សម្តេច ស ខេង៖ ប្រជាការពារចូលរួមលើការងារពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៅទូទាំងប្រទេស

ភ្នំពេញ៖ សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអះអាងថាប្រជាការពារដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមលើការងារពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៅទូទាំងប្រទេស ធ្វើឱ្យប្រជាពលរដ្ឋរស់នៅប្រកបដោយសុវត្ថិភាព ផាសុខភាព និងសុខដុមរមនា។

ការអះអាងរបស់សម្តេច ស ខេង ធ្វើឡើងនៅថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២៣ ក្នុងពេល អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំលើសេចក្តីណែនាំស្តីពីការពង្រឹងចលនាប្រជាការពារ ដោយមានការ ចូលរួមពី រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គស្នងការនគរបាលជាតិ អគ្គនាយក និងអ្នកមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

សម្តេច ស ខេង បានលើកឡើងអំពីសាវតានៃការបង្កើតចលនាប្រជាការពារ ចាប់តាំងពីថ្ងៃទី២១ ខែឧសភា ឆ្នាំ១៩៩៩ ក្រោយការដួលរលំទាំងស្រុងនៃអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហម ព្រមទាំងនាំមកនូវសន្តិភាពពេញលេញជូនមាតុភូមិកម្ពុជា កាលពីឆ្នាំ១៩៩៨ ក្រោមការអនុវត្តនយោបាយឈ្នះឈ្នះ ដែលជាគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិតរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា។

នាឱកាសនោះដែរ លោក ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លើកឡើងថា យុទ្ធនាការបំផុសចលនាមហាជនដើម្បីចូលរួមការពារសន្តិសុខមាតុភូមិហៅថា “ចលនាប្រជាការពារ” ក្រសួងមហាផ្ទៃ បានដាក់ចេញគោលការណ៍វិធានការនានាជាបន្តបន្ទាប់ដើម្បីអភិវឌ្ឍន៍កិច្ចដំណើរការនៃចលនាប្រជាការពារនេះដើម្បីលើកកម្ពស់ប្រសិទ្ធភាពក្នុងការបង្ការ ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ រក្សាបានសន្តិសុខ សុវត្ថិភាពសហគមន៍ ការពារអាយុជីវិត ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ លោក ក៏បានធ្វើបទបង្ហាញអំពីវិធានទូទៅស្ដីពីការកសាងប្រជាការពារ ដែលមានដូចជា គោលការណ៍ជាមូលដ្ឋាននៃចលនាប្រជាការពារ, អំពីការបំផុសចលនា និងផ្សព្វផ្សាយអប់រំ, ភារកិច្ចរបៀបរបបធ្វើសកម្មភាព និងសិទ្ធរបស់ប្រជាការពារ, ការកសាងចាត់តាំងកម្លាំងប្រជាការពារ, ការរៀបចំយន្តការដឹកនាំ គ្រប់គ្រងចលនាប្រជាការពារ។

ជាមួយគ្នានោះដែរ សម្តេច ស ខេង បានណែនាំដល់អង្គប្រជុំត្រូវជជែក ពិភាក្សា ផ្លាស់ប្តូរយោបល់អោយបានផុលផុស ផ្តល់ជាធាតុចូលបន្ថែមទៀត ដើម្បីធ្វើឱ្យសេចក្តីណែនាំស្តីពីការពង្រឹងចលនាប្រជាការពារនេះ អាចអនុវត្តទៅប្រកបដោយប្រសិទ្ធភាព៕