អាជ្ញាធរជាតិអប្សរារៀបចំសិក្ខាសាលាផ្ទៃក្នុងអនុវត្តដំណើរការអនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថានដើម្បីតំបន់អង្គរ

សៀមរាប៖ អាជ្ញាធរជាតិអប្សរា បានរៀបចំសិក្ខាសាលាផ្ទៃក្នុងស្តីពី ដំណើរការអនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថានដើម្បីតំបន់អង្គរ ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ និងណែនាំការប្រើប្រាស់សៀវភៅប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ ស្វែងយល់ និងចូលរួមការពារបរិស្ថានក្នុងតំបន់អង្គរ បង្កើនប្រសិទ្ធភាពការងារ និងកែលម្អប្រព័ន្ធគ្រប់គ្រងបរិស្ថាន ដល់មន្រ្តី-បុគ្គលិក សរុបចំនួន១០០នាក់។

ក្នុងសិក្ខាសាលា នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ លោក សុខ លក្ខិណា អ្នកតំណាងគ្រប់គ្រងបរិស្ថាន ថ្លែងថា សិក្ខាសាលានាឱកាសនេះ មានបទបង្ហាញក្រោមប្រធានបទ៣សំខាន់ៗ ទី១ ទាក់ទងនឹងដំណើរការអនុវត្តប្រពន្ធ័គ្រប់គ្រងបរិស្ថានដើម្បីតំបន់អង្គរ ទី២ ការៀបចំបច្ចុប្បន្នភាពខ្សែទស្សនាប្រាសាទអង្គរវត្ត និងទី៣ កិច្ចការពារព្រៃឈើក្នុងរមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតនៅក្រោមការគ្រប់គ្រងអាជ្ញាធរជាតិអប្សរា។

លោកសង្ឃឹមថា សិក្ខាសាលាថ្ងៃនេះ នឹងទទួលបានការយកចិត្តទុកដាក់ពីមន្រ្តី-បុគ្គលិក តាមដានស្តាប់នូវមតិ និងបទពិសោធន៍ល្អដែលបានលើកឡើង។ បើមានចម្ងល់ អាចចោទជាសំណួរទៅកាន់វាគ្មិន ដើម្បីឱ្យសិក្ខាសាលាកាន់តែមានប្រសិទ្ធិភាពខ្ពស់។

អាជ្ញាធរជាតិអប្សរាតែងតែរៀបចំសិក្ខាសាលាស្តីពីដំណើរការអនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថានដើម្បីតំបន់អង្គរ ដល់មន្រ្តី-បុគ្គលិកជាទៀងទាត់៤ដងក្នុងមួយឆ្នាំ។ អាជ្ញាធរជាតិអប្សរា សូមឱ្យមន្រ្តី-បុគ្គលិកគ្រប់ៗរូបចូលរួមអនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ ដើម្បីជួយថែរក្សា ការពារមរតក និងបរិស្ថានអង្គរឱ្យបានគង់វង្ស៕