ព្រះមហាក្សត្រ​ ឡាយ​ព្រះហស្តលេខា​ដាក់​ឱ្យ​ប្រើប្រាស់​ច្បាប់​ស្តីពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ

ច្បាប់​ស្តីពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ ត្រូវបាន​ព្រះមហាក្សត្រ​កម្ពុជា នរោត្តម សីហមុនី ឡាយ​ព្រះហស្តលេខា​ប្រកាស​ឱ្យប្រើ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២២​។ ច្បាប់​នេះ​នឹង​បើកផ្លូវ​ឱ្យ​កម្ពុជា និង​កូរ៉េខាងត្បូង អាច​អនុវត្ត​​​ដោយ​ពេញលេញ​នូវ​ការ​ធ្វើ​ពាណិជ្ជកម្ម​សេរី​រវាង​គ្នា។ ច្បាប់​មួយ​នេះ​ ត្រូវបាន​រដ្ឋសភា​អនុម័ត​កាលពី​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២១ ហើយ​ដែល​ត្រូវ​ព្រឹទ្ធសភា​បាន​ពិនិត្យ​លើ​ទម្រង់ ​និង​គតិ​ច្បាប់​ទាំងស្រុង​កាលពី​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០២២​។​

សម្រាប់​កម្ពុជា ​ក៏ដូចជា​កូរ៉េខាងត្បូង កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ នឹង​ក្លាយ​ជា​កម្លាំង​ចលករ​ដ៏​សំខាន់​ក្នុង​ការ​ជំរុញ​លំហូរ​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​រវាង​កម្ពុ​ជា និង​កូរ៉េខាងត្បូង ដោយ​ទទួល​បាន​ផលប្រយោជន៍​ទៅវិញទៅមក ជាពិសេស​ដើម្បី​ពន្លឿន​ការ​ស្តារ​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំងពីរ បន្ទាប់ពី​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដោយ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩​។ កិច្ចព្រមព្រៀង​នេះ​ក៏​នឹង​រួមចំណែក​ក្នុង​ការ​លើកកម្ពស់​ភាព​ជា​ដៃគូ​យូរអង្វែង រឹងមាំ ពង្រឹង​ភាពជា​ដៃគូ​ផ្នែក​សេដ្ឋកិច្ច និង​ការពង្រីក​សេរីភាវូបនីយកម្ម​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រជាជាតិ​ទាំងពីរ​។​

សូម​រម្លឹក​ជូន​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ ត្រូវបាន​ចុះហត្ថលេខា​នៅ​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២១ ដើម្បី​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ប្រទេស​ទាំងពីរ​ដើម្បី​បង្កើន​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​ទ្វេភាគី​៕​