តាកែវ៖ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា ប្រមុខរាជរដ្ឋាភិបាលនឹងបន្តខិតខំប្រឹងប្រែង ទាក់ទាញអ្នកវិនិយោគិនទាំងក្នុងស្រុក និងក្រៅប្រទេស ហៅថាទាក់ម៉ូយ ដើម្បីឱ្យមកបណ្តាកទុនវិនិយោគ និងទិញផលិតផលកម្ពុជា។
សម្តេច ហ៊ុន ម៉ាណែត ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី និងនិយោជិត ប្រមាណជិត ២ម៉ឺននាក់ ក្នុងស្រុកបាទី ខេត្តតាកែវ។
សម្តេច ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា ការខិតខំប្រឹងទាក់ម៉ូយនេះ មិនមែនត្រឹមតែក្នុងប្រទេសកម្ពុជាទេ គឺប្រឹងដល់ក្រៅប្រទេសផ្សេងៗទៀត ដោយក្នុងរយៈពេលប៉ុន្មានថ្ងៃមុនទាក់ម៉ូយ នៅចិនជួបក្រុមអ្នកវិនិយោគជាច្រើន។
ជាមួយគ្នានេះ សម្តេចជំរុញដល់អភិបាលរាជធានី-ខេត្ត ទាំងអស់នាំគ្នាខិតខំប្រឹងប្រែងទាក់ម៉ូយដែរ ដើម្បីអភិវឌ្ឍខេត្តរបស់ខ្លួនឱ្យកាន់តែរីកចម្រើនថែមទៀត។
ទន្ទឹមនោះ សម្តេច គ្រោងនឹងអញ្ជើញធ្វើដំណើរទៅចូលរួមសន្និបាតអង្គការសហប្រជាជាតិនៅចុងខែកញ្ញា នេះ ហើយពេលនោះ គ្រោងនឹងជួបអ្នកវិនិយោគ អាមេរិកផងដែរ។