ភ្នំពេញ៖ តបការសម្រេចរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជានៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២២៣ ក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៣ នេះ បាន សម្រេច បញ្ចុះ ថ្លៃអគ្គិសនីចំពោះអ្នកប្រើប្រាស់ប្រភេទឧស្សាហកម្ម និងកសិកម្ម លើសពីមធ្យមភាគប្រចាំខែនៃការប្រើប្រាស់ ៦ ខែ ចុងក្រោយទៅតាមលក្ខខណ្ឌ។
សេចក្តីជូនដំណឹងរបស់ក្រសួងរ៉ែង និងថាមពលនៅថ្ងៃទី ២០ ខែកញ្ញា ឱ្យដឹងថា ក្នុងគោលដៅជម្រុញការពង្រីកផលិតកម្មរោងចក្រ និងសហគ្រាស ផ្នែកឧស្សាហកម្ម និងផ្នែកកសិកម្ម ដើម្បីបង្កើតការងារ និងប្រាក់ចំណូលជូនប្រជាពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសម្រេច ឱ្យក្រសួងរ៉ែ និងថាមពល អគ្គិសនីកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា ធ្វើការបញ្ចុះថ្លៃអគ្គិសនីចំពោះបរិមាណអគ្គិសនី ដែលអ្នកប្រើប្រាស់ប្រភេទឧស្សាហកម្ម និងកសិកម្ម ភ្ជាប់ពីបណ្តាញតង់ស្យុងមធ្យម និងតង់ស្យុងខ្ពស់ ក្នុងក្របខណ្ឌទូទាំងប្រទេស ដែលរួមមានអ្នកប្រើប្រាស់អគ្គិសនីតាមអត្រាថ្លៃមធ្យម អ្នកប្រើប្រាស់អគ្គិសនីតាម ពេលវេលានិងអានុភាពនិងអ្នកប្រើប្រាស់អគ្គិសនីដែលមានដំឡើងប្រព័ន្ធពន្លឺព្រះអាទិត្យដែលភ្ជាប់ជាមួយបណ្ដាញជាតិ បានប្រើប្រាស់លើសពីមធ្យមភាគប្រចាំខែនៃការប្រើប្រាស់ ៦ ខែ ចុងក្រោយទៅតាមលក្ខខណ្ឌដូចខាងក្រោម៖
បញ្ចុះអត្រាថ្លៃចំនួន ១០% សម្រាប់បរិមាណថាមពលដែលប្រើប្រាស់លើសមធ្យមភាគប្រចាំខែ ពីថ្ងៃចន្ទ ដល់ថៃ្ងសៅរ៍ ចន្លោះម៉ោងពី ៧ ព្រឹក ដល់ម៉ោង ៩ យប់, បញ្ចុះអត្រាថ្លៃចំនួន ២០% សម្រាប់បរិមាណថាមពលដែលប្រើប្រាស់លើសមធ្យមភាគប្រចាំខែ ពីថ្ងៃចន្ទ ដល់ថៃ្ងសៅរ៍ ចន្លោះម៉ោងពី ៩ យប់ ដល់ម៉ោង ៧ ព្រឹក និង ២៤ ម៉ោង សម្រាប់ថ្ងៃអាទិត្យ និងថ្ងៃបុណ្យជាតិ, រយៈពេលអនុគ្រោះផ្លែដើម្បីលើកទឹកចិត្តឱ្យបង្កើនការប្រើប្រាស់ខាងលើ មានរយៈពេល ៣ ខែ ចាប់ពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២៣ និងអាចពិនិត្យបន្តតាមរយៈការជូនដំណឹងមុន៣០ថ្ងៃតាមលទ្ធភាព ជាក់ស្តែងរបស់អគ្គិសនីកម្ពុជា។
អតិថិជនអ្នកប្រើប្រាស់អគ្គិសនីប្រភេទឧស្សាហកម្ម និងកសិកម្ម ភ្ជាប់ពីបណ្តាញតង់ស្យុងមធ្យម និង តង់ស្យុងខ្ពស់ ដែលយល់ថាខ្លួនមានលទ្ធភាពបង្កើនការប្រើប្រាស់ និងមានបំណងទទួលបានការអនុគ្រោះ ថ្ងៃនេះ ត្រូវធ្វើការដាក់ពាក្យស្នើសុំទៅអ្នកផ្គត់ផ្គង់អគ្គិសនីក្នុងតំបន់របស់ខ្លួន។
ការផ្តល់ថ្លៃអនុគ្រោះនេះ មិនសំដៅទៅលើស្ថាប័នរដ្ឋ ផ្នែកពាណិជ្ជកម្ម និងលំនៅឋាននោះទេ ដោយអ្នក ប្រើប្រាស់ក្នុងជំពូកនេះ កំពុងត្រូវបានអគ្គិសនីកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ជួយឧបត្ថម្ភធនរួចហើយ៕