សម្តេច ហ៊ុន សែនប្តេជ្ញាពង្រឹងការទូតសភា ធ្វើការជាមួយក្រុមប្រឹក្សាឃុំសង្កាត់  និងលើកកម្ពស់និងការពារយុត្តិធម៌ និងសមធម៌សង្គម

ភ្នំពេញ៖ ក្រោយទទួលបានការបោះឆ្នោតជឿទុកចិត្តធ្វើជាប្រធានព្រឹទ្ធសភាសម្រាប់នីតិកាលទី ៥ ពីសមាជិកព្រឹទ្ធសភា  សម្តេច ហ៊ុន សែន  ប្តេជ្ញាពង្រឹងការទូតសភា ធ្វើការជាមួយក្រុមប្រឹក្សាឃុំសង្កាត់  និងលើកកម្ពស់និងការពារយុត្តិធម៌ និងសមធម៌សង្គមជាពិសេសចូលរួមជាមួយរដ្ឋសភា និងរាជរដ្ឋាភិបាល ដើម្បីបំពេញអាណត្តិរៀងៗខ្លួនប្រកបដោយការខុសត្រូវខ្ពស់ ក្នុងការបម្រើជាតិ និងប្រជាជន កម្ពុជា។

នៅក្នុងសុន្ទរកថាកម្រាស់៤ ទំព័រ របស់ សម្តេច ហ៊ុន សែន ថ្លែងក្នុងឱកាសត្រូវបានជ្រើសរើស ជាប្រធានព្រឹទ្ធសភា សម្រាប់នីតិកាលទី៥ នាថ្ងៃទី៣ ខែមេសា ឆ្នាំ ២០២៤ បញ្ជាក់ថា តួនាទីរបស់ព្រឹទ្ធសភា ក៏មានសារៈសំខាន់យ៉ាងខ្លាំងផងដែរ ក្នុងការអភិវឌ្ឍទំនាក់ទំនង អន្តរជាតិ។ ដោយហេតុផលនោះ និងសម្រាប់នីតិកាលនេះ សម្តេច នឹងយកការលើកកម្ពស់ការទូតសភាជាអាទិភាព របស់ស្ថាប័នយើង។

បើតាមសុន្ទរកថានេះ សម្តេច ហ៊ុន សែន បញ្ជាក់ថា ៖«សព្វថ្ងៃនេះ ពិភពលោកមានភាព ប្រទាក់ក្រឡាគ្នាកាន់តែខ្លាំង ប៉ុន្តែជាមួយគ្នានេះក៏មានការបែកបាក់ ស្មុគស្មាញ និងច្របូកច្របល់ ដោយសារតែការប្រកួតប្រជែងជាយុទ្ធសាស្ត្រកាន់តែខ្លាំងឡើងរវាងមហាអំណាចនានា, សង្គ្រាម និងវិបត្តិជុំវិញពិភពលោក និងការគំរាមកំហែងផ្នែកសន្តិសុខមិនប្រពៃណីដែលមិនធ្លាប់មានពីមុន មក»។

សម្តេច ហ៊ុន សែន បន្ថែមថា៖«នៅក្នុងបរិបទដ៏លំបាក និងគ្រោះថ្នាក់នេះ វាចាំបាច់ណាស់ដែលយើងត្រូវពង្រឹងទំនាក់ ទំនង ជាមួយដៃគូអន្តរជាតិរបស់យើង ចូលរួមយ៉ាងសកម្មបន្ថែមទៀតនៅក្នុងវេទិកាអន្តរជាតិ នានា និងធ្វើ ការរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមជាសកល»។

សម្តេច សង្កត់ថា «តាមរយៈការជំរុញកិច្ចសន្ទនា និងកិច្ចសហ ប្រតិបត្តិការក្នុងចំណោមសភាក្នុងតំបន់ និងជុំវិញពិភពលោក និងការបំពេញបន្ថែម ពីលើសកម្មភាពដែលដឹកនាំដោយរាជរដ្ឋាភិបាល និងរដ្ឋសភា យើងអាចរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពសកលលោក»។

