ភ្នំពេញ៖ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជបានប្រកាសបញ្ជាក់ពីជំហរ គោលនយោបាយការបរទេសរបស់កម្ពុជា ជាមួយប្រទេសចិន គឺប្រកាន់យកផលប្រយោជន៍ជាតិជាធំ និង ជាគោលនយោបាយដែលត្រូវអនុវត្តន៍ជាមួយគ្រប់បណ្តាប្រទេសទាំងអស់នៅលើពិភពលោក។
សម្តេច ហ៊ុន ម៉ាណែត បានបញ្ជាក់បែបនេះ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ-កម្មការិនី និងនិយោជិត ប្រមាណជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសនានា ដែលមានមូលដ្ឋាននៅក្នុងស្រុកបាទី ខេត្តតាកែវ។
សម្តេចហ៊ុន ម៉ាណែតបញ្ជាក់ថា គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា គឺឈរលើមូលដ្ឋានអធិបតេយ្យភាព ឯករាជ្យភាពផ្អែកទៅលើច្បាប់ អនុវត្តន៍ដោយវ័យឆ្លាត ដោយតម្កល់ផលប្រយោជន៍ជាតិជាធំ។
សម្តេចធហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា «បងប្អូនកុំព្រួយបារម្ភ យើងធ្វើអ្វីក៏ដោយ ដោយផ្អែកលើផលប្រយោជន៍ជាតិជាធំ មិនធ្វើឱ្យបាត់ផលប្រយោជន៍ជាតិនោះទេ»។
ការបញ្ជាក់ជាថ្មីនេះ របស់សម្តេច ហ៊ុន ម៉ាណែត នេះ ធ្វើឡើង បន្ទាប់ពីក្រុមប្រឆាំង និងអ្នកវិភាគមួយចំនួន បានលើកឡើងថា គោលនយោបាយការបរទេសកម្ពុជាមាននិន្នការទៅកាន់ប្រទេសចិន យ៉ាងខ្លាំងដោយងាកចេញពីបច្ចឹមលោក ដែលអាចនឹងធ្វើ ឱ្យបាត់បង់ផលប្រយោជន៍ជាតិ។
យោងតាមសេចក្តីប្រកាសរួមរវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន នៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៣ បានបញ្ជាក់ថា ភាគីកម្ពុជាបញ្ជាក់សាជាថ្មីនូវការស្វាគមន៍ដ៏កក់ក្តៅជូនចំពោះទេសចរចិន និងការប្ដេជ្ញ ចិត្តក្នុងការផ្តល់សន្តិសុខ និងសេវាកម្មប្រកបដោយគុណភាព។
ភាគីទាំងពីរឯកភាពគ្នាបង្កើនការ ផ្លាស់ប្តូររវាងស្ថាប័នទេសចរណ៍ និងវប្បធម៌/ក្រសួងទទួលបន្ទុកនៃប្រទេសទាំងពីរ ដើម្បីលើកកម្ពស់ ការអនុវត្តកម្មវិធីប្រតិបត្តិ ស្ដីពីកិច្ចសហប្រតិបត្តិការវប្បធម៌រវាងរដ្ឋាភិបាលទាំងពីរ ស្របពេលលើក ទឹកចិត្តឱ្យមានកិច្ចសហប្រតិបត្តិការរវាងវិស័យទេសចរណ៍ និងវប្បធម៌នៃប្រទេសទាំងពីរ តាមរយៈ ការអភិវឌ្ឍគម្រោងរួមនៃផលិតផលទេសចរណ៍ ធនធានមនុស្ស និងការគាំទ្រគ្នាទៅវិញទៅមកលើ ការផ្សព្វផ្សាយ និងទីផ្សារទេសចរណ៍ ក៏ដូចជាការគាំទ្រគ្រប់ជ្រុងជ្រោយនៅក្នុងកិច្ចប្រឹងប្រែងកសាង សា្ថប័ន។
ភាគីទាំងពីរបន្តអនុវត្តគម្រោងជំនួយរបស់ចិន ក្នុងការជួសជុលព្រះបរមរាជវាំងនៅអង្គរ និងជំរុញកិច្ច សហប្រតិបត្តិការក្នុងការការពារ និងការជួសជុលប្រាសាទព្រះវិហារ និងបេតិកភណ្ឌវប្បធម៌ដទ ទៀត។ គាំទ្រសហគ្រាសដឹកជញ្ជូនតាមផ្លូវអាកាសនៃប្រទេសទាំងពីរ ដើម្បីបង្កើនជើងហោះហើរ កម្ពុជា-ចិន ស្របតាមតម្រូវការទីផ្សារ ដើម្បីសម្រួលដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ទ្វេភាគី និងការផ្លាស់ប្តូរមន្ត្រី៕