ភ្នំពេញ៖ «បង្កងកណ្តូបកម្ពុជា» ជិះយន្តហោះ ពាក់អុកសុីសែន ឆ្លងកាត់គយចិនដោយសុវត្ថិភាព និងនៅរស់ទាំងអស់! ការនាំចេញសាកល្បង«បង្កងកណ្តូបរស់»ជាលើកដំបូងពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិន ត្រូវបានចាត់ទុកថាទទួលបានជោគជ័យ និងបានបើកផ្លូវទីផ្សារថ្មីសម្រាប់ផលិតផលជលផលកម្ពុជា!។
លោក ឃឹម ហ្វ៊ីណង់ អ្ននាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ជាក់ថា ពិតមែនតែការនាំចេញបង្កងកណ្តូបឬបង្កងប៉ាកលើកនេះមានបរិមាណតិចតួច ត្រឹមតែក្នុងចំនួន៤៥គីឡូក្រាម តែវាត្រូវបានធ្វើឡើងដោយចេតនា ដើម្បីតេស្តសាកល្បងលើវិញ្ញាសាសំខាន់មួយចំនួន ក្នុងនោះគឺការសិក្សាពីការឆ្លងកាត់របាំងបច្ចេកទេស និងនីតិវិធីផ្សេងៗ ដែលយើងគ្មានបទពិសោធ និងមិនធ្លាប់បានធ្វើទាល់តែសោះក្នុងពេលកន្លងមក។
លោក សង្កត់ធ្ងន់ថា សម្រាប់ការនាំចេញផលិតផលជលផលរស់ពីកម្ពុជាទៅក្រៅប្រទេស ដូចជា៖ ការដឹកជញ្ជូនតាមយន្តហោះ ការវេចខ្ចប់ថែរក្សាឱ្យបង្កងនៅរស់បានល្អ និងការឆ្លងកាត់របាំងត្រួតពិនិត្យខាងផ្នែកយគយនៃប្រទេសចិនជាដើម។
ជាមួយគ្នានេះដែរ លោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយករដ្ឋបាលជលផល បានឱ្យដឹងដែរថា បង្កងកណ្តូបជាប្រភេទសត្វសមុទ្រដែលកំពុងមានទីផ្សារល្អនៅប្រទេសចិន (កម្ពុជាមានប៉ុន្មានក៏គេទទួលយកដែរ)។ ការនាំចេញបង្កងកណ្តូប និងធនធានសមុទ្រកម្ពុជា ជាច្រើនផ្សេងទៀតនាកន្លងមកសុទ្ធតែមានរស់ជាតិឆ្ងាញ់ពិសារ ដែលទីផ្សារប្រទេសចិនកំពុងត្រូវការ។
លោក ពុំ សុថា បានបញ្ជាក់ថា កាលពីដំបូងឡើយបង្កងកណ្តូបអ្នកនេសាទកម្ពុជាមិនត្រូវការវាទេ ដោយសារគ្មានទីផ្សារ ហើយម្យ៉ាងទៀតអ្នកនេសាទតែងតែសម្លាប់វាចោលនៅពេលជាប់មង ហើយវាក៏ជាប្រភេទសត្វបំផ្លាញមងអ្នកនេសាទផងដែរ។ ប៉ុន្តែបន្ទាប់ពីកម្ពុជាបានទទួលកិច្ចសហប្រតិបត្តិការលើទីផ្សារ និងជនជាតិចិនចូលមកកាន់កម្ពុជាកាន់តែច្រើនមកឃើញថា ទីផ្សារបង្កងកណ្តូបកំពុងមានតម្រូវការខ្ពស់ ហើយពេលនេះកម្ពុជាអាចនាំចេញទៅលក់នៅប្រទេសចិនបានដោយជោគជ័យថែនទៀត។
លោកបន្ថែមថា លទ្ធផលជោគជ័យបែបនេះនឹងក្លាយទៅជាមូលដ្ឋានស្តង់ដាដ៏ចាំបាច់ ដើម្បីបើកផ្លូវឱ្យការនាំចេញផលិតផលជលផលប្រភេទនេះ និងប្រភេទផ្សេងៗទៀត នៅក្នុងបរិមាណច្រើនទៅកាន់ប្រទេសចិននាពេលអនាគត។
សូមបញ្ជាក់ថា កាលពីខែឧសភា ឆ្នាំ២០២៣ ផលិតផលជលផលធម្មជាតិរបស់កម្ពុជា ជាង១០ប្រភេទ មានដូចជា កំពឹសទឹកសាប, ត្រីប្រាធំ, ត្រីប្រាខ្ចៅ, ខ្យងទឹកសាបពីរប្រភេទ, អន្ទង់ទឹកសាប, បង្កងកណ្តូបពីរប្រភេទ, បង្គាខ្លឹង, បង្គាស, និងបង្គាប៉ារ៉ា ត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសចិន បន្ទាប់ពីទទួលបានការអនុញ្ញាតឲ្យនាំចេញពីរដ្ឋបាលគយចិន៕