សម្តេច ហ៊ុន សែនសង្កត់ទៀតថា៖«អាទិភាពចម្បងទីពីរ គឺត្រូវធ្វើការយ៉ាងជិតស្និទ្ធជាមួយអង្គបោះឆ្នោតរបស់យើង ជាពិសេស ជាមួយសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ដែលតំណាងឱ្យប្រជាពលរដ្ឋនៅមូលដ្ឋាន និងធ្វើការប្រចាំ ថ្ងៃ ជាមួយពួកគាត់នៅថ្នាក់ក្រោមជាតិ។ យើងនឹងបន្តចូលរួមចំណែកដោយអស់ពីសមត្ថភាពដល់ ដំណើរការប្រជាធិបតេយ្យភាវូបនីយកម្ម ការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ, កំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពសេវាសាធារណៈ»។

សម្តេច ហ៊ុន សែនថ្លែងទៀតថា៖«ក្នុងស្មារតីនេះ យើងត្រូវលើកកម្ពស់និងការពារយុត្តិធម៌ និងសមធម៌សង្គម, ធានាថា ពលរដ្ឋគ្រប់រូបរស់នៅដោយសេចក្តីថ្លៃថ្នូរ ទទួលបានសិទ្ធិ សេរីភាព ជំនឿទាំងឡាយដែលត្រូវបាន ការពារដោយរដ្ឋធម្មនុញ្ញ។ ក្នុងនាមជាប្រធានព្រឹទ្ធសភា ទូលបង្គំខ្ញុំសូមបញ្ជាក់នូវការប្តេជ្ញាចិត្ត ដើម្បីដឹកនាំស្ថាប័ននេះ ក្នុងការបំពេញតួនាទីនិងភារកិច្ចរបស់ខ្លួន និងក្នុងការចូលរួមជាមួយរដ្ឋសភា និងរាជរដ្ឋាភិបាល ដើម្បីបំពេញអាណត្តិរៀងៗខ្លួនប្រកបដោយការខុសត្រូវខ្ពស់ ក្នុងការបម្រើជាតិ និងប្រជាជន កម្ពុជា»។

សម្តេចហ៊ុន សែនបន្តថា៖«យើងនឹងការពារយ៉ាងមុតមាំនូវរដ្ឋធម្មនុញ្ញរបបរាជានិយម និងលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស និងនីតិរដ្ឋ។ យើងនឹងខិតខំប្រឹងប្រែងអស់ពីលទ្ធភាព ដើម្បីធានាឱ្យបាននូវឯកភាពជាតិ និងសាមគ្គី ភាពសង្គមដ៏រឹងមាំ និងការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងសេចក្តីថ្លៃថ្នូរ នៃប្រទេសជាតិយើង»។

បន្ទាប់ពីព្រះរាជពិធីបើកសម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា រួចមក នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ដដែលនេះ សម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥ បានដំណើរការក្រោមអធិបតីភាពឯកឧត្តម សុខ ឥសាន ប្រធានបណ្តោះអាសន្នព្រឹទ្ធសភានីតិកាលទី៥ ដោយមានរបៀបរវារៈ សំខាន់ចំនួន០២គឺ៖ ១-ប្រកាសសុពលភាពនៃអាណត្តិរបស់សមាជិកព្រឹទ្ធសភាទាំង ៦២រូប និង ២-បោះឆ្នោតជ្រើសរើសប្រធាន អនុប្រធានទី១ និងអនុប្រធានទី២ នៃព្រឹទ្ធសភា។

សូមជម្រាបថា ព្រឹទ្ធសភាបានបោះឆ្នោតជ្រើសរើសដាច់ដោយឡែកពីគ្នានូវប្រធាន អនុប្រធានទី១ និងអនុប្រធានទី ២ព្រឹទ្ធសភា នីតិកាលទី៥ ដោយទទួលបានលទ្ធផលរួមមាន សម្តេច ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា មានសំឡេងគាំទ្រចំនួន ៦២សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល លោក  ប្រាក់ សុខុន ជាអនុប្រធានទី១ព្រឹទ្ធសភា មានសំឡេងគាំទ្រ ចំនួន ៦២សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល និង លោក​ អ៊ុច បូររិទ្ធ ជាអនុប្រធានទី២ព្រឹទ្ធសភា ដោយមានសំឡេងគាំទ្រ ចំនួន ៦២សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល៕

សូមអានសុន្ទរកថាទាំងស្រុងរបស់សម្តេច ហ៊ុន សែននៅខាងក្រោម៖