ភ្នំពេញ៖ យ៉ាងហោចណាស់ សត្វត្មាតចំនួន ១៣១ ក្បាលត្រូវបានកត់ត្រានៅក្នុងតំបន់អភិរក្សចំនួន ៣ នៅក្នុងប្រទេសកម្ពុជា។ ចំនួននេះប្រហាក់ប្រហែលនឹងលទ្ធផលជំរឿនក្នុងពេលវេលាដូចគ្នាកាលពីឆ្នាំ២០២២ កន្លងទៅ។ នេះបើយោងតាមលទ្ធផលជំរឿនសត្វត្មាតកាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅ។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន ងឱ្យដឹងនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ នេះថាក្រុមអភិរក្សសត្វត្មាតកម្ពុជាបានរៀបចំជំរឿនសត្វត្មាតប្រចាំឆ្នាំដើម្បីរាប់ចំនួនសត្វត្មាតនៅក្នុងជម្រកធម្មជាតិក្នុងទិសដៅក្តាប់ឱ្យជាប់ចំនួនសត្វត្មាតដែលជាប្រភេទ សត្វកម្រជិតផុតពូជ និងដាក់ចុះវិធានការចាំបាច់នានាដើម្បីការពារនិងថែរក្សាសត្វត្មាតនេះឱ្យបានគងវង្សយូរអង្វែងតទៅមុខទៀត។
លោកបន្តថា ជំរឿនសត្វត្មាតកាលពីថ្ងៃទី៩ ខែមិថុនា គឺជាជំរឿនលើកទី២ ក្នុងចំណោមការងារជំរឿនសត្វត្មាត ៥ ដងក្នុងមួយឆ្នាំដែលក្រុមអភិរក្សសត្វត្មាតកម្ពុជារៀបចំឡើង។ បើតាមលោក នេត្រ ភក្ត្រា ក្នុងចំណោមសត្វត្មាតដែលបានរាប់កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ទាំង ១៣១ ក្បាលនោះរួមមានត្មាតភ្លើងចំនួន ១២ក្បាល, ត្មាតផេះ ៧៧ ក្បាល និងត្មាតត្មោតចំនួន ៤២ ក្បាល។ ជំរឿនសត្វត្មាតនេះធ្វើឡើងនៅក្នុងតំបន់អភិរក្សចំនួន ៣ រួមមានដែនជម្រកសត្វព្រៃសៀមប៉ាងខេត្តស្ទឹងត្រែងមានចំនួន ៩៣ ក្បាល (ត្មាតត្នោតចំនួន ៣១ ក្បាល, ត្មាតផេះចំនួន ៥៦ ក្បាល, ត្មាតភ្លើងចំនួន ៦ក្បាល), ដែនជម្រកសត្វព្រៃឆែបក្នុងខេត្តព្រះវិហារ មានសត្វត្មាតចំនួន ៣១ ក្បាល (ត្មាតផេះចំនួន ១៦ ក្បាល, ត្មាតត្នោតចំនួន ១១ ក្បាល និងត្មាតភ្លើងចំនួន ៤ ក្បាល) និងក្នុងព្រៃទឹកលិចទន្លេមេគង្គក្នុងខេត្តក្រចេះមានចំនួន ៧ ក្បាល (ត្មាតផេះចំនួន ៥ ក្បាល និងត្មាតភ្លើងចំនួន ២ ក្បាល)។
កញ្ញា នី ណៃគី មន្ត្រីជំនាញផ្នែកអភិរក្សសត្វត្មាតនៃអង្គការជីវិតធម្មជាតិនៅកម្ពុជា បានថ្លែងថា ការធ្វើជំរឿនសត្វត្មាតកាលពីខែមីនា កន្លងទៅបានបង្ហាញថា សត្វត្មាតមានចំនួនប្រមាណ ១០៥ក្បាល ដែលជាតួលេខល្អប្រសើរមួយដែលបង្ហាញថា ការអភិរក្សសត្វត្មាតនៅកម្ពុជាបង្ហាញសញ្ញាណវិជ្ជមានឡើងវិញ។ បើតាមកញ្ញា នី ណៃគី ជំរឿនសត្វត្មាតដោយក្រុមអភិរក្សសត្វត្មាតកម្ពុជាដែលនឹងធ្វើបន្ទាប់ គឺធ្វើឡើងលើកទី៣ នៅអំឡុងខែមិថុនា នេះ និងលើកទី៤ នាខែកញ្ញា និងលើកទី៥ នាខែធ្នូ ឆ្នាំ២០២៣ មុននឹងធ្វើការបូកសរុបនិងសន្និដ្ឋានថាតើសត្វត្មាតមានចំនួនប៉ុន្មានក្នុងឆ្នាំ២០២៣។
