ភ្នំពេញ៖ ក្រុមប្រឹក្សាធម្មនុញ្ញ នឹងបើក កិច្ចប្រជុំពេញអង្គក្រោមអធិបតីភាពលោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីពិនិត្យ និងសម្រេច គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ នៅ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៩:០០នាទី នៅអគារ ស វិមានរដ្ឋចំការមន ។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ឱ្យដឹងថា ១.បណ្ដឹងរបស់គណបក្សភ្លើងទៀនប្តឹងតវ៉ានឹងសេចក្ដីសម្រេចលេខ ២៣៣ គ.ជ.ប ស.ស.រ ចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងទាមទារឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទទួលចុះបញ្ជីគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សភ្លើងទៀន ដែលមាន២៥ (ម្ភៃប្រាំ) មណ្ឌល រាជធានី ខេត្ត។
និង២.បណ្ដឹងរបស់គណបក្សមហាសាមគ្គីជាតិខ្មែរប្តឹងសុំឱ្យក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យ សម្រេចពីលទ្ធភាពស្តីពីការចុះបញ្ជីឈរឈ្មោះបោះឆ្នោត និងចុះបញ្ជីបេក្ខជនឈរឈ្មោះ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សមហាសាមគ្គី ជាតិខ្មែរ៕