ក្រសួងមហាផ្ទៃសម្រេចឱ្យបង្កើតគណបក្ស «ដើម្បីកម្ពុជា» របស់លោក ឯមសុខ សុវណ្ណ ក្រោយបដិសេធពីរលើក

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានធ្វើការសម្រេចឱ្យបង្កើត គណបក្ស «ដើម្បីកម្ពុជា» ដែលសរសេរជាអក្សរកាត់ថា (គ.ដ.ក) ដែលមាន លោក ឯមសុខ សុវណ្ណ ជាតំណាងស្ថាបនិក របស់គណបក្សនេះ ដោយមានអាសយដ្ឋាននៃទីស្នាក់ការកណ្ដាលនៅផ្ទះលេខ A៥ ផ្លូវបេតុង ភូមិព្រៃល្ង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ  ក្រោយបដិសេធចំនួនពីរលើក។

យោងតាមលិខិតរបស់ក្រសួងមហាផ្ទៃ ដែលចុះហត្ថលេខាដោយលោក ស សុខា ដែលជារដ្ឋមន្ត្រី បានឱ្យដឹងថា «សូមជម្រាបជូនលោកតំណាងស្ថាបនិកគណបក្សថា ផ្អែកតាមបញ្ញត្តិមាត្រា៩ នៃច្បាប់ស្តីពីគណបក្សនយោបាយ ក្រសួងមហាផ្ទៃសម្រេចអនុញ្ញាតឱ្យបង្កើត គណបក្ស «ដើម្បីកម្ពុជា» ដែលសរសេរជាអក្សរកាត់ថា (គ.ដ.ក) ដោយមានអាសយដ្ឋាននៃទីស្នាក់ការកណ្ដាលនៅផ្ទះលេខ A៥ ផ្លូវបេតុង ភូមិព្រៃល្ង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ»។

លិខិតបញ្ជាក់ថា ប៉ុន្តែ ក្រសួងមហាផ្ទៃ ស្នើឱ្យ តំណាងស្ថាបនិកគណបក្ស ត្រូវរៀបចំនូវសញ្ញាសម្គាល់របស់គណបក្សឡើងវិញ ដោយអនុលោមតាមការកំណត់ ក្នុងបញ្ញត្តិមាត្រា១១ថ្មី ត្រង់កថាខណ្ឌទី៣ នៃច្បាប់ស្តីពីគណបក្សនយោបាយ រួចហើយត្រូវផ្ញើជូនមកក្រសួងមហាផ្ទៃ ជាកំណត់។

លិខិតសង្កត់ធ្ងន់ថា ក្នុងន័យនេះ ដើម្បីទទួលបានសុពលភាព និងអាចធ្វើសកម្មភាពបានដោយស្របច្បាប់ក្នុងឋានៈ ជានីតិបុគ្គលនៅក្នុងរយៈពេល១៨០(មួយរយប៉ែតសិប)ថ្ងៃបន្ទាប់ពីបានបង្កើតរួចហើយ គណបក្ស «ដើម្បីកម្ពុជា» ត្រូវរៀបចំបែបបទ និងបំពេញលក្ខខណ្ឌស្នើសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃស្របតាមកថាខណ្ឌទី២ នៃមាត្រា៩ មាត្រា១៨ថ្មី មាត្រា១៩ថ្មី និងមាត្រា២០ នៃច្បាប់ស្តីពីគណបក្សនយោបាយ។

លិខិតដដែលបន្ថែមថា អាស្រ័យហេតុនេះ សូមតំណាងស្ថាបនិកគណបក្ស ជ្រាបជាព័ត៌មាន និងចាត់ចែងអនុវត្តតាម ខ្លឹមសារខាងលើ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

លោក ឯមសុខ សុវណ្ណ ដែលជាតំណាងស្ថាបនិក បានសរសេរនៅលើទំព័រហ្វេសបុករបស់លោកថា បីលេីក ទេីបក្រសួងមហាផ្ទៃ សម្រេចឱ្យបង្កេីតគណបក្សនយោបាយដោយលើកទី ១ គណបក្សអាយ៉ងខ្មែរ ត្រូវបានបដិសេធ  លើកទី២ គណបក្សខ្ញុំបម្រេីខ្មែរ ក៏ត្រូវបដិសេធ និងលើកទី ៣ គណបក្សដេីម្បីកម្ពុជា ទើបសម្រេច ឱ្យបង្កេីត៕