កំពត៖ គិតត្រឹមខែមេសា ឆ្នាំ២០២៤នេះ គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ សម្រេចវឌ្ឍនភាពការងារបាន៦២ % ហើយ។ នេះ បើតាមការចុះពិនិត្យគម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ ដើម្បីធានាការសាងសង់ត្រឹមត្រូវតាមលក្ខណៈបទដ្ឋានបច្ចេកទេស និងសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤។
លោក ប៊ុន សុផាត អនុប្រធានគ្រប់គ្រងសម្របសម្រួលគម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ បាន ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទូទៅ បច្ចេកទេស និងវឌ្ឍនភាពការងារសាងសង់ និងចុះពិនិត្យដំណើរការផលិត នៃរោងចក្រផលិតបេតុងកៅស៊ូ AC (Asphalt Concrete) ដោយមានការចូលរួមពីមន្ត្រីជំនាញនៃអង្គភាពពាក់ព័ន្ធ និងក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) និងតំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ាងអាន ផងដែរ។
ការចុះត្រួតពិនិត្យនេះធ្វើឡើងក្នុងគោលបំណងពិនិត្យមើលស្ថានភាពសាងសង់ និងត្រួតពិនិត្យលើការងារបច្ចេកទេសសាងសង់ ចាប់ពីរង្វង់មូលធូរេន ទីរួមខេត្តកំពត ដល់ច្រកលក(ព្រំដែនកម្ពុជា-វៀតណាម) ក្នុងនោះមានទីតាំងដូចជា ៖ ចំណុចចាក់បេតុងក្នុងក្រុងកំពត គីឡូម៉ែត្រ ០០.៣០ ពិនិត្យលើផ្លូវថ្មើជើង (Side Walk) ពិនិត្យចំណុចស្នើសុំប្រឡាយសងខាង របស់សាលាស្រុកទឹកឈូ ទីតាំងសាងសង់ស្ពានក្បាលរមាសថ្មី ចំណុចសម្រួលចរាចរណ៍នៅរង្វង់មូលសេះស ការដាក់លូនៅទីប្រជុំជនផ្សារកំពង់ត្រាច រួចបន្តចុះរហូតដល់ចំណុចបញ្ចប់គម្រោង គឺច្រកព្រំដែនលកតែម្តង។
ម្យាងវិញទៀតការចុះត្រួតពិនិត្យនេះ គឺក្នុងន័យធ្វើយ៉ាងណាកុំឱ្យមានផលប៉ះពាល់ដល់ផ្លូវថ្នល់ និងអាចធានាឱ្យបានថាគម្រោងផ្លូវជាតិលេខ៣៣ អនុវត្តទៅតាមលក្ខណៈបទដ្ឋានត្រឹមត្រូវ ប្រកបដោយគុណភាព និងអាចប្រើប្រាស់បានយូរអង្វែង។
នាឱកាសនោះ លោក ប៊ុន សុផាត បានធ្វើការណែនាំដល់ក្រុមហ៊ុនសាងសង់ឱ្យបន្ថែមការយកចិត្តទុកដាក់លើការងារស្រោចទឹក លុបជង្ហុក និងត្រូវគិតគូរឱ្យបានហ្មត់ចត់ពីសុវត្ថិភាពនៅតាមការដ្ឋាន ដោយដាក់ផ្លាកសញ្ញាផ្តល់ដំណឹង ផ្លាកសញ្ញាបញ្ជៀសចរាចរណ៍ ប្រើប្រាស់សម្លៀកបំពាក់ និងឧបករណ៍ការពារសុវត្ថិភាពឱ្យបានត្រឹមត្រូវ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនរបស់បងប្អូនប្រជាពលរដ្ឋ។
គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ ត្រូវបានប្រកាសបើកការដ្ឋានជាផ្លូវការ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ អតីត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
គម្រោងនេះមានប្រវែងប្រមាណ ៥២,៥៧ គីឡូម៉ែត្រ តភ្ជាប់ពីខេត្តកំពត (បំបែកពីផ្លូវជាតិលេខ៣ ត្រង់ចំណុចគ.ម១៤៨+១០០) ទៅកាន់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម) ឆ្លងកាត់ភូមិសាស្រ្ត ស្រុកទឹកឈូ និងស្រុកកំពង់ត្រាច នៃខេត្តកំពត ហើយឆ្លងកាត់ភូមិសាស្រ្ត ក្រុងកែប និងស្រុកដំណាក់ចង្អើរ នៃខេត្តកែប គ្រប់គ្រងដោយ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិការបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ៕