សម្តេច ហ៊ុន សែន បដិសេធមិនទទួលយកសុំទោសពីលោក សុន ឆ័យ

ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបដិសេធមិនទទួលយកសុំទោស ពីលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ក្រោយពីតុលាការកំពូលរក្សាសេចក្តីសម្រេច ពាក់ព័ន្ធនឹងការបរិហាកេរ្តិ៍ជាសាធារណៈ លើគណបក្សប្រជាជនកម្ពុជា និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ។

ការបដិសេធរបស់សម្តេច ហ៊ុន សែន នៅពេលនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីលោក សុន ឆ័យ ធ្វើលិខិតសុំទោសផ្លូវការមួយផ្ញើជូសម្តេច កាលពីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៣ និងបន្ទាបពី លោក បានចាញ់ក្តីជាបន្តបន្ទាប់ ។

សម្តេច ហ៊ុន សែន បានមានប្រសាសន៍ថា «យើងមិនទទួលយកការសុំទោសនោះឡើយ។យើងចង់បញ្ចប់វប្បធម៌លាបពណ៍-និងការប្រមាថ។យើងទទួលយកមិនបាននូវការចោទប្រកាន់ថាយើងជាអ្នកលួចសន្លឹកឆ្នោត។

សម្តេចបន្តថា «យើងធ្លាប់បានគេសុំទោសច្រើនដងហើយតែរឿងច្រំដែលនៅតែកើតឡើងទើបយើងចង់បញ្ចប់វប្បធម៌រឿងដដែលហើយសូមទោសតាមផ្លូវតុលាការដើម្បីឲ្យមនុស្យអាក្រក់វារាងចាល។ភាពខ្លួនឯងបានដឹងច្បាស់ហើយតើសម រង្សុីធ្លាប់បានសូមទោសខ្ញុំតែទីបំផុតវាកើតដដែល។អ្នកគាំទ្រវាគឺដូចគ្នាដែលយើងត្រូវតែប្រើផ្លូវច្បាប់ដើម្បីបញ្ចប់រឿងច្រំដែលនេះ»។

យោងតាមលិខិតសុំទោសរបស់លោក សុន ឆ័យ កាលពីថ្ងៃទី ១៣ ខែកុម្ភៈ បានសរសេរថា ដោយបានដឹងថា គណបក្សប្រជាជនកម្ពុជា បានចាត់ទុកពាក្យសម្តីមួយផ្នែក ដែល រូបខ្ញុំ បានឆ្លើយក្នុងបទសម្ភាសន៍ ជាមួយសារព័ត៌មាន ឌឹ ខេមបូឌាដេលី កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ថា បាន “ ចោទគណបក្សប្រជាជនកម្ពុជា ថាជាចោរលួច សន្លឹកឆ្នោត” នោះខ្ញុំសុំធ្វើការ បដិសេធ ការចោទប្រកាន់នេះ»។

លោក សរសេរបន្តថា «រូបខ្ញុំបាទ សុន ឆ័យ មិនដែលមានចេតនា ចោទគណបក្សប្រជាជនកម្ពុជា ឬ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ថាជាចោរលួចសន្លឹកឆ្នោត ហើយក៏នឹងមិនមានបំណង ចោទថា គណបក្សប្រជាជនកម្ពុជា ជាចោរលួច សន្លឹកឆ្នោតនេះ នៅពេលអនាគតនោះដែរ។ បើគណបក្សប្រជាជនកម្ពុជា ឬគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ចាត់ទុកសម្តី ក្នុងបទសម្ភាសន៍ ថាខ្ញុំបានចោទជាចោរ លួចសន្លឹកឆ្នោតនោះ ខ្ញុំសុំអភ័យទោស»។

លោកសរសេរបន្ថែមថា «រូបខ្ញុំសូមគាំទ្រ សេចក្តីសម្រេចចិត្ត នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណ បក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៨-២៩ មករា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ។អាស្រ័យហេតុនេះ សុំសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មេត្តាជ្រាប ដោយអនុគ្រោះ។ ដោយសេចក្តីគោរព ដ៏ខ្ពង់ខ្ពស់បំផុតអំពីខ្ញុំ»។

តុលាការកំពូលកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានប្រកាសសាលដីកាដោយសម្រេចតម្កល់សេចក្តីសម្រេចទាំងស្រុងរបស់សាលាឧទ្ធរណ៍ លើសំណុំរឿង លោក ស៊ុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ដែលប្តឹងដោយគណបក្សប្រជាជនកម្ពុជា និងប្តឹងដោយ គ.ជ.ប។

គណបក្សប្រជាជនកម្ពុជា និង គ.ជ.ប បានដាក់ពាក្យប្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ ស្វែងរកយុត្តិធម៌ បន្ទាប់ពីលោក សុន ឆ័យ ប្រើវោហាស័ព្ទវាយប្រហារលើ គណបក្ស ប្រជាជនកម្ពុជា និង គ.ជ.ប លើការបោះឆ្នោតជ្រើស រើសក្រុម ប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ ២០២២ កន្លងទៅ ថាមានការទិញ និងលួចបន្លំសន្លឹកឆ្នោត។

សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ បានប្រកាសសាលក្រមលើសំណុំរឿងបរិហារកេរ្តិ៍ជាសាធារណៈទាំង ២សំណុំរឿង។ ក្នុងនោះសំណុំរឿងប្តឹងដោយ គ.ជ.ប ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោស លោក សុន ឆ័យ ពិន័យជាប្រាក់ចំនួន ៩លានរៀល។ចំពោះសំណុំរឿងប្តឹងដោយគណបក្សប្រជាជនកម្ពុជា ត្រូវបានសម្រេចផ្ដន្ទាទោសពិន័យជាប្រាក់ចំនួន ៨លានរៀល ព្រមទាំងបង្គាប់ឱ្យសងសំណងជំងឺចិត្តឱ្យដើមបណ្តឹងរដ្ឋប្បវេណីចំនួន ៣,០០០លានរៀលផងដែរ៕ ដោយ៖ ពុទ្ធិពល