គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ តម្លៃជិត ១១២ លានដុល្លារ សម្រេចបាន ៣២% ហើយ

ក្រចេះ៖ គិតត្រឹមដំណាច់ខែមីនា ឆ្នាំ២០២៤ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះតម្លៃជិត ១១២ លានដុល្លារអាម៉េរិក សម្រេចវឌ្ឍនភាពការងារសាងសង់តួស្ពានបាន ៤៥,៥% ខណៈដែលការងារសាងសង់ផ្លូវតភ្ជាប់សម្រេចបាន ២៣%ហើយ ជារួមគម្រោងជារូបវ័ន្តទាំងមូលសម្រេចបាន ៣២% ដែលតួលេខនេះ បានបង្ហាញឱ្យឃើញពីការវិវត្តក្នុងទិសដៅវិជ្ជមាន ចំពោះការអនុវត្តគម្រោងការងារខាងលើ។

គម្រោងនេះគ្រោងនឹងបញ្ចប់ នៅខែកញ្ញា ឆ្នាំ២០២៦ ប៉ុន្តែយោងតាមការបញ្ជាក់របស់ក្រុមហ៊ុននាល្ងាចនេះ ការសាងសង់នឹងបញ្ចប់មុនផែនការ។

បើទោះជាយ៉ាងនេះក៏ដោយ លោក  ប៉េង ពោធិ៍នា  រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូអមដំណើរ មន្ត្រីជំនាញបច្ចេកទេស នៃក្រុមការងារអនុវត្តគម្រោង ចុះទៅពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ នៅថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៤ នៅតែសំណូមពរឱ្យក្រុមហ៊ុនសាងសង់ ជំរុញការអនុវត្តការងារទៅតាមប្រតិទិនការងារដែលបានកំណត់ ឱ្យបានច្បាស់លាស់ ពីព្រោះខណៈនេះជារដូវប្រាំង ដែលជាពេលវេលាអំណោយផលដល់ការងារសាងសង់ មុននឹងរដូវវស្សាចូលមកដល់នាពេលខាងមុខ។

ក្នុងដំណើរចុះពិនិត្យវឌ្ឍនភាពនេះ លោក រដ្ឋមន្ត្រី បានស្នើដល់គ្រប់ភាគីពាក់ព័ន្ធ ត្រូវពង្រឹងសុវត្ថិភាពការងារសាងសង់គ្រប់ជំហាន ពិសេសយកចិត្តទុកដាក់ខ្ពស់លើបទដ្ឋានបច្ចេកទេសគ្រប់ប្រភេទការងារ ដើម្បីធានាឱ្យបាននូវសមិទ្ធផលសំណង់ ដែលប្រកបដោយគុណភាព និងអាយុកាលប្រើប្រាស់បានយូរអង្វែង។

គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ ខេត្តក្រចេះ និងផ្លូវតភ្ជាប់នេះមានប្រវែងសរុបប្រមាណ ៣៣,៤៥គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៧ (រង្វង់មូលខ្លាស្ទុះ) ទៅផ្លូវជាតិលេខ៦០B ដែលនឹងត្រូវសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គប្រវែង ១៧៦១ម៉ែត្រ ដែលត្រើយខាងកើតស្ថិតត្រង់ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិចត្រង់ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ និងមានផ្លូវតភ្ជាប់ទៅក្រុងក្រចេះមានប្រវែងប្រមាណ ៣១,៦៩គីឡូម៉ែត្រ។

គម្រោងនេះនឹងអនុវត្តការសាងសង់ដោយក្រុមហ៊ុនសំណង់ សៀងហៃ ដែលគ្រោងនឹងចំណាយពេលវេលាប្រមាណ ៤២ខែ ដើម្បីបញ្ចប់ការសាងសង់ឱ្យរួចរាល់។ ស្ពានឆ្លងទន្លេមេគង្គ និងផ្លូវតភ្ជាប់នេះជាផ្នែកមួយនៃផ្លូវជាតិលេខ៦០B តភ្ជាប់ពីខេត្តក្រចេះ ទៅខេត្តកំពង់ធំ ព្រមទាំងដើរតួជាប្រព័ន្ធដឹកជញ្ជូនដ៏សំខាន់រវាងផ្លូវជាតិលេខ៦ លេខ៧ លេខ៧១ និងលេខ៧៣ ដែលបន្ទាប់ពីសាងសង់រួចនឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ តាមរយៈការសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងការដឹកជញ្ជូនទំនិញ ឬកសិផលគ្រប់ប្រភេទបានកាន់តែលឿនទៅកាន់ទីផ្សារ៕