ភ្នំពេញ៖ លោក សេដ្ឋា ថាវីស៊ីន (Srettha THAVISIN) នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ នឹងអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា។ នេះ បើតាម លោក ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិថ្លែងនៅក្នុងកិច្ចប្រជុំដើម្បីត្រៀមលក្ខណៈទទួលនាយករដ្ឋមន្ត្រីថៃថ្មីរូបនេះ នៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៣។
សម្រាប់កម្មវិធីបំពេញទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូថៃ នឹង អញ្ជើញចូលរួមពិធីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងពិធីថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា “ព្រះបរមរតនកោដ្ឋ” ។ គណៈប្រតិភូនឹងអញ្ជើញក្នុងជំនួបទ្វេភាគីជាមួយ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ពិធីជប់លៀងផ្លូវការ រៀបចំដោយ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
គណៈប្រតិភូនឹងមានជំនួបសម្ដែងការគួរសម សម្ដេច ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។ គណៈប្រតិភូនឹងអញ្ជើញក្នុងជំនួបសម្ដែងការគួរសម សម្ដេច សាយ ឈុំ ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា។
គណៈប្រតិភូនឹងអញ្ជើញក្នុងជំនួបសម្ដែងការគួរសម សម្ដេច ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ គណៈប្រតិភូនិងអញ្ជើញក្នុងពិធីអាហារស្វាគមន៍រៀបចំដោយ សម្ដេចអគ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ដំណើរទស្សនកិច្ចផ្លូវការរបស់លោក សេដ្ឋា ថាវីស៊ីន (Srettha THAVISIN) នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ ធ្វើឡើងបន្ទាប់ពីបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីនៃព្រះរាជាណាចក្រថៃ ពិសេសក្នុងការលើកកម្ពស់ និងពង្រឹងនូវទំនាក់ទំនងល្អប្រពៃណីដែលមានស្រាប់ និងភាពជាដៃគូយុទ្ធសាស្ត្រព្រមទាំងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងថៃ ទាំងក្នុងក្របខណ្ឌទ្វេរភាគី និងពហុភាគីសម្រាប់ប្រយោជន៍ទៅវិញទៅមកនៃប្រទេស និងប្រជាជនទាំងពីរ៕