លោក កុយ គួ​ង ប្រតិកម្ម​ខ្លាំងៗ​ជុំវិញ​ការ​លាប​ពណ៍​លោក​ជាមួយ​អតីត​គណបក្សប្រឆាំង​ពី​សំណាក់​ក្រុម​ប្រឆាំង​នៅក្រៅ​ប្រទេស

លោក កុយ គួ​ង រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការបរទេស បាន​បញ្ចេញ​ប្រតិកម្ម​ខ្លាំងៗ​ជុំវិញ​ការ​លាប​ពណ៌​លោក​ជាមួយ​អតីត​គណបក្សប្រឆាំង​ពី​សំណាក់​ក្រុម​ពួក​ប្រឆាំង​នៅ​ក្រៅ​ប្រទេស។ លោក ថា បើ​ឈប់​បាន ឈប់​ទៅ នូវ​គំនិត​ពុតត្បុត​អាក្រក់ ឥត​អៀនខ្មាស ដែលថា លោក​ជា​អតីត​ប្រធាន​ចលនា​យុវជន​ជាតិខ្មែរ នៃ​គណបក្ស​សម រង្សី​។​

​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់លោក​នៅ​យប់​ថ្ងៃ​ពុធ ទី​២ កុម្ភៈ​នេះ លោក កុយ គួ​ង បាន​រៀបរាប់​ក៏ដូចជា​បរិយាយ​ពាក់ព័ន្ធ​នឹង​សាច់រឿង​មួយចំនួន​ដែល​ក្រុមប្រឆាំង​វាយប្រហារ​លោក ជាពិសេស​បុគ្គល សោ ចាន់​ដេ​ត អតីត​ថ្នាក់ដឹកនាំ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ។

លោក បាន​បន្តថា “​ថ្មីៗ​នេះ បុគ្គល​ឈ្មោះ សោរ ចាន់​ដេ​ត (Sor Chandeth) ជា​សមាជិក​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​មនុស្ស​របស់​លោក សម រង្ស៊ី បាន​បង្ហោះ​សារ​តាម​ហ្វេ​ស​ប៊ុ​ក (Facebook) របស់ខ្លួន ដែលមាន​ចំណងជើង​ថា “​អ្នក​បន្តវេន សម រង្ស៊ី ជា​នរណា​?”​។ លោក ថា “​បុគ្គល​នេះ​បាន​ធ្វើការ​ចោទប្រកាន់​ដោយ​លាប​ពណ៌​ដល់​យុវជន​ជាច្រើន​នាក់ ក្នុង​នោះបាន​លើកយក​ឈ្មោះ​របស់ខ្ញុំ (​កុយ គួ​ង​)​ផង ដែល​បាន​ចាក​ចេញពី​អតីត​គណបក្ស សម រង្ស៊ី តាំងពី​ដើមឆ្នាំ​២០០៨ មក​ចូល​រួមរស់​ជីវភាព​ន​យោ​បាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា និង​បាន​ប្រើការងារ​ជូន​គណបក្ស​ប្រជាជន​កម្ពុជា និង​ប្រទេសជាតិ​រហូតមកដល់​បច្ចុប្បន្ន​នេះ ថា​នៅ​រក្សា “​ឆន្ទៈ​ សម រង្ស៊ី និយម​” ស្អី​គេ​នោះ​”​។​

​ឆ្លើយតប​ទៅនឹង​ការចោទប្រកាន់​ខាងលើនេះ លោក បាន​សង្កត់ធ្ងន់​ថា លោក​មិនដែល​ធ្វើជា​ប្រធាន​ចលនា​យុវជន​ជាតិខ្មែរ នៃ​គណបក្ស​សម រង្ស៊ី ម្តងណា​ឡើយ​។ ដោយឡែក​ចលនា​ចាកចេញ​ជា​ក្រុម​ធំ​ពី​អតីត​គណបក្ស​សម រង្ស៊ី ដើមឆ្នាំ​២០០៨ កើតឡើង​ដោយសារ​ថ្នាក់ដឹកនាំ​គណបក្ស​នេះ​និយាយ​ផ្សេង ធ្វើ​ផ្សឹ​ង ហើយ​ការដឹកនាំ​ការងារ​គណបក្ស​ផ្ទុយ​ពី​បទបញ្ជាផ្ទៃក្នុង​គណបក្ស និង​គោលការណ៍​ប្រជាធិបតេយ្យ ដែល​ខ្លួន​ប្រកាស​ថា ជា​គណបក្ស​ប្រជាធិបតេយ្យ​ធំជាងគេ​។​

