ភ្នំពេញ៖ សម្រាប់អាណត្តិនៃរាជរដ្ឋាភិបាលថ្មីដឹកនាំដោយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា មាន គណបក្សនយោបាយចំនួន ៣០ ក្នុងចំណោមគណបក្សនយោបាយដែលបានចុះបញ្ជីបានត្រឹមត្រូវនៅក្រសួងមហាផ្ទៃជាង ៤០ ដាក់ពាក្យស្នើសុំចូលរួមជាសមាជិក ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។
លោក ឈឹម ផលវរុន ប្រធានលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានបង្ហាញសុទិដ្ឋិនិយមថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នៅក្នុងអាណត្តិទី ៧ នៃរាជរដ្ឋាភិបាលថ្មីនេះ នឹងអាចចេញជារូបរាង្គនៅក្នុងខែកញ្ញា ឆ្នាំ ២០២៣ នេះ ក៏ប៉ុន្តែអាស្រ័យទៅលើការត្រួតពិនិត្យទៅលើសំណុំឯកសាររបស់គណបក្សនយោបាយនីមួយៗ និងពេលវេលារបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ។
លោក ឈឹម ផលវរុន បញ្ជាក់ប្រាប់អង្គភាពសារព័ត៌មាន Khmer CM ថា ក្រោយបិទបញ្ចប់ទទួលពាក្យស្នើសុំចូលរួមជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ របស់គណបក្សនយោបាយ លេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានពិនិត្យលើសំណុំឯកសារបស់គណបក្សនយោបាយទាំងនោះរួចម្តង និងក៏បានបញ្ជូនទៅខុទ្ទការល័យរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រួចហើយ ដើម្បីពិនិត្យនឹងសម្រេច។
លោកបញ្ជាក់ថា « ពេលវេលាសម្រាប់វិនិច្ឆ័យ សម្រាប់គណបក្សនីមួយៗ ចំពោះលក្ខណៈសម្បត្តិជាសមាជិក គឺអាស្រ័យពេលវេលាសម្តេចនាយករដ្ឋមន្ត្រី ពីព្រោះ ៣០ គណបក្សមិនអាចធ្វើប្រញេបប្រញាប់បានទេ ។ ពេលវេលានាយករដ្ឋមន្ត្រីនៅក្នុងនីតិកាលចាប់ផ្តើមនេះ គឺរវល់មមាញឹក យើងក៏ពិបាកនឹងពេលវេលាណាស់ ។ គ្រាន់តែយើងសុទិដ្ឋនិយមថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់អាចនឹងបង្កើតបាននូវនៅក្នុងខែកញ្ញានេះ បើមិនអីចឹងទេ មានតែទៅខែ ១០ទៀត »។
ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា កាលពីថ្ងៃ២៦ សីហា ហើយទើបចេញផ្សាយជាសាធារណនាថ្ងៃ៣០ សីហា បានចេញព្រះរាជក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។
ព្រះរាជក្រឹត្យនេះ មានគោលដៅបង្កើត និងកំណត់អំពីការរៀបចំនិងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ក្នុងគោលបំណងលើកស្ទួយរបបនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស ដើម្បីប្រមូលធាតុចូលនៃទស្សនៈពហុគំនិតជាប្រយោជន៍ដល់ការស្ថាបនាជាតិ ។
សូមបញ្ជាក់ថា កាលពពីថ្ងៃ២៤ សីហា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថ្មី សម្តេច ហ៊ុន ម៉ាណែតបានបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ និងលោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្នស្នើព្រះរាជក្រឹត្យរៀបចំឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដោយត្រូវពង្រីកសមាសភាពចូលរួមឲ្យច្រើនជាងមុនថែមទៀត។
ឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ត្រូវបានព្រះមហាក្សត្របង្កើតឡើងក្នុងអាណត្តិទី៦ ។ ឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នេះ មានតួនាទីផ្តល់យោបល់ជូនរាជរដ្ឋាភិបាល ដើម្បីលើកស្ទួយប្រសិទ្ធភាពការងារ ក្នុងការបម្រើប្រជាជន និងការអភិវឌ្ឍសង្គម។ សម្រាប់ប្រតិភូចូលរួមក្នុងស្ថាប័ន មាន៣រូបពីខាងគណបក្សនីមួយៗដែលមិនទទួលបានអាសនៈក្នុងរដ្ឋសភា អាចទទួលបានឋានៈស្មើទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងរដ្ឋលេខាធិការ ។ សម្រាប់អាណត្តិទី៧នេះ នាយករដ្ឋមន្រ្តីថ្មីក៏បានផ្តល់ឱកាសឲ្យបក្សផ្សេងដែលមិនបានចូលបោះឆ្នោតក៏បានដាក់ពាក្យមកបានដែរ ៕