ខេត្តជាប់មាត់សមុទ្រទាំង៤ របស់កម្ពុជាត្រូវបានរាជរដ្ឋាភិបាលកំណត់យកជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា

កំពត៖ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល នៅថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៤ បើកកិច្ចប្រជុំ ពិភាក្សាលើ“សេចក្តីព្រាងរបាយការណ៍ផែនការមេអភិវឌ្ឍបណ្តាខេត្តជាប់ឆ្នេរសមុទ្ររបស់កម្ពុជា (ខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកោះកុង) ទៅជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងទាក់ទាញធុរកិច្ច ។

រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២៤ បញ្ជាក់ថា កិច្ចប្រជុំនេះ ត្រូវបានរៀបចំធ្វើនៅថ្ងៃទី ១ខែមេសា ឆ្នាំ ២០២៤ ដឹកនាំដោយ លោក ផាន់ ផល្លា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន ក.ប.ស.ផ. ដោយមានការចូលរួមពីវិទ្យាស្ថាន ​នគររូបនីយកម្ម និងឌីសាញសិនជិន (UPDIS) និងតំណាង​ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ចំនួន ២៧ ជាពិសេសគណៈអភិបាល តំណាងមន្ទីរសំខាន់ៗរបស់ខេត្តជាប់ឆ្នេរសមុទ្រទាំងបួន។

បើតាមប្រភពដដែល  គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យ និងផ្តល់មតិយោបល់បច្ចេកទេសកម្រិតម៉ាក្រូ លើខ្លឹមសាររបាយការណ៍នៃផែនការមេអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដោយបន្ស៊ីគ្នាជាមួយសក្តានុពលនៃបណ្តាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជាទាំង៤ ឱ្យទៅជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា។​

ជាលទ្ធផល, អង្គប្រជុំ​បានពិភាក្សា និងផ្តល់មតិលើខ្លឹមសារសំខាន់​ៗ ក្នុងន័យបំពេញបន្ថែម លើផ្នែកទិន្នន័យពាក់ព័ន្ធ និងទិសដៅអភិវឌ្ឍន៍ ឱ្យមានភាពបន្ស៊ីគ្នាកាន់តែខ្លាំងទាំងកម្រិតគោលនយោបាយជាតិ និងការអភិវឌ្ឍថ្នាក់ក្រោមជាតិ ។​ ក្រុមការងារលេខាធិការដ្ឋាន​ ក.ប.ស.ផ.​ នឹងបូកសរុបមតិយោបល់ទាំងនេះ និងកែសម្រួលរបាយការណនេះ ក្នុងគោលបំណង ដាក់ជូនគណៈកម្មការអន្តរក្រសួងសម្របសម្រួលផែនការមេដើម្បីពិនិត្យ និងផ្ដល់មតិយោបល់បន្ថែម ​មុនដាក់ជូន រាជរដ្ឋាភិបាលអនុម័តនាពេលឆាប់ៗខាងមុខ។

ការរៀបបំសេចក្តីព្រាងនេះ ត្រូវបានគេដឹងថា ឆ្លើយតបទៅនឹង ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន ម៉ាណែត ដែលបានស្នើឡើងនៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ប្រមាណ១៥,១៩៤នាក់នៅ តំបន់សេដ្ឋកិច្ចពិសេស ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុកាលពី ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

នាឱកាសនោះ សម្ដេច ហ៊ុន ម៉ាណែត បានបញ្ជាក់ថា “យើងកំពុងធ្វើផែនការមេ ដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុ និងខេត្តជាប់សមុទ្រ”។ សម្តេចបន្ថែមថា “ខ្ញុំឲ្យមានការគិតគូររួម កុំឲ្យគិតគូរដាច់ដោយដុំ ត្រូវគិតគូរជាកញ្ចប់ជាមាត្រដ្ឋាន។ បើយើងគិតតែខេត្តព្រះសីហនុ យកខេត្តបីទៀត ជាគូរប្រជែងយើងអត់យកសក្ដានុពលបានទេ។ យើងត្រូវយកខេត្ត៤របស់យើង (ជាប់សមុទ្រ) ប្រកួតប្រជែងជាមួយប្រទេសផ្សេងៗ»។

ជាមួយគ្នានេះ សម្ដេច នាយករដ្ឋមន្ដ្រី បានណែនាំឲ្យរៀបចំ និងពិនិត្យគិតគូរអំពីកំពង់សមុទ្រ ដែលកំពុងមានចំនួន៤ ក្នុងនោះខេត្តព្រះសីហនុ មួយ, ខេត្តកំពត ពីរ និងខេត្តកោះកុងមួយ ដោយត្រូវធ្វើយ៉ាងណាឲ្យប្រទាក់ក្រឡាគ្នា តែមិនប្រកួតប្រជែងគ្នានោះទេ ហើយមានគោលដៅរួមដូចគ្នា គឺប្រកួតប្រជែងជាមួយប្រទេសជិតខាង។ក្នុងនោះ ត្រូវបែងចែកគ្នាឲ្យច្បាស់ថា កំពង់ផែណាសម្រាប់ទេសចរណ៍ និងកំពង់ផែណាសម្រាប់ទំនិញ។

សម្ដេច ហ៊ុន ម៉ាណែត បានបន្ថែមថា ខេត្តជាប់សមុទ្រទាំង៤របស់កម្ពុជា សុទ្ធតែមានសក្ដានុពលទេសចរណ៍ទាំងអស់ ដោយត្រូវដាក់ចេញទិសដៅវិនិយោគឲ្យចំទិសដៅ។ ឧទាហរណ៍ ខេត្តព្រះសីហនុ មានតំបន់កោះច្រើន ត្រូវវិនិយោគទៅលើកោះ ខេត្តកំពត មានធនធានធម្មជាតិច្រើន ត្រូវវិនិយោគឲ្យចំអ្វីដែលមាន៕