ភ្នំពេញ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា កម្ពុជាបានដាក់ឱ្យប្រើប្រាស់នូវក្របខ័ណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣ ជាមួយនិងទស្សនវិស័យនៃការចាកចេញពីវិបត្តិនៃជំងឺកូវីដ-១៩ ក្នុងភាពរឹងមាំ និងការវិលត្រលប់ទៅរកមាគ៌ានៃកំណើន និងការអភិវឌ្ឍប្រកបដោយចីរភាព។
ការប្រើប្រាស់ក្របខ័ណ្ឌយុទ្ធសាស្រ្តខាងលើនេះ ត្រូវបានបញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ប្រសួងសេដ្ឋកិច្ចកាលពីថ្ងៃទី១៣កញ្ញា បន្ទាប់ពី លោក អូន ព័ន្ធមុនីរ័ត្ន បានទទួលជួបពិភាក្សាការងារជាមួយ លោក Kriss Peeters អនុប្រធានធនាគារវិនិយោគអឺរ៉ុប (European Investment Bank – EIB) ក្នុងដំណើរទស្សនកិច្ចរបស់លោក មកប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០២២។
លោក ឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា យុទ្ធសាស្រ្តនេះបាននិងកំពុងដើរតួនាទីជាផែនទីបង្ហាញផ្លូវ និងជាកម្លាំងចលករដ៏មានប្រសិទ្ធភាពសម្រាប់ការពង្រឹងសក្តានុពលនៃចន្ទល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជាឱ្យរស់រវើកឡើង ក៏ដូចជាចាប់យកឱ្យបាននូវកាលានុវត្តភាពថ្មី ដែលកំពុងលេចឡើងស្របនឹងនិន្នាការតំបន់ និងសកល ដើម្បីលើកកម្ពស់កំណើនប្រកបដោយចីរភាព និងកាន់តែមានពិពិធកម្ម ក៏ដូចជាដើម្បីកសាងភាពធន់ដ៏រឹងមាំនៃសង្គម-សេដ្ឋកិច្ចកម្ពុជា៕
ដោយ៖ សាន សៀងហៃ