សម្តេច​ ហ៊ុន សែន ៖ ក្រុមប្រឆាំងកុំរិះគន់យុវជនធ្វើការពាក់ព័ន្ធនឹងបរិស្ថានដែលសុំចូលគណបក្សប្រជាជន

ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានស្នើដល់ក្រុមប្រឆាំងកុំរិះគន់យុវជនធ្វើការពាក់ព័ន្ធនឹងបរិស្ថានចូលរួមជាមួយបក្សកាន់អំណាចព្រោះពួកគេសុទ្ធតែចង់ធ្វើការជាមួយរដ្ឋាភិបាលនូវអ្វីដែលគេចង់ធ្វើ។

ក្នុងពិធីបិទសន្និបាតរបស់ក្រសួងទេសចរណ៍នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចបានគូសបញ្ជាក់ថា «ប៉ុន្មានថ្ងៃមកនេះមានការជេរគ្នាតាមបណ្តាញសង្គម បន្ទាប់ពីក្រុមអង្គការយុវជនមួយចំនួនបានទៅជួបខ្ញុំ ហើយនិយាយថាពួកគេបានធ្វើសកម្មភាពច្រើនណាស់ហើយក្នុងការប្រឆាំងរាជ រដ្ឋាភិបាល ប៉ុន្តែពួកគេនោះអត់បានទទួលផលអីទាំងអស់ តែពេលនេះពួកគេបានសុំចូលជាមួយគណបក្សប្រជាជនកម្ពុជា ហើយធ្វើការជាមួយរាជរដ្ឋាភិបាលវិញ»។

សម្តេចបន្តថា សម្តេចសុខចិត្តទទួលយុវជនទាំងនោះឲ្យជួប ដោយពួកគេប្តូរទិសពីការគាំទ្រក្រុមប្រឆាំង បែរជាមានការវាយប្រហារពីក្រុមប្រឆាំងទៅលើយុវជនទាំងនោះ ។ នេះជាការខ្វះការគោរពប្រជាធិបតេយ្យ ពោលគឺនៅពេលគេគាំទ្រខ្លួនថាគេល្អ ដល់ពេលគេមកសហការនិងគាំទ្រជាមួយរដ្ឋាភិបាលក្នុងការការពារបរិស្ថានបែរថាអាក្រក់វិញ។

សម្តេចក៏បានឲ្យដឹងថា ក្រុមការពារបរិស្ថានមកជួបសម្តេចនោះគឺក្រុមដែលធ្លាប់ធ្វើបាតុកម្មប្រឆាំងនឹងរាជរដ្