដល់ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងឈានទៅរកអព្យាក្រឹត្យភាពកាបូន។ ៣.ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីបង្កើនពាណិជ្ជកម្មថាមពល អគ្គិសនី បង្កើនភាពចម្រុះនៃប្រភពថាមពល និងភាពបំពេញឱ្យគ្នាទៅវិញទៅមក ផ្លាស់ប្ដូរពិសោធន៍ ចែករំលែកបច្ចេកវិទ្យាថ្មី និងបង្កើនប្រភពហិរញ្ញប្បទាន និង៤.ចូលរួមយ៉ាងសកម្ម ដើម្បីសម្រេចឱ្យបាននូវផែនការសកម្មភាពនៃកិច្ចសហប្រតិបត្តិការថាមពលអាស៊ាន ឆ្នាំ២០២១-២០២៥ ដូចដែលបានកំណត់។
សម្ដេចតេជោបានថ្លែងឱ្យដឹងថា កម្ពុជាបាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការបញ្ចូលប្រភពថាមពលកកើត ឡើងវិញ ទៅក្នុងល្បាយនៃប្រភពថាមពលរបស់ខ្លួន។ ជាក់ស្តែង ក្នុងឆ្នាំ២០២១ កន្លងមកនេះ ថាមពលដែលបានមកពីប្រភពថាមពលកកើតឡើងវិញ រួមមានវារីអគ្គិសនី ថាមពលដើរដោយ ពន្លឺព្រះអាទិត្យ និងថាមពលជីវម៉ាស់ បានកើនឡើងទៅដល់ ៤០ភាគរយ នៃថាមពលសរុបរបស់កម្ពុជា។ ម្យ៉ាងទៀត បើពិនិត្យមើលតាមទំហំអានុភាពនៃប្រភពថាមពលរបស់កម្ពុជា ចំណែកអានុភាពនៃ ប្រភពថាមពលកកើតឡើងវិញ គឺមានរហូតដល់ ៥៥ភាគរយ នៃអានុភាពដំឡើងសរុប។ សម្រាប់ទិសដៅទៅមុខ កម្ពុជានឹងបន្តជំរុញការយកចិត្តទុកដាក់លើការអភិវឌ្ឍប្រសិទ្ធភាពថាមពល និងថាមពលកកើតឡើងវិញឱ្យបានអតិបរមា និងជាបន្តបន្ទាប់ ទៅតាមលទ្ធភាពទទួលបានរបស់ប្រព័ន្ធផ្គត់ផ្គង់ថាមពលកម្ពុជា ជាមួយនឹងការកាត់បន្ថយការអភិវឌ្ឍគម្រោងប្រភពថាមពល ដែលប្រើប្រាស់ឥន្ធនៈហ្វូស៊ីល ដែលមានធ្យូងថ្ម និងប្រេង ជាដើម។
សម្ដេចតេជោបានបញ្ជាក់ថា ដើម្បីសម្រេចទិសដៅនេះ កម្ពុជាបាននិងកំពុងសហការជាមួយដៃគូអភិវឌ្ឍន៍នានា ក្នុងការសិក្សា និងរៀបចំផែនការមេអភិវឌ្ឍន៍ វិស័យថាមពលកម្ពុជារហូតដល់ឆ្នាំ ២០៤០ គោលនយោបាយជាតិស្ដីពីប្រសិទ្ធភាពថាមពល ផែនទីបង្ហាញផ្លូវស្តីពីការអភិវឌ្ឍអន្តរកាលថាមពលស្អាត ឆ្ពោះទៅអព្យាក្រឹត្យភាពកាបូន និងគោលនយោបាយអភិវឌ្ឍន៍ថាមពលពន្លឺព្រះអាទិត្យលើដំបូលនៅកម្ពុជា។
ទន្ទឹមនឹងនេះ ក្រោមកិច្ចសហការយ៉ាងសកម្មបន្ថែមទៀតពីដៃគូអភិវឌ្ឍន៍ កម្ពុជាក៏បាននិងកំពុងរៀបចំកម្មវិធីអភិវឌ្ឍន៍អន្តរកាល ថាមពលរបស់ខ្លួន ដោយផ្តោតលើកម្មវិធីនៃការកែទម្រង់សំខាន់ៗចំនួន ៣ រួមមាន (១). ការរៀបចំផែនការថាមពល និងការពង្រឹងស្ថាប័ន (២).ការបង្កើនល្បឿនអន្តរកាលសេដ្ឋកិច្ចវិលជុំ និងការបញ្ចេញឧស្ម័នកាបូនទាបនិង (៣). តម្លាភាព និងភាពប្រកួតប្រជែងសម្រាប់ការវិនិយោគ ក្នុងគម្រោងថាមពលថ្មី។
សម្ដេចតេជោបានមានប្រសាសន៍បន្ថែមថា ក្រៅពីកិច្ចប្រជុំរដ្ឋមន្ត្រីថាមពលអាស៊ានលើកទី ៤០ និងកិច្ចប្រជុំ ពាក់ព័ន្ធ ក្រសួងរ៉ែ និងថាមពលនៃព្រះរាជាណាចក្រកម្ពុជា ក៏បានសហការជាមួយមជ្ឈមណ្ឌល ថាមពលអាស៊ាន ដើម្បីរៀបចំវេទិកាធុរកិច្ចថាមពលអាស៊ាន ឆ្នាំ ២០២២ ដោយមានការចូលរួមពី តំណាងរដ្ឋាភិបាល វិស័យឯកជន ស្ថាប័នហិរញ្ញវត្ថុជាតិ និងអន្តរជាតិ និងស្ថាប័នសិក្សាស្រាវជ្រាវ វេទិកានេះ គឺជាឱកាសដ៏ល្អប្រសើរសម្រាប់ការបង្កើនទំនាក់ទំនង និងភាពជាដៃគូ ក៏ដូចជាការផ្លាស់ប្តូរព័ត៌មាន បទពិសោធ និងចំណេះដឹងអំពីនិន្នាការថាមពល និងលទ្ធផលនៃការស្រាវជ្រាវ ថ្មីៗ ដើម្បីជំរុញវិស័យថាមពល ឱ្យកាន់តែរីកចម្រើនទៅមុខ៕ដោយ៖ គង់ សេដ្ឋាមុនី