​និយាយ​ពី​លោក សម រង្ស៊ី វិញ លោក ថា “​លោក សម រង្ស៊ី ដែល​ពេលនោះ​ជា​ប្រធាន​គណបក្ស​សម រង្ស៊ី បាន​ហៅ​ការ​ចាកចេញ​ជា​ក្រុម​ធំ​នេះ ថា​ជា​សាច់​ស្អុយ​ត្រូវ​កាត់​ចេញពី​គណបក្ស ដោយ​ឥត​ស្តាយស្រណោះ​អ្វី​ឡើយ​”​។

​លោក បន្តថា ផ្ទុយទៅវិញ​គណបក្សប្រឆាំង គណបក្ស​ប្រជាជន​កម្ពុជា បាន​យល់ព្រម​ទទួល​ស្វាគមន៍​បងប្អូន​ដែល​បាន​ចាក​ចេញពី​គណបក្ស សម រង្ស៊ី​នាពេលនោះ និង​ជា​បន្តបន្ទាប់ ដោយ​ទឹកចិត្ត​ទូលំទូលាយ​មានគុណ​ធម៌​ខ្ពស់ និង​បាន​ទទួល​ស្គាល់​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់​ស្មើៗ​គ្នា​ដោយ​ឥត​រើសអើង ថា​អ្នក​ចាស់ ឬ​អ្នកថ្មី​ឡើយ​។

​ជាងនេះទៀត​គណបក្ស​ប្រជាជន​កម្ពុជា ​បានផ្តល់​សេចក្តីទុកចិត្ត ហើយ​ប្រគល់​ការងារ​ជាច្រើន​ជូន​បងប្អូន​ទាំងអស់នោះ ទាំង​ក្នុង​ក្របខណ្ឌ​គណបក្ស និង​ក្របខណ្ឌ​រាជការ​ទៅតាម​ចំណេះ​ជំនាញ​របស់ខ្លួន​រហូត​មកដល់​បច្ចុប្បន្ន​នេះ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក កុយ គួ​ង​។​

​ចុងបញ្ចប់​នៃ​សំណេរ​របស់​លោក លោក កុយ គួ​ង បានដាក់​ជា​សំណួរ​ថា “​តើ​បុគ្គល សោ ចាន់​ដេ​ត មាន​ចេតនា​អាក្រក់​ពុតត្បុត​កម្រិត​ណា ដែល​បែរជា​មក​លាប​ពណ៌​ដល់​អ្នក​ដែល ត្រូវ​លោក សម រង្ស៊ី ហៅថា​ជា​សាច់​ស្អុយ ចាំបាច់​ត្រូវ​កាត់​ចេញពី​គណបក្ស​តាំងពី​ឆ្នាំ​២០០៨​ហើយ​នោះ​? តើ​បុគ្គល រូបនេះ យល់ឃើញថា ប្រធាន​របស់​ខ្លួន (​សម រង្ស៊ី ) អស់​ផ្លូវ​លែង​មាន​អ្នកគាំទ្រ ឬ​ដើរ​តាម​ទៀតហើយ​ឬ ទើប​មក​លាប​ពណ៌​មនុស្ស​ដែល​ដើរចេញ​តាំងពី​ឆ្នាំ​២០០៨ ថា​នៅ​រក្សា “​ឆន្ទៈ សម រង្ស៊ី និយម​” ទៀត​នោះ​?”៕​