ភ្នំពេញ៖ តាមរយៈសារជាសំឡេង នៅថ្ងៃទី១៥កញ្ញានេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងថា ការផ្អាកព្រះរាជពិធីបុណ្យអ៊ុទូកគឺស្ថិត ក្រោមមូល ហេតុធំៗចំនួន២។
មូលហេតុទាំងពីរនោះ ត្រូវបាន ប្រមុខរាជរដ្ឋាភិបាលអះអាងថា ទី១គឺដោយសារតែបញ្ហាកូវីដមិនទាន់បានចប់ និងមិនចង់ឱ្យមានការប្រមូលផ្ដុំទ្រង់ទ្រាយធំនៅទីក្រុងភ្នំពេញ ដើម្បីចូលរួមទប់ស្កាត់នឹងជំងឺកូវីដ-១៩ មិនមែនរដ្ឋាភិបាលអស់លុយប្រារព្ធពិធី ដូចដែលអ្នកវិភាគមួយចំនួនលើកឡើងនោះទេ។
មូលហេតុចម្បងមួយទៀតនោះគឺ ថ្ងៃបុណ្យអុំទូកចំថ្ងៃទី៧-៨-៩ វិច្ឆិកា គឺកៀកថ្ងៃដែលបើកចិ្ចប្រជុំអាស៊ានដ៏ធំនៅទីក្រុងភ្នំពេញដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ដអាស៊ាន ដែលមានដៃគូ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និង ដៃគូពាក់ព័ន្ធជាច្រើននឹងចូលចូលរួម ហើយប្រសិនបើកម្ពុជាមិនមានការផ្លាស់ប្ដូរទេចាប់ពីថ្ងៃទី៧ នឹងមានដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្ដីវៀតណាម នៅថ្ងៃទី៨ មានទស្សនកិច្ចជាផ្លូវការរបស់នាយករដ្ឋមន្រ្ដីចិន និងថ្ងៃទី៩ មានទស្សនកិច្ចផ្លូវការរបស់មេដឹកនាំហ្វីលីពីន ហើយថ្ងៃទី៩នេះក៏ចំថ្ងៃប្រារព្ធពិធីបុណ្យជាតិដោយព្រះមហាក្សត្រ ព្រះអង្គយាងដុតទៀនជ័យនៅវិមានឯករាជ្យផងដែរ។
សម្ដេចតេជោ ថ្លែងសង្កត់ធ្ងន់ថា «ក្នុងនាមជានាយករដ្ឋមន្ដ្រីគឺមិនអាចលៃលកពេលវេលាគ្រប់គ្រាន់ ដើម្បីគ្រប់គ្រងជាមួយនឹងសភាពការណ៏បុណ្យអំទូក ដែលមានមនុស្សទៅច្រើននៅក្នុងពេលវេលាដែលត្រូវត្រៀមការពារសន្ដិសុខ សម្រាប់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃបណ្ដាប្រទេសនិងដៃគូអាស៊ាន ក៏ដូចជាស្ថាប័នពាក់ព័ន្ធដទៃទៀត ដែលត្រូវមកប្រជុំនៅទីក្រុងភ្នំពេញ»៕
ដោយ៖ សាន សៀងហៃ