ភ្នំពេញ ៖ ធ្លាប់ជាមនុស្សស្មោះស្ម័គ្រជាមួយលោក សម រង្ស៊ី ថាមិនទៅណាចោលលោកប្រធានខ្លួននោះ ស្រាប់តែនៅថ្ងៃទី៣១ ឧសភា នេះ លោក អ៊ូ ច័ន្ទឬទ្ធិដែលគេគ្រប់គ្នាដឹងថា ជាបងប្អូនបង្កើតរបស់លោក អ៊ូ ច័ន្ទរ័ត្ន និងលោក អ៊ូ វីរៈ បានប្រកាសផ្តាច់ខ្លួនពីលោក សម រង្ស៊ីហើយ ។
ការប្រកាសផ្តាច់ខ្លួននេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកធ្លាប់គាំទ្ររូបលោក ត្រូវបានលោកអះអាងថា ដោយសារអស់ជំនឿទុកចិត្តលើលោក សម រង្ស៊ីចំពោះគោលនយោបាយបរទេសនិយមដែលមិនអាចឈានទៅរកការបង្រួបបង្រួមនិងផ្សះផ្សារជាតិបាន ។ នេះបើតាមលិខិតមួយច្បាប់ក្នុងកម្រាសមួយទំព័រផ្ញើទៅកាន់សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាដែលត្រូវបានបណ្តាញសារព័ត៌មានហ្វ្រេសញូវស្និតនឹងសម្តេចចេញផ្សាយនារសៀលថ្ងៃ៣១ ឧសភា ។
ក្រៅពីការផ្តាច់ខ្លួនជាមួយលោក សម រង្ស៊ី ដែលសម្តេចបានដាក់ងារឲ្យថា ជាជនក្បត់ជាតិ៣ជំនាន់នោះ លោក អ៊ូ ច័ន្ទឬទ្ធិ ក៏បានស្នើសម្តេច ហ៊ុន សែន ជួយធ្វើកិច្ចអន្តរាគមន៍ ដើម្បីឲ្យមានការលើកលែងទោស និងទម្លាក់ចោលរាល់ការចោទប្រកាន់ទាំងអស់មកដល់រូបលោកផងដែរ។
លិខិតរបស់លោក អ៊ូ ច័ន្ទឬទ្ធិបានគូសបញ្ជាក់ទៅកាន់សម្តេចថា “ខ្ញុំបាទបានសម្រេចចិត្តផ្តាច់ខ្លួន និងឈប់ធ្វើសកម្មភាពនយោបាយនៅខាងក្រៅប្រទេសជាមួយលោក សម រង្ស៊ី និងក្រុមអតីតគណបក្សសង្រ្គោះជាតិដោយសារអស់ជំនឿទៅលើគោលនយោបាយការបរទេសនិយម”។
លិខិតបញ្ជាក់ទៀតថា “សូមសម្តេចតេជោ នាយករដ្ឋមន្រ្តី មេត្តាជួយធ្វើកិច្ចអន្តរាគមន៍ទៅព្រះមហាក្សត្រ ដើម្បីឲ្យមានការលើកលែងទោស និងទម្លាក់ចោលរាល់បទចោទប្រកាន់ទាំងអស់ ដើម្បីឲ្យខ្ញុំបាទ មានសេរីភាពក្នុងការវិលត្រឡប់ទៅប្រទេសកម្ពុជាវិញដោយក្តីអនុគ្រោះ”។
សូមរំលឹកឡើងវិញបន្តិចថា លោក អ៊ូ ច័ន្ទឬទ្ធិ ជាអតីតមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាតំណាងរាស្រ្តអតីតគណបក្សសង្រ្គោះជាតិ មណ្ឌលខេត្តកណ្តាល ដែលមានបងប្អូនប្រុសបង្កើត៣នាក់រួមទាំងរូបនេះដែលសុទ្ធសឹងជាអ្នកនយោបាយដូចគ្នា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ និងផ្តន្ទាទោសពាក់ព័ន្ធនឹងបទចោទប្រកាន់មួយចំនួន ក្រោយពីអតីតគណបក្សប្រឆាំងនេះ ត្រូវបានរំលាយចោលកាលពីអំឡុងឆ្នាំ២០១៧៕