ភ្នំពេញ៖ អាជ្ញាបណ្ណអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទ និងសមាគមអ្នកសារព័ត៌មាន ដែលបានចុះបញ្ជីរួចរាល់ហើយ តែមិនបានដំណើរការ ក្នុងរយៈពេល១ឆ្នាំ នឹងត្រូវលុបចេញវិញ ដោយរាជរដ្ឋាភិបាលបានឯកភាពតាមក្រសួងព័ត៌រួចរាល់ហើយ ក្នុងការធ្វើកិច្ចការងារមួយនេះ។
យោងតាមលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ដ្រី កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថាដោយឡែក សម្រាប់ស្ថានីយទូរទស្សន៍ គ្រប់ប្រភេទទុកលទ្ធភាពជូនក្នុងរយៈពេល៣ឆ្នាំ ដោយសារប្រើទុនវិនិយោគច្រើន និងត្រូវសិក្សារយៈពេលយូរ។
លិខិត បានបញ្ជាក់ថា រាជរដ្ឋាភិបាលឯកភាពជាគោលការណ៍ជូនក្រសួងព័ត៌មានដោយណែនាំឱ្យម្ចាស់អង្គភាពអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយទាំងអស់ដែលកំពុងដំណើរការផ្សាយដោយគ្មាន អាជ្ញាបណ្ណ ត្រូវមកសុំច្បាប់អនុញ្ញាតប្រកបអាជីវកម្មពីក្រសួងព័ត៌មានដោយទុករយៈពេល៣ខែ។ ផុតរយៈពេលកំណត់ បុគ្គលណាដែលធ្វើអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយដោយគ្មានច្បាប់អនុញ្ញាត ត្រូវប្រឈមចំពោះមុខច្បាប់។
លិខិតបានសង្កត់ធ្ងន់ថា ចំណែកឯអង្គភាពប្រព័ន្ធផ្សព្វផ្សាយទាំងអស់ត្រូវគោរព និងអនុវត្តតាមច្បាប់ស្តីពី «របបសារព័ត៌មាន និង ក្រមសីលធម៌ វិជ្ជាជីវៈ» ដើម្បីពង្រឹងគុណភាពនៃការផ្សព្វផ្សាយ។
លិខិតបន្ថែមថា ចំពោះករណីម្ចាស់អង្គភាពប្រព័ន្ធផ្សព្វផ្សាយណាបំពានវិជ្ជាជីវៈ មិនព្រមអនុវត្តតាមការណែនាំ ក្រសួងព័ត៌មានត្រូវដកហូតអាជ្ញាបណ្ណ បញ្ឈប់ការធ្វើអាជីវកម្មជាស្ថាពរផងដែរ៕