ភ្នំពេញ ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអានសេចក្តីព្រៀងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត (កែច្បាប់បោះឆ្នោត)ថា នឹងមានការផាកពិន័យជាប្រាក់ច្រើនគួរសមផងដែរ ចំពោះការបង្កអុកឡុកមិនឲ្យប្រជាពលរដ្ឋខ្មែរគ្រប់អាយុ១៨ឆ្នាំឡើង ទៅបោះឆ្នោត ។
បើតាមការអានពីសម្តេច ហ៊ុន សែន លើសេចក្តីពង្រាងច្បាប់វិសោធនកម្មច្បាប់បោះឆ្នោត ក្នុងជំនួបជាមួយកម្មករ នារាជធានីភ្នំពេញនាថ្ងៃ១៤ មិថុនា មុននឹងអនុម័តជាផ្លូវពីរដ្ឋសភា ដើម្បីបម្រើដល់ការបោះឆ្នោតថ្នាក់ជាតិនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ គឺថា នឹងធ្វើការផាកពិន័យពី៥លានរៀលទៅ២០លានរៀល សម្រាប់អ្នកមានគំនិតរារាំងដល់ដំណើរការបោះឆ្នោត និងពី១០លានរៀលទៅ៣០លានរៀល ចំពោះគណបក្សនយោបាយដែលប្រព្រឹត្តិល្មើស ដោយមិនគិតពីទោសទណ្ឌផងដែរ។ សម្តេចក៏បានព្រមានទុកជាមុនដែរថា បើចង់ចូលគុក ឬចង់អស់លុយសូមបន្តសកម្មភាពទៀតទៅ ។
សម្តេចអះអាងថា មិនចង់លេងជាមួយពួកក្រុមប្រឆាំងទេអំពីការកែច្បាប់បោះឆ្នោតនេះ ប៉ុន្តែពួកគេទេដែលមិនព្រមបញ្ឈប់សកម្មភាពញុះញង់ឲ្យពលរដ្ឋមិនទៅបោះឆ្នោត ទើបសម្តេចលេងធម៌ក្តៅតែម្តងលើការពិន័យយ៉ាងធ្ងន់ធ្ងរទៅ។ កាលពីរាត្រីថ្ងៃ១៣ មិថុនា បន្ទាប់ពីសម្តេចបានប្រកាស២ដងអំពីការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតសំដៅដល់អ្នកដែលមិនទៅបោះឆ្នោត គឺគ្មានសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតនោះទេ(ចំពោះអ្នកនយោបាយបក្សប្រឆាំង) តាមរយៈវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីបានហៅលោក អេង ឆៃអ៊ាង ជាអតីតមន្រ្តីគណបក្សសង្រ្គោះជាតិមកបរិយាលើវិសោធនកម្មនេះ។ សម្រាប់វេទិកានេះ បានបំផុសឲ្យពលរដ្ឋចូលទៅក្នុងបន្ទប់បោះឆ្នោត ប៉ុន្តែកុំគូសយកសញ្ញាត្រឹមត្រូវលើសន្លឹកឆ្នោត គឺគូសចោលទៅ ។
ដោយសារតែករណីនេះ ទើបសម្តេចបានថ្លែងសារផ្តាំទៅពួកប្រឆាំងទាំងនោះថា សម្តេច ស ខេង ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងប្រជុំពិភាក្សាពីវិសោធនកម្មច្បាប់បោះឆ្នោតដែលទាក់ទងនិងសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត ដើម្បីពង្រឹងការទទួលខុសត្រូវរបស់មន្ត្រីនយោបាយ។
សម្តេចលើកឡើងថា ចំពោះអ្នកមិនទៅបោះឆ្នោតគឺបង្ហាញថា គ្មានការទទួលខុសត្រូវ ។ សម្តេចបានអានសេចក្តីព្រាងវិសោធនកម្មច្បាប់បោះឆ្នោតយ៉ាងដូច្នេះថា ចំណុចទាក់ទិននឹងអ្នកមានសិទ្ធិឈរឈ្មោះ គឺត្រូវអនុវត្តនូវសិទ្ធិបោះឆ្នោត ដោយទៅបោះឆ្នោតសម្រាប់ការបោះឆ្នោតជាសកលចំនួន២ដងលើកចុងក្រោយជាប់គ្នាដែលរៀបចំដោយគណៈកម្មាធិការជាតិរៀបចំបោះឆ្នោត (បោះឆ្នោតសកលនឹងធ្វើនៅថ្ងៃ២៣ កក្កដា ឆ្នាំ២០២៣ និងបោះឆ្នោតនៅឆ្នាំ២០២៧ ទៀត អីចឹងចងឲ្យហើយកុំឈ្លើយ)។ ពេលបោះឆ្នោតតំណាងរាស្ត្ររួចហើយ ត្រូវបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ បើអ្នកមិនទៅបោះឆ្នោតទេ នោះអ្នកនឹងអស់សិទ្ធិឈរឈ្មោះ។
