កោះកុង៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានប្រកាសផ្ដល់ថវិកាចំនួន៤លានរៀល ដល់អ្នក ដែលបានផ្ដល់ព័ត៌មាន ពីអត្តសញ្ញាណ ជនដែលបានប្រព្រឹត្តអំពើអមនុស្សធម៌ ដោយបានយកដំបង ទៅវាយសំពងក្បាលកូនឈ្លូស ដែលកំពុងហែលទឹកមកទីទួលសុវត្ថិភាព រហូតដល់បាត់បង់ជីវិត នៅចំណុច ឆ្នេរកុកហាវ ភូមិពាមកាយ ឃុំកោះស្ដេច កាលពីពេលថ្មីៗនេះ។
តាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣នេះ លោកស្រី មិថុនា ភូថងបានថ្លែងថា សូមជ្រាបជូនដំណឹងដល់សាធារណជនទាំងអស់មេត្តាជ្រាបថា ពាក់ព័ន្ធករណីជនដែលបានប្រព្រឹត្តអំពើមិនគម្បី ខ្វះសីលធម៌ អគតិធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សង្គមគួរឱ្យស្អប់ខ្ពើមបំផុត បានយកដំបងជ្រុងវាសំពងក្បាលកូនឈ្លូសដែលកំពុងហែលទឹកទៅរកដីគោក បណ្តាលឱ្យស្លាប់បាត់បង់ជីវិតនៅហ្នឹងកន្លែង។
លោកស្រីបន្តថា «ពាក់ព័ន្ធករណីខាងលើ ខ្ញុំសូមលើកទឹកចិត្តជាថវិកាចំនួន ៤,០០០,០០០រៀល (បួនលានរៀល) ដល់អ្នកដែលបានផ្តល់ព័ត៌មាន អត្តសញ្ញាណ របស់ជនដែលបានប្រព្រឹត្តអំពើអមនុស្សធម៌ នូវភិនភាគរូបរាង ដូចដែលមាននៅក្នុងវីដេអូនេះ។ ចំពោះអ្នកដែលបានផ្តល់ព័ត៌មាននេះ យើងខ្ញុំនឹងរក្សាទុកជាការសម្ងាត់»។
លោកស្រី អភិបាលខេត្ត សង្កត់ធ្ងន់ថា អាស្រ័យហេតុនេះ សូមសាធារណជន ជាពិសេសអ្នកដែលបាននៅក្នុងហេតុការណ៍នោះ មេត្តាចូលរួមជាមួយអាជ្ញាធរមានសម្ថកិច្ច ដើម្បីឈានទៅរកចាប់ខ្លួនជននោះ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ដោយគ្មានការលើកលែងឡើយ៕