ភ្នំពេញ៖ ក្រុមហ៊ុន Pricerite Group Limited មកពីទីក្រុងហុងកុងបានបង្ហាញពីការចាប់អារម្មណ៍នាំចេញអង្ករបន្ថែមពីប្រទេសកម្ពុជា ទៅកាន់ទីផ្សារហុងកុង ខណៈ ក្រុមហ៊ុន ក្រុមហ៊ុន Nishida Barley Processing Co., Ltd បង្ហាញពីបំណង ជំរុញការដាំដុះ «ដំណាំស្គួយ-Barley» នៅកម្ពុជា និងធ្វើការកែច្នៃនាំចេញទៅប្រទេសជប៉ុន។
ការបង្ហាញចំណាប់អារម្មណ៍ និងបងា្ហញពីបំណងរបស់ថ្នាក់ដឹកនាំក្រុមហ៊ុនទាំងពីរខាងលើនេះ ធ្វើឡើងក្នុងពេល លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២៣ ។
ក្នុងជំនួបនេះ លោក រដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ដែលក្រុមហ៊ុនមានគោលបំណងជំរុញការដាំដុះ «ដំណាំស្គួយ-Barley» នៅកម្ពុជា និងធ្វើការកែច្នៃនាំចេញទៅប្រទេសជប៉ុន និងបានណែនាំថា អាទិភាពនៃការអភិវឌ្ឍកសិកម្មនៅកម្ពុជា គឺជំរុញកសិផលដែលមានសក្តានុពល និងមានទីផ្សារស្រាប់ ដើម្បីធ្វើឱ្យកសិករមានប្រាក់ចំណូល និងមានជីវភាពល្អប្រសើរជាងមុន។
បើតាម លោក រដ្ឋមន្ត្រីវ័យក្មេង កម្ពុជាមានភាពខ្លាំងរបស់ខ្លួនលើដំណាក់កាលផលិតកម្មនិងការដាំដុះនៃច្រវាក់ផលិតកម្ម តែនៅត្រូវការចាំបាច់ច្រើននូវការវិនិយោគលើការកែច្នៃដែលមានតម្លៃបន្ថែមខ្ពស់ ជាពិសេសសម្រាប់ទីផ្សារនាំចេញ។ បើចង់ជំរុញឱ្យកសិករដាំដុះដំណាំប្រភេទថ្មី ចាប់យកទីផ្សារថ្មី បង្កើតច្រវាក់ផលិតកម្មថ្មី លុះត្រាតែក្រុមហ៊ុនអាចធានាឱ្យបាននូវនិរន្តរភាពនៃទីផ្សារធំទូលំទូលាយ និងអាចផ្តល់ប្រាក់ចំណេញយូរអង្វែង ទើបមានការចូលរួមពីកសិករ។ ទោះជាយ៉ាងណា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅតែផ្តល់ការសហការគាំទ្រ និងសិក្សាបន្តទៀតសម្រាប់ការវិនិយោគដំណាំកសិកម្មថ្មីៗនៅកម្ពុជា។
ក្នុងឱកាសជំនួបដាច់ដោយឡែក គណៈប្រតិភូក្រុមហ៊ុន Pricerite Group Limited មកពីទីក្រុងហុងកុង បង្ហាញពីការចាប់អារម្មណ៍ និងភាពចាំបាច់ក្នុងការស្វែងរកទីផ្សារអង្ករបន្ថែមពីប្រទេសផ្សេងៗ ដោយក្នុងនោះក៏មានកម្ពុជាផងដែរ ដោយសារវត្តមានរបស់អង្ករកម្ពុជានៅក្នុងទីក្រុងហុងកុងកំពុងត្រូវបានគេទទួលស្គាល់ថាជាអង្ករដែលមានគុណភាពល្អ មានរសជាតិឆ្ងាញ់ ព្រមទាំងជាអង្ករដែលបានឈ្នះពានរង្វាន់ដល់ទៅ៥ដងផងដែរ។
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា គោលជំហររបស់កម្ពុជា ក្នុងការនាំចេញអង្ករពីកម្ពុជា ផ្តោតទៅលើគុណភាព និងរសជាតិ ដែលមានតម្លៃខ្ពស់ទៅកាន់ទីផ្សារនៃប្រទេសហុងកុង ផ្តល់ប្រាក់ចំណេញច្រើនដល់អ្នកនាំចូល និងមិនផ្តោតលើប្រកួតប្រជែងតែខាងផ្នែកបរិមាណនោះទេ។
លោករដ្ឋមន្ត្រី ឌិត ទីណា បានលើកទឹកចិត្តឲ្យខាងក្រុមហ៊ុនជំរុញការនាំចូលអង្ករសែនក្រអូប និងផ្តារំដួល ដែលជាប្រភេទអង្ករយុទ្ធសាស្ត្ររបស់កម្ពុជា ដោយបង្កើនការផ្សព្វផ្សាយនិងភាពទាក់ទាញ ដើម្បីធ្វើទីផ្សារអង្ករកម្ពុជាមានតម្រូវការទូលំទូលាយពីអ្នកបរិភោគនៅហុងកុង ឈានទៅទទួលបានការគាំទ្រនៅលើទីផ្សារ និងមានម៉ាកសញ្ញាដែលបង្ហាញពីអត្តសញ្ញាណនៃអង្ករកម្ពុជាមួយពិតប្រាកដ។ ការងារនេះក៏នឹងត្រូវមានការចូលរួមសហការយ៉ាងជិតស្និទ្ធពីវិស័យឯកជននៅកម្ពុជាផងដែរ ដូចជាសហព័ន្ធស្រូវអង្ករជាដើម៕