ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ានថា កុំរួញរាក្នុងការទាក់ទងស្វែងរកការជួយគាំទ្រពីស្ថាប័នរដ្ឋនៅកម្ពុជា ព្រោះភាពជោគជ័យនៃវិស័យឯកជន ធ្វើឲ្យកំណើនសេដ្ឋកិច្ចឡើងខ្ពស់ផងដែរ។
ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូ នៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន នៅថ្ងៃ២៧ កុម្ភៈ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលបានលើកឡើងថា «សូមកុំរួញរាក្នុងការទាក់ទងស្វែងរកការជួយគាំទ្រពីស្ថាប័នរដ្ឋ ពីព្រោះភាពជោគជ័យនៃវិស័យឯកជន គឺជាភាពជោគជ័យរបស់រាជរដ្ឋាភិបាលដូចគ្នា ដូចដែលយើងដឹងស្រាប់ហើយថា កំណើនសេដ្ឋកិច្ច និងឱកាសការងារ គឺបានមកពីវិស័យឯកជនមួយភាគធំ»។
នាឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី បានលើកឡើងថា ការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងភស្តុភារកម្ម នៅតែជាយុទ្ធសាស្រ្តចំបងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិដែលសម្តេចតេជោ នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ជាខ្លាំង។
ជាការឆ្លើយតប គណៈប្រតិភូ US-ABC តំណាងក្រុមហ៊ុនធំៗចំនួន៦ ក្រុមហ៊ុនបានគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងបានសន្យាជំរុញក្រុមហ៊ុន ក៏ដូចជាវិនិយោគិនរបស់អាមេរិក មកដាក់ទុនវិនិយោគនៅកម្ពុជាឲ្យបានច្រើនថែមទៀត ដើម្បីផ្ទេរក៏ដូចជាចែករំលែកចំណេះដឹង និងបច្ចេកវិទ្យាថ្មីៗ សំដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាកាន់តែមានការរីកចម្រើនថែមទៀត៕ ដោយ៖ រិន ចំរើន