ភ្នំពេញ ៖ ព្រមានទុកជាមុនដោយគ្មានការលើកលែង សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានបញ្ជាឲ្យអាជ្ញាធរត្រូវទប់ស្កាត់បានម៉ឹងម៉ាត់បំផុត ចំពោះអ្នកកាប់ទន្ទ្រានយកដីរដ្ឋធ្វើជាកម្មសិទ្ធិផ្ទាល់ ខ្លួន ជាពិសេសបើស្រាវជ្រាវឃើញមន្រ្តីរាជរដ្ឋាភិបាលមានការជាប់ពាក់ព័ន្ធនោះ គឺមិនទុកនៅក្នុងក្រប ខណ្ឌទៀតទេ នឹងដកហូតតួនាទី ដោយមិនត្រូវខ្លាចប៉ះពាល់ដល់សន្លឹកឆ្នោតឡើយ ។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារថ្មី នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា នាថ្ងៃ៦ មិថុនា សម្ដេចបានថ្លែងសារបន្ថែមទៀតលើខ្លឹមសារជាសំឡេងរបស់សម្តេចកាលពីរាត្រីថ្ងៃ៥ មិថុនា ទាក់ទងទៅនឹងការជនឆ្លៀតឱកាសមួយចំនួនដែលអាងមានលុយ មានអំណាច នៅតែបន្តទន្ទ្រានកាន់កាប់ យកដីរដ្ឋមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ក្រោមរូបភាពឲ្យប្រជាពលរដ្ឋនៅមូលដ្ឋានអ្នកចេញមុខរុករាន ។
ជាមួយនឹងជំងឺដ៏រ៉ាំរៃដែលគ្មានថ្នាំព្យាបាលនេះ សម្តេចបានចេញបញ្ជាយ៉ាងដាច់ណាត់ ដោយគ្មានលើក លែងឲ្យអភិបាលខេត្តទាំងអស់ត្រូវតែទប់ស្កាត់ឲ្យបានរាល់សកម្មភាពកាប់ទន្ទ្រានដីព្រៃ នៅមុនពេលដំណាក់កាលបោះឆ្នោតជាតិខាងមុខនេះ។ សម្ដេចក៏បានព្រមានចាត់វិធានការច្បាប់ជាធរមានដល់ជនប្រព្រឹត្ត និងជនជាប់ពាក់ព័ន្ធផងដែរ។
សម្រាប់ជិតដល់រដូវកាលបោះឆ្នោតដែលបាំងតែជាង១ខែទៀតនោះ សម្តេចបានគូសបញ្ជាក់យ៉ាងធ្ងន់ៗថា «ឲ្យតែជិតដល់ពេលបោះឆ្នោត គឺមកដល់ (យកដីរដ្ឋ) អីចឹងគ្រប់ចៅហ្វាយខេត្តទាំងអស់ ធ្វើកិច្ចការងារហ្នឹង ។ ដីធ្លីរបស់គេ ទៅចាប់អាពេលហ្នឹង (បោះឆ្នោត) ហើយបើគេទៅដកបង្គោលចេញ រុះរើសចេញ ថាគេនឹងអយុត្តិធម៌ គណបក្សប្រជាជនអយុត្តិធម៌។ ប៉ុន្ដែក្រុមហ្នឹងយើងដឹងថា អ្នកណាពីក្រោយ ប៉ុន្ដែពេលខ្លះអ្នកមានអំណាចរបស់យើងមួយចំនួន ក៏ទៅធ្វើរឿងហ្នឹងដែរ អ្នកមានលុយមួយចំនួនជួលគេទៅកាប់ដីព្រៃឲ្យលុយគេទៅ រួចហើយយកឈ្មោះប្រជាជនពាំងដល់ពេលរដ្ឋធ្វើសម្បទានឲ្យដី នឹងមិនបានទៅប្រជាជនណា បានទៅអ្នកមានលុយ ។ អីចឹងទេ កុំឲ្យកើតមានឡើយ»។
សម្ដេចនាយករដ្ឋមន្ដ្រីបានសង្កត់ធ្ងន់បន្ថែមទៀតថា “បើមន្ដ្រីនានាពាក់ព័ន្ធទៅនឹងការទន្ទ្រានដីរដ្ឋ កុំបន្ទោសខ្ញុំឲ្យសោះ ដោយមិនអាចទុកក្នុងក្របខណ្ឌរដ្ឋទៀតឡើយ”។
ជាមួយគ្នានេះ សម្ដេចក៏បានឲ្យអ្នកមានមុខងារក្នុងការបង្ក្រាបរាល់សកម្មភាពទន្ទ្រានដីរដ្ឋដូចជា លោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស , លោក សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន , លោក ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលសុទ្ធសឹងជាអ្នកទទួលបន្ទុកការងារបង្ក្រាបព្រៃឈើ ត្រូវរួមគ្នាតាមដានរឿងនេះឲ្យបានម៉តចត់ ជាពិសេសអាជ្ញាធរនៅមូលដ្ឋានផ្ទាល់ ត្រូវធ្វើកិច្ចការងារទាំងនេះឲ្យបានត្រឹមត្រូវបំផុត។ សម្ដេចបន្ដរំលឹកទៀតថា កុំចាំបាច់ដល់ពេលក្រោយពេលបោះឆ្នោតរួច នាំដើរគ្នាអើពើ ។
សម្ដេច ហ៊ុន សែន បញ្ជាក់ឲ្យដឹងថា ហើយអាងអីកុំមកបន្ទោសរាជរដ្ឋាភិបាលប្រើកណ្តាប់ដៃក្ដៅ គឺអត់ទេ ព្រោះរាជរដ្ឋាភិបាល ត្រូវតែការពារសណ្ដាប់ធ្នាប់សាធារណៈ និងស្ថេរនយោបាយ។ សម្ដេចលើកឡើងថា «កុំថា ជិតបោះឆ្នោតរដ្ឋាភិបាលថ្នមៗ ដើម្បីសន្លឹកឆ្នោត គឺអត់ទេ» អាជ្ញាធរត្រូវចាត់វិធានការភ្លាមៗ ប៉ុន្ដែសម្តេចផ្តាំថា ធ្វើយ៉ាងណាកុំប្រើប្រាស់អាវុធទៅបាញ់គេ ដោយគ្រាន់តែទប់ស្កាត់ និងឃាត់ខ្លួនបានហើយ។
ជាចុងក្រោយសម្តេច ហ៊ុន សែន ក៏បានថ្លែងសារផ្ដាំផ្ញើដល់មន្រ្តីសិទ្ធិមនុស្ស និងអ្នកប្រជាធិបតេយ្យមួយចំនួនដែលចាំតែស្រែកពីក្រៅមកថា សុំមើលព្រៃទាំងមូល កុំមើលឈើមួយដើមៗ ព្រោះរាជរដ្ឋាភិបាលមានកាព្វកិច្ចចាំបាច់ដើម្បីការពារសណ្ដាប់ធ្នាប់ និងការពារធនធានធម្មជាតិ ៕