គ.ជ.ប អំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់ ការឃោសនា មិនឲ្យពលរដ្ឋទៅបោះឆ្នោត

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) នៅថ្ងៃ៦ មិថុនានេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយអំពាវនាវបញ្ឈប់ជាបន្ទាន់ នូវសកម្មភាពដែលផ្ទុយពីខ្លឹមសារនៃច្បាប់បោះឆ្នោត មិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត ក្រោយគ្មានវត្តមានគណបក្សភ្លើងទៀន ។

គ.ជ.ប បញ្ជាក់យ៉ាងច្បាស់ទៅមនុស្សមួយចំនួនដែលចេញយុទ្ធនាការ តាមរយៈខិតបណ្ណ រូបភាព ឬស្ប៉តឃោសនានានា តាមបណ្តាញសង្គមហ្វេសប៊ុកឲ្យពលរដ្ឋគូសសន្លឹកឆ្នោតចោល និងមិនឲ្យ ទៅបោះឆ្នោតនោះ គឺថា គ.ជ.ប បដិសេធចំពោះគណបក្សភ្លើងទៀនដោយអនុវត្តទៅតាមច្បាប់ប៉ុណ្ណោះ ។

គ.ជ.បបញ្ជាក់ទៀតថា ឃោសនាដូចខាងលើនេះ គឺរំលោភបំពានលើមាត្រា១៤២ នៃច្បាប់ស្តីពី បោះឆ្នោតដែលត្រូវផាកពិន័យ៥លានរៀលទៅ២០លានរៀល ។

ការអំពាវនាវរបស់គ.ជ.បដែលជាស្ថាប័នជាតិរៀបចំការបោះឆ្នោតនេះ ក្រោយឃើញបណ្តាញហ្វេស ប៊ុករបស់ក្រុមប្រឆាំងដែលមានបុគ្គល ឆាំ ឆានី បានបំផុសគៀងគរពលរដ្ឋខ្មែរនៅក្រៅប្រទេសនានា ឲ្យចេញមកឃោសនាមានខ្លឹមសារដូចគ្នា គឺមិនឲ្យពលរដ្ឋទៅបោះឆ្នោតថ្នាក់ជាតិនាថ្ងៃ២៣ កក្កដា៕