ព្រះមហាក្សត្រជំរុញឱ្យព្រឹទ្ធសភានីតិកាលទី៥ ត្រូវបន្តរួមចំណែកឱ្យកាន់តែសកម្មថែមទៀត ក្នុងការពូនជ្រំប្រជាធិបតេយ្យភាវូបនីយកម្មសង្គមថ្នាក់ជាតិ និង ថ្នាក់មូលដ្ឋាន

ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាបានជំរុញឱ្យព្រឹទ្ធសភានីតិកាលទី ៤ ក្នុងនាមឈរលើអត្តសញ្ញាណជាតំណាងក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវបន្តរួម ចំណែកឱ្យកាន់តែសកម្មថែមទៀត ក្នុងការពូនជ្រំប្រជាធិបតេយ្យភាវូបនីយកម្មសង្គមថ្នាក់ជាតិ និង ថ្នាក់មូលដ្ឋាន ដើម្បីឱ្យមានការបែងចែកមុខងារ ធនធាននិងការទទួលខុសត្រូវច្បាស់លាស់រវាងថ្នាក់ ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍដោយចីរភាពនិងបរិយាបន្ន ។

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានជំរុញបែបនេះ ក្នុងឱកាសទ្រង់យាង បើកសម័យប្រជុំដំបូងនីតិកាលទី៥ នៃព្រឹទ្ធសភា ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤។

ព្រះករុណា ទ្រង់បន្ថែមថាទន្ទឹមនេះ ព្រឹទ្ធសភាត្រូវការពារផលប្រយោជន៍ទូទៅ និងយុត្តិធម៌សង្គម ដើម្បីសមធម៌សង្គម ការគោរពសិទ្ធិសេរីភាព ជំនឿ សេចក្តីថ្លៃថ្នូរ សម្រាប់ប្រជា រាស្ត្រគ្រប់រូប និងលើកកម្ពស់គុណភាពនៃជីវិតរស់នៅឱ្យកាន់តែប្រសើរឡើង ដោយធានាបាននូវ សុភមង្គល ភាពសុខដុមរមនាយូរអង្វែង ទាំងនៅក្នុងគ្រួសារ សហគមន៍ និងក្នុងសង្គមជាតិយើង ទាំងមូល ។

បើតាមព្រះរាជសុន្ទរកថា របស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នាឆ្នាំ២០២៣កន្លងទៅនេះ រដ្ឋសភានីតិកាលទី៧ បានបើកនីតិកាលថ្មី និងកំពុងបន្តការងារ របស់ខ្លួនដោយស្មារតីទទួលខុសត្រូវខ្ពស់ ព្រមគ្នាជាមួយនឹងរាជរដ្ឋាភិបាលបន្តវេនថ្មី ដែលបាននឹង កំពុងដំណើរការក្នុងជំហានដ៏ស្វាហាប់ មានឆន្ទៈមោះមុតពិតប្រាកដ និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបម្រើប្រទេសជាតិ និងប្រជារាស្ត្រ ។

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី សង្កត់ទៀតថា ខ្មែរគឺជាប្រជាជាតិមួយដែលមានអរិយធម៌ដ៏ថ្លៃថ្លា ថ្កុំថ្កើងរុងរឿង ហើយលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សរបស់យើងត្រូវបានអនុវត្តប្រកបដោយវិចារណញ្ញាណ ក្នុងស្មារតីបង្រួបបង្រួមផ្សះផ្សាជាតិ និងបម្រើនូវឧត្តមប្រយោជន៍ជាតិពិតប្រាកដ ។ ក្នុងន័យនេះ ការថែរក្សាការពារសន្តិភាព និងស្ថិរភាព ជាលក្ខខណ្ឌសកល និងជាបរិយាកាសចម្បងដែលមិនអាចខ្វះបានសម្រាប់ធានាដល់ដំណើរជីវិតជាប្រក្រតី និងការរីកចម្រើនជឿនលឿនរបស់ប្រទេសជាតិ គ្រប់ផ្នែក គ្រប់វិស័យ រួមទាំងការផ្តល់ឱកាសដល់ ការកែលម្អ ឬកែទម្រង់រចនាសម្ព័ន្ធ និងអភិបាលកិច្ចឱ្យកាន់តែប្រសើរឡើងថែមទៀត ដើម្បីជា ប្រយោជន៍ដល់ការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ច ប្រកបដោយភាពធន់រឹងមាំយូរអង្វែង ។

ក្នុងស្មារតីនេះ ព្រះអង្គបានស្នើដល់ សមាជិក សមាជិកាព្រឹទ្ធសភា ខិតខំបំពេញការងារ ប្រកាន់ខ្ជាប់នូវវិន័យ និងក្រមសីលធម៌របស់ព្រឹទ្ធសភា គោរពរដ្ឋធម្មនុញ្ញ ច្បាប់ និងបទបញ្ជាផ្ទៃក្នុងឱ្យបានខ្ជាប់ខ្ជួន ព្រមទាំងមានគណនេយ្យភាព និងការទទួលខុសត្រូវខ្ពស់ក្នុងការ សម្រេចនូវមុខងារភារកិច្ចរបស់ខ្លួន ដើម្បីផ្តល់ទំនុកចិត្ត និងភាពកក់ក្តៅដល់ប្រជារាស្ត្រយើង ។

ព្រះអង្គមានបន្ទូលថា៖«នៅក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ ខ្ញុំសូមប្រសិទ្ធពរ សូមព្រឹទ្ធសភានីតិកាលទី៥ ដំណើរការកាន់ តែល្អប្រសើរ មានតម្លាភាព និងគណនេយ្យភាពក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានស័ក្តិសម ប្រកបដោយភាពខ្ពង់ខ្ពស់ ដើម្បីទទួលបានជោគជ័យថ្មីៗថែមទៀតក្នុងបេសកកម្មរបស់ខ្លួន ជាឧត្តម ប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជារាស្ត្រទាំងមូល »។

សូមអានព្រះរាជសុន្ទរកថាខាងក្រោម៖