ភ្នំពេញ ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) លោក ហង្ស ពុទ្ធា បានឆ្លើយតបភ្លាមៗ ទៅក្រុមអ្នករិះគន់ចំពោះគ.ជ.ប បដិសេធចុះឈ្មោះគណបក្សភ្លើងទៀនចូលរួមដំណើរបោះឆ្នោតថ្នាក់ជាតិនាខែកក្កដា ឆ្នាំ២០២៣ នាពេលខាងមុខនេះ ។ ការឆ្លើយតបនេះ គឺលោកផ្អែកទៅលើផ្លូវច្បាប់ទាំងអស់ ។
ការឆ្លើយតបនេះ បានធ្វើឡើងបន្ទាប់ពីអ្នកធ្វើការផ្នែកអង្គការពាក់ព័ន្ធទៅនឹងដំណើរការបោះឆ្នោតបាន បញ្ចេញមតិរិះគន់គ.ជ.ប អំពីការមិនចុះឈ្មោះឲ្យគណបក្សប្រឆាំងភ្លើងទៀនបានចូលរួមបោះឆ្នោតកាលពីថ្ងៃ១៥ ឧសភា។ ដោយពួកគេអះអាងថា នឹងធ្វើឲ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាកាន់តែធ្លាក់ថយក្រោយ ដោយសារតែការបន្តដឹកនាំដោយឯកបក្សនៅក្នុងរដ្ឋសភា” ។ នេះបើតាមការផ្សាយរបស់វិទ្យុវីអូអេ ។ ប៉ុន្តែទោះបីជាយ៉ាងណា គណបក្សភ្លើងទៀនថា នឹងប្តឹងតវ៉ាទៅ ក្រុមប្រឹក្សាធម្មនុញ្ញដែលជាស្ថាប័នចុងក្រោយ ។ ចំពោះការអះអាងថា ដាក់ពាក្យប្តឹងតវ៉ាទៅក្រុមប្រឹក្សាធម្មនុញ្ញនេះ លោក ហង្ស ពុទ្ធាមិនថាអ្វីនោះទេ ដោយបក្សនេះមានរយៈពេល៥ថ្ងៃ។
លោក ហង្ស ពុទ្ធា បានប្រាប់ឲ្យដឹងនៅថ្ងៃ១៦ ឧសភាថា អ្វីដែលគ.ជ.បអនុវត្ត ឲ្យបានខ្ជាប់ខ្ជួន (បដិសេធ)គឺធ្វើទៅតាមច្បាប់ និងប្រក្រតិទិនកំណត់ប៉ុណ្ណោះ។ ប៉ុន្តែលោកថា គណបក្ស (ភ្លើងទៀន)ទៅវិញទេដែលមិនព្រមធ្វើអ្វីទៅតាមការកំណត់របស់គ.ជ.ប ព្រោះស្ថាប័នបោះឆ្នោតនេះ បានទុកពេលឲ្យ៥ថ្ងៃ ដើម្បីឲ្យបំពេញលក្ខខណ្ឌខ្វះខាតតែបក្សមួយនេះធ្វើអត់បាន ក្រោយពីគ.ជ.ប ប្រកាសចុះឈ្មោះគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោតចាប់ពីថ្ងៃ២៤ មេសា ដល់ ៨ឧសភា។ លោកថា ក្នុងរយៈ១៥ថ្ងៃនៃការចុះឈ្មោះនេះ មានគណបក្សផ្សេងទៀតបានអនុវត្ត ហើយក៏បានចុះឈ្មោះគណបក្ស និងបេក្ខជនឈរឈ្មោះរួចរាល់ ។
លោក ហង្ស ពុទ្ធាបញ្ជាក់ថា “អីចឹងគណបក្សណាមួយដែលបានយើងបានផ្តល់ពេលវេលា៥ថ្ងៃហើយ មិនបានបំពេញទៅតាមលក្ខខណ្ឌ ឬក៏មិនបានបំពេញទៅតាមគោលការណ៍នៃការចុះបញ្ជីគណបក្ស និងដាក់បេក្ខជនឈរឈ្មោះនោះ គ.ជ.បមានតួនាទីក្នុងការបដិសេធ។ ចឹងបដិសេធនេះ ក៏បដិសេធ ទៅតាមច្បាប់ ហើយគ.ជ.ប ក៏មានការប្រជុំល្អិតល្អន់ក្នុងការសម្រេចមួយនេះ”។
អ្នកនាំពាក្យគ.ជ.បនេះ ក៏បានផ្ញើសារផ្តាំទៅមនុស្សចំនួនដែលមានយោបលមតិលើការបដិសេធនេះ ថា អាចសួរមកខាងគ.ជ.បបាន តែត្រូវធ្វើឡើងតាមលិខិតជាលាយលក្ខណ៍អក្សរ ហើយគ.ជ.បនឹងបក ស្រាយលំអិតជូនឲ្យបានច្បាស់លាស់តែម្តង ។
សូមបញ្ជាក់ថា តាមរយៈសេចក្តីសម្រេចេញដោយលោក ប្រាជ្ញ ច័ន្ទ ប្រធានគ.ជ.ប នាថ្ងៃ១៥ ឧសភាបានបង្ហាញមូលហេតុនៃការមិនចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សភ្លើងទៀនដែលមាន២៥រាជធានី-ខេត្តនេះ ដោយសារគណបក្សប្រឆាំងនេះ “មិនបានភ្ជាប់មកជាមួយនូវប្រកាស ស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្ស នយោបាយនៅក្រសួងមហាផ្ទៃដែលមានបញ្ជាក់នីត្យានុកូលកម្មដោយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនៅការិយាល័យច្រកចេញចូលតែមួយឲ្យបានត្រឹមត្រូវស្របតាមកថាខណ្ឌទី២ និងចំណុចទី១ក្នុងមាត្រា២៧ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត” ៕