ភ្នំពេញ៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គ.ប.ម) បានចេញសេចក្តីថ្លែងការណ៍សម្តែងការសោកស្តាយ ចំពោះ សេចក្តីសម្រេចលេខ ២៣៣ គ.ជ.ប.ស.ស.រ ចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ របស់ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បដិសេធការចុះបញ្ជីគណបក្សភ្លើងទៀន ឈរឈ្មោះបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣។
ក្នងុសេចក្តីថ្លែងការណ៍របស់គណបក្សគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គ.ប.ម) នៅថ្ងៃទី ១៦ ខែឧសភានេះថា គ.ប.ម យល់ឃើញថា មូលហេតុនៃការបដិសេធនេះ គឺជាបញ្ហាបច្ចេកទេសដែលមានភាពស្មុគស្មាញ ទាក់ទិននឹងទម្រង់នៃឯកសារគតិយុត្តិ ហើយបញ្ហានេះមិនអាចនឹងកើតឡើងនោះទេ ប្រសិនក្រសួងមហាផ្ទៃចេញ ជូនគណបក្សភ្លើងទៀន នូវលិខិតតាមតម្រូវការរបស់ គ.ជ.ប សម្រាប់ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះ បោះឆ្នោត។
សេចក្តីថ្លែងការណ៍ដដែលនេះបន្តថា គ.ប.ម សង្កេតឃើញថា គណបក្សភ្លើងទៀនបានស្នើសុំទៅក្រសួងមហាផ្ទៃនូវលិខិតគតិយុត្តិស្ដីពី ការចុះបញ្ជីគណបក្សភ្លើងទៀននៅក្រសួងមហាផ្ទៃ និងបានព្យាយាមបំពេញតាមលក្ខខណ្ឌដែល គ.ជ.ប តម្រូវ ផងដែរ។ លើសពីនេះ គណបក្សភ្លើងទៀន ក៏ជាគណបក្សនយោបាយដែលទើបនឹងបានចូលរួមការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២២ និងជាពិសេសការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង-ស្រុក ដែល ទើបបំបែកនិងបង្កើតថ្មី ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ ថ្មីៗកន្លងមកនេះ ដោយមាន អ្នកគាំទ្រជាច្រើនរួចមកហើយ។
គ.ប.ម យល់ឃើញថា ការបដិសេធការចុះបញ្ជីគណបក្សភ្លើងទៀន បានជះឥទ្ធិពលអវិជ្ជមានដល់ ដំណើរការបោះឆ្នោតដែលមានលក្ខណៈសេរីនិងយុត្តិធម៌ និងផ្ទុយពីគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស នៅព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងសនិសីទសារព័ត៌មាននៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៣ នេះ លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន បាន ឱ្យដឹងថា គណបក្សពិតជាសោកស្តាយ និងមិនអាចទទួលបាននោះទេ ខណៈដែលគណបក្សបានមានឯកសារត្រឹមត្រូវនិងមានការបញ្ជាក់ពីក្រសួងមហាផ្ទៃ ពីភាពស្របច្បាប់ និងមានលោក ទាវ វណ្ណុល ជាប្រធានគណបក្សថែមទៀត ។
លោកបន្តថា ក្នុងករណីនេះ គណបក្សនឹងបន្តដាក់ពាក្យបណ្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញបន្ថែមទៀត ដើម្បីតវាទៅតាមនីតិវិធីច្បាប់។ លោកក៏នៅមានការងើងឆ្ងល់់ដែរថា ហេតុអ្វីបានជានៅការបោះឆ្នោតឃុំសង្កាត់ និង បោះឆ្នោតនាពេលថ្មីៗ នេះ គជប សម្រេចទទួលស្គាល់គណបក្ស ប៉ុន្តែ លុះមកដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នេះ បែជាបដិសេធទៅវិញ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅរសៀលថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៣ បានធ្វើការបដិសេធការចុះបញ្ជីរបស់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ ២០២៣ របស់ គណបក្សភ្លើងទៀន ដែលមាន ២៥ មណ្ឌលរាជធានី ខេត្ត ដយសារគណបក្សនេះ មិនបានបំពេញបន្ថែមចំណុចខ្វះខាតរបស់ខ្លួន។
គេសង្កេតឃើញថា បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប )បានសម្រេចបដិសេធការចុះបញ្ជី ឈរឈ្មោះបោះឆ្នោតរបស់គណបក្សភ្លើងទៀន ក្រោយមិនបំពេញគ្រប់លក្ខខណ្ឌ នៃច្បាប់បោះឆ្នោត អង្គការសមាគម និងគណបក្សនយោបាយជាច្រើនបានចេញញត្តិគាំទ្រ ដោយបានបញ្ជាក់ខ្លួនគាំទ្រលើសេចក្តីសម្រេចបដិសេធទាំងស្រុង ចំពោះការចុះបញ្ជីឈរ ឈ្មោះបោះឆ្នោតរបស់គណបក្សភ្លើងទៀន ដោយមូលហេតុ ការចុះបញ្ជីឈរឈ្មោះបោះឆ្នោតរបស់ គណបក្សភ្លើងទៀន មិនានបំពេញគ្រប់លក្ខខណ្ឌនៃច្បាប់បោះឆ្នោត៕