ភ្នំពេញ ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា រាជ្យបុត្រ សូរ្យកាយ្យ ដែលជាសកម្មជនគាំទ្រគណបក្សប្រឆាំងបច្ចុប្បន្នកំពុងស្នាក់នៅកូរ៉េខាងត្បូង បានចេញមកសុំទោសនូវរាល់កំហុសឆ្គងរបស់ខ្លួននាពេលមក ហើយក៏បាននិងកំពុងរៀបចំខ្លួនវិលមកស្រុកខ្មែរដែលជាភូមិកំណើតខ្លួនផងដែរ។
រាជ្យបុត្រ សូរ្យកាយ្យ មានឈ្មោះដើមពិតប្រាកដ គឺ ទឹម សុជា ជាអ្នកគាំទ្រផ្កាប់មុខរបស់បក្សប្រឆាំង នៅក្រៅប្រទេស។
ចំពោះខ្លឹមសារនៃការសុំទោសយ៉ាងណាដែលកន្លងមកធ្លាប់ប្រមាថ ដល់ការដឹកនាំរបស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាជាដើមនោះ សម្តេច ហ៊ុន សែន មិនបានបញ្ជាក់ពីមូលហេតុអ្វីច្រើននោះទេ គ្រាន់តែសម្តេចបានបញ្ចេញសារយ៉ាងខ្លី តាមបណ្តាញតេឡេក្រាមនាមុននេះបន្តិច រសៀលថ្ងៃ១៤ មិថុនា ថា “កូនទឹម សុជា ដែលជាអ្នកលេងហ្វេសបុកFacebook ឈ្មោះរាជ្យបុត្រ សូរ្យកាយ្យបានធ្វើវីដេអូសម្តែងការសោកស្តាយ និងសុំទោសចំពោះកំហុសដែលបានកើតកន្លងមក” ។
ចំពោះការប្រកាសសុំទោសពីអតីតយុវជនជាអ្នកគាំទ្របក្សប្រឆាំងនេះ សម្តេចបានស្វាគមន៍ការវិលត្រឡប់មកស្រុកកំណើតវិញ។ សម្រាប់រឿងពីអតីតកាល សម្តេចថា “ទុកវាដោយឡែកទៅចុះ” ។
សម្តេចបានហៅយុវជននេះថា “កូនរៀបចំខ្លួនមកនៅស្រុកយើងវិញដែលទឹកដីនេះក៏ជារបស់កូនម្នាក់ដែរ។ មាតុភូមិកម្ពុជាជារបស់ប្រជាជនកម្ពុជាគ្រប់រូប”៕