ការកំណត់ឈ្មោះ ឬ ហៅឈ្មោះជនពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើស នៅក្នុងរឿងក្តីព្រហ្មទណ្ឌ ដើម្បីងាយស្រួលយល់ និង ដឹងថា ដំណើរការរឿងព្រហ្មទណ្ឌណាមួយដល់ដំណាក់កាលណាខ្លះ
១.ជនសង្ស័យ ឬ ជនជាប់សង្ស័យ ប្រើនៅក្នុងដំណាក់កាលស៊ើបអង្កេតរបស់មន្ត្រីនគរបាលយុត្តិធម៌ និង ដំណាក់កាលព្រះរាជអាជ្ញា។
២.ជនត្រូវចោទ ប្រើនៅក្នុងដំណាក់កាលស៊ើបសួររបស់ចៅក្រមស៊ើបសួរ។
៣.ជនជាប់ចោទ ប្រើនៅក្នុងដំណាក់កាលជំនុំជម្រះរបស់ចៅក្រមជំនុំជម្រះ។
៤.ពិរុទ្ធជន ប្រើនៅពេលតុលាការបានប្រកាសអំពីទោសក្នុងសាលក្រម ឬ សាលដីកា ប៉ុន្តែមិនទាន់ចូលស្ថាពរ។
៥.ទណ្ឌិត ប្រើនៅពេលដែលសាលក្រម ឬសាលដីកា ដែលបានប្រកាសអំពីទោស ចូលជាស្ថាពរ។
សូមកត់សម្គាល់ថា ពិរុទ្ធជន នឹងប្តូរឈ្មោះទៅជាជនជាប់ចោទវិញ នៅពេលដែលជននោះប្តឹងទាស់នឹងសាលក្រម ឬសាលដីកាកំបាំងមុខ ឬ ប្តឹងឧទ្ធរណ៍ ឬ ប្តឹងសាទុក្ខ ដោយហេតុថា តុលាការតុលាការ ពុំអាចជំនុំជម្រះអ្នកមានទោស ឬ សន្មតថាជនជាប់ចោទជាជនមានទោសឡើយ(គោរពគោលការណ៍អាជ្ញាអស់ជំនុំ និង ការចាត់ទុកជនជាប់ចោទជាជនឥតទោស ប្រសិនបើមិនមានសាលក្រម ឫសាលដីកាស្ថាពរ)។
៦.ជនល្មើស ប្រើក្នុងករណីជននេះ ប្រព្រឹត្តបទល្មើសជាក់ស្តែង។ ប៉ុន្តែតាមទម្លាប់នៃការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋជាទូទៅ អោយតែយល់ថា ជនណាម្នាក់អាចបានប្រព្រឹត្តបទល្មើស គឺពួកគាត់តែងតែហៅឈ្មោះ ថាជនល្មើសជារួមតែម្តង ដោយពុំបានសង្កត់ទៅលើដំណាក់កាលនៅក្នុងនីតិវិធីព្រហ្មទណ្ឌឡើយ។
សូមបញ្ជាក់ផងដែរថា ការកំណត់ឫហៅឈ្មោះ នៅក្នុងដំណាក់កាលនីមួយៗនេះ គឺទាក់ទងនឹងសិទ្ធិសេរីភាពរបស់ជនល្មេីស និង សិទ្ធិអំណាចរបស់មន្ត្រីមានសមត្ថកិច្ច៕