យោងតាមលទ្ធផលជំរឿនបានបង្ហាញថា ស្ថានភាពសត្វត្មាតកម្ពុជាក្នុងឆ្នាំ ២០២២ កន្លងទៅកាន់តែមានសញ្ញាណវិជ្ជមាន ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារអភិរក្សសត្វត្មាតកម្ពុជា ប៉ុន្តែចាំបាច់ទាមទារនូវការបង្កើនការយកចិត្តទុកដាក់ពីគ្រប់ភាគីក្នុងការការពារ និងអភិរក្សសត្វកម្រនេះបន្ថែមទៀត។
លោក នេត្រ ភក្ត្រា បានបញ្ជាក់ទៀតថា លទ្ធផលជំរឿននៅឆ្នាំ២០២២ បានបង្ហាញថាកម្ពុជាមានសត្វត្មាតទាំង ៣ ប្រភេទសរុបចំនួន ១៣៤ ក្បាល ក្នុងនោះរួមមានត្មាតផេះ ៧១ ក្បាល ត្មាតត្នោត ៤៤ ក្បាលនិងត្មាតភ្លើងចំនួន ១៩ក្បាល ហើយចំនួនសត្វត្មាត មានការកើនឡើងចំនួន ១៣ ក្បាលបើប្រៀបធៀបនឹងឆ្នាំ ២០២១ ដែលមានចំនួន ១២១ ក្បាល ដែលនេះគឺជាដំណឹងដ៏ល្អ សម្រាប់ក្រុមអ្នកអភិរក្ស និងសម្រាប់ជីវៈចម្រុះនៅប្រទេសកម្ពុជា និងនៅលើពិភពលោក។
ជាមួយគ្នានេះ លោក នេត្រ ភក្ត្រា បានកោតសរសើរចំពោះក្រុមការងារស្រាវជ្រាវនៃក្រសួងបរិស្ថាន និងអង្គការដៃគូទាំងអស់នៃក្រុមការងារអភិរក្សសត្វត្មាតកម្ពុជា ក៏ដូចជាមន្ត្រីឧទ្យានុរក្សទាំងអស់ ដែលកំពុងបំពេញភារៈកិច្ចនៅតាមតំបន់ការពារធម្មជាតិនានា ដើម្បីការពារនិងអភិរក្សទីជម្រកធម្មជាតិនៃដែនជម្រកសត្វព្រៃដែលមានវត្តមានសត្វត្មាត ពោលគឺបាននិងកំពុងធ្វើឱ្យតំបន់ធម្មជាតិនេះមានសុវត្ថិភាពកាន់តែខ្លាំងឡើងថែមទៀតសម្រាប់សត្វត្មាត និងសត្វព្រៃទាំងអស់ ដោយខិតខំប្រឹងប្រែងការពារព្រៃឈើជាទីជម្រក អាហារ និងប្រភពទឹកសម្រាប់សត្វព្រៃ និងជីវៈចម្រុះគ្រប់ប្រភេទ។
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះបានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួម ការពារ និងអភិរក្សសត្វត្មាតដែលជាប្រភេទសត្វកម្រនេះបន្ថែមទៀត ដោយចូលរួមការពារទីជម្រក លុបបំបាត់ការបំពុលនានា បញ្ឈប់ការដាក់អន្ទាក់ និងការបរបាញ់ និងបញ្ឈប់សកម្មភាពរំខានដោយមនុស្សផ្សេងៗទៀត ដើម្បីផលប្រយោជន៍ដល់ប្រព័ន្ធអេកូឡូស៊ី ភាពសម្បូរបែបនៃជីវៈចម្រុះ និង រក្សាបានកេរតំណែលធម្មជាតិសម្រាប់មនុស្សជំនាន់ក្រោយៗបន្តទៀត។
សូមរំលឹកថា សមាជិកស្នូល នៃក្រុមអភិរក្សសត្វត្មាតកម្ពុជា (CVWG) រួមមាន ៖ ក្រសួងបរិស្ថាន (MoE) ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ(MAFF) មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia) អង្គការ សមាគមអភិរក្សសត្វព្រៃ(WCS) អង្គការមូលនិធិសកល សម្រាប់អភិរក្សធនធានធម្មជាតិ (WWF) ក្រុមហ៊ុនRising Phoenix និងសមាជិកសាមញ្ញរួមមាន ៖ សមាគមមគ្គុទ្ទេសក៍បក្សីកម្ពុជា (CBGA) សំ វាសនា ខន់សឺវេសិនធួរ (SVC) និងមជ្ឈមណ្ឌលអភិរក្សជីវៈចម្រុះ (CBC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងដៃគូពាក់ព័ន្ធបាន ធ្វើការងារលើការអភិរក្ស សត្វត្មាតនៅកម្ពុជា៕