កម្ពុជា បញ្ជូនរថពាសដែក១៤គ្រឿង និងសម្ភារៈ៥កុងទឺន័រ ទៅម៉ាលី ក្នុងបេសកកម្ម UN

ភ្នំពេញ ៖ កម្ពុជា បានបញ្ជូនរថយន្តចំនួន១៤គ្រឿងប្រភេទរថយន្តរថពាសដែក (MPV) និងសម្ភារៈប្រើប្រាស់ចំនួន ៥កុងទឺន័រ សម្រាប់បំពេញបន្ថែមលើរថយន្តនិងសម្ភារៈដែលមានស្រាប់ សម្រាប់កងអនុសេនាធំកម្ទេចគ្រាប់មិនទាន់ផ្ទុះ (EOD) ក្នុងបេសកកម្មសង្គការសហប្រជាជាតិ(UN) នៅសាធារណរដ្ឋម៉ាលី។

បើតាមលោក អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងការបរទេស ក្នុងពិធីបញ្ជូន នាថ្ងៃ៦ មិថុនា ក្នុងសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ នៅកំពង់ស្ពឺ រថយន្តនិងសម្ភារៈដឹកបញ្ជូនទៅកំពង់ផែរអន្តរជាតិក្រុងព្រះសីហនុ ហើយនឹងបញ្ជូនបន្តតាមនាវា ទៅម៉ាលី នៅថ្ងៃ៨ មិថុនា ហើយគ្រោងទៅដល់គោលដៅ នាពាក់កណ្តាលខែសីហា ឆ្នាំ២០២៣ខាងមុខ។

លោកបញ្ជាក់ឲ្យដឹងថា ចំពោះរថយន្តរថពាសដែក និងសម្ភារទាំងអស់នេះ សម្រាប់បំពេញបន្ថែម ទៅលើរថយន្ត និងសម្ភារៈដែលមានស្រាប់កំពុងបម្រើការងារបេសកកម្ម។

ជាមួយគ្នានោះ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានឲ្យដឹងដែរថា រថយន្តរថពាសដែកទាំង១៤គ្រឿង គឺមានចំនួន៤គ្រឿង បម្រើការងារជារថយន្តពេទ្យ ដែលបានបំពាក់សម្ភារបរិក្ខាវេជ្ជសាស្ត្រគ្រប់គ្រាន់ទាំងអស់។ ចំណែក រថយន្តរថពាសដែកចំនួន១០គ្រឿងទៀត សម្រាប់ដឹកកម្លាំងចុះប្រតិបត្តិការបេសកកម្ម។

លោកបានបញ្ជាក់ពីមូលហេតុបន្តបញ្ជូនរថយន្ត ប្រភេទរថពាសដែកនេះទៅកាន់តំបន់បេសកកម្មនៅសាធារណរដ្ឋម៉ាលី ដោយសារនៅទីនោះ មានក្រុមឧទ្ទាម តែងពួនស្ទាក់ដាក់បង្កៃគ្រាប់កែច្នៃ ឬគ្រាប់មីននៅតាមដងផ្លូវធ្វើដំណើរ។

លោកនាយឧត្តមសេនីយ៍បញ្ជាក់ថា ចំពោះកងកម្លាំងមួកខៀវកម្ពុជា គឺបានកំពុងបន្តការងារ បេសកកម្មនៅសាធារណរដ្ឋម៉ាលី រួចស្រេចហើយ។

សូមបញ្ជាក់ថា បច្ចុប្បន្នកងកម្លាំងកម្ពុជាមានជាង៣០០នាក់នៅម៉ាលី ដោយចែកចេញជា២កងអនុសេនាធំ គឺកងកម្ទេចគ្រាប់មិនទាន់ផ្ទុះ និងកងកម្លាំងវិស្វកម្មព្រលានយន្តហោះ ៕