សម្តេចបញ្ជាក់ថា «ដោយអ្នកឯងផ្គើនពេកសម្តេចក្រឡាហោម ស ខេង បានឲ្យឯកឧត្តមកើត រិទ្ធិ ឲ្យរឹត បន្តឹងចំណុចហ្នឹង។ ល្ងាចនេះ សម្តេចនឹងប្រជុំហើយវិសោធនកម្ម នឹងមានការផាកពិន័យផងដែរ។ ខ្ញុំឯកភាព»។
ដោយសារតែទង្វើរបស់ក្រុមប្រឆាំងកាន់តែជ្រុលសម្តេច ហ៊ុន សែន បានអានខ្លឹមសារនៃសេចក្តីព្រាងវិសោធនកម្មច្បាប់បោះឆ្នោតឲ្យដឹងថា មាត្រា១៤២ថ្មី(ពង្រាង)ត្រូវផាកពិន័យប្រាក់៥លានរៀលទៅ២០លានរៀនដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយពុំទាន់គិតពីទោសព្រហ្មទណ្ឌផ្សេងទៀតចំពោះជនណាដែលប្រើគ្រប់មធ្យោបាយទុចរិករារាំង ឬញុះញង់ ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតមិនឲ្យទៅចុះឈ្មោះបោះឆ្នោត ឬរារាំងមិនឲ្យចុះឈ្មោះប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត ក្នុងបញ្ជីបោះឆ្នោតនិងសៀវភៅបញ្ជីបោះ ឆ្នោត។ បង្កការអុកឡុងឬសកម្មភាពមិនប្រក្រតីក្នុងទីកន្លែងសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅក្នុងអំឡុងពេលការពិនិត្យបញ្ជី និងការចុះឈ្មោះបោះឆ្នោត , អ្នកគាំទ្រ ឬអ្នកបោះឆ្នោតប្រព្រឹត្តិអំពើរំលោភបំពាន រាមកំហែង ហិង្សាទៅលើបេក្ខជនឬទៅលើគណបក្សនយោបាយដទៃ , រារាំង ឬញុះញង់ ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតមិនឲ្យទៅបោះឆ្នោត , រារាំងបេក្ខជនឬអ្នកគាំទ្រគណបក្សនយោបាយ មិនឲ្យឃោសនាបោះឆ្នោតតាមការកំណត់ , ធ្វើឲ្យបាត់ទំនុកចិត្តលើការសម្រេចចិត្តលើការបោះឆ្នោត , ធ្វើឲ្យមានការភាន់ច្រឡំនាំឲ្យបាត់ទំនុកចិត្តលើការបោះឆ្នោត , បង្កការរំខានមិនឲ្យដំណើរការបោះឆ្នោតបាន , បង្កការរំខានមិនឲ្យរាប់បោះឆ្នោតបាន ធ្វើឲ្យខូចរបៀបរៀបរយក្នុងការបោះឆ្នោត ទិញសន្លឹកឆ្នោតដោយសំភារៈ ឬដោយប្រាក់កាស ត្រូវលុបចេញពីបញ្ជីបោះឆ្នោត ឬលុបបេក្ខភាពរបស់សាម៉ីខ្លួន ឬដកសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត របស់សាម៉ីខ្លួនឲ្យគេបោះឆ្នោត សម្រាប់រយៈពេល៥ឆ្នាំយ៉ាងតិចដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
មាត្រា១៤៣ថ្មី៖ត្រូវលុបបេក្ខភាពឈរឈ្មោះបោះឆ្នោតរបស់គណបក្សនយោបាយ ឬត្រូវផាកពិន័យជាប្រាក់ពី១០ លានរៀលទៅ៣០លានរៀល ដោយគណៈកម្មាធិការជាតិរៀបចំបោះឆ្នោតដោយមិនទាន់គិតពីទោសព្រហ្មទណ្ឌដទៃទៀតចំពោះគណបក្សនយោបាយដែលបានប្រព្រឹត្តិល្មើស ។
សម្តេច ហ៊ុន សែន បានគូសបញ្ជាក់ថា «អីចឹងលោកឯងប្រហើនទៀតទៅ កាន់តែរើកាន់តែដូចត្រីជាប់ជុច ឥឡូវវាស្រែកទៀតថា ឲ្យចូលទៅដើម្បីគូសបំផ្លាញសន្លឹកឆ្នោត អីចឹងហ្អែងចាំមើលទៅថា ជាប់គុកប៉ុន្មាន ហើយបង់ខាតប៉ុន្មាន បើបង្កការអុកឡុក ចង់ដឹងសាកមើលទៅ»៕