ភ្នំពេញ៖ ក្នុងឆ្នាំ២០២៣នេះ រំហូរវិនិយោគផ្ទាល់ពីបរទេស មានកំណើនខ្ពស់ក្នុងអត្រាប្រមាណ៤១,៦% សម្រាប់ឆមាសទីមួយ ឆ្នាំ២០២៣ ធៀបនឹង០,៤% ឆ្នាំ២០២២ បើទោះបីស្ថានភាពហិរញ្ញវត្ថុសកល មានការរឹតបន្តឹងយ៉ាងណាក្ដី។
នេះ បើតាមរបាយការណ៍ស្តីពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា និងទិសដៅគោលនយោបាយសំខាន់ៗដែលបានបង្ហាញនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៣ ។ កិច្ចប្រជុំនេះដឹងកនាំដោយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ។
របាយការណ៍នេះ បន្ថែមថា ជាមួយគ្នានេះ វិស័យកសិកម្ម ត្រូវបានវាយតម្លៃថាសម្រេចបានក៏ណើន ០,៩% ដូចការរំពឹងទុក។ ចំពោះអនុវិស័យសណ្ឋាគារនិងភោជនីយដ្ឋាន ត្រូវបានវាយតម្លៃថា ងើបឡើងវិញលឿន ក្នុងអត្រា៤១,៥%។
ចំពោះអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ ត្រូវបាន ប៉ាន់ស្មានថានឹងមានកំណើនរឹងមាំ ក្នុងអត្រាប្រមាណ១១,៧% ដូចការរំពឹងទុក ដែលគាំទ្រភាគច្រើន ដោយការនាំចេញបន្ទះសូឡា ជាពិសេស ទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ស្របពេលដែលរ៉ហូរន ការវិនិយោគផ្ទាល់ពីបរទេសក្នុងអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ មានការកើនឡើងយ៉ាងគំហុក ក្នុងអត្រា១៧២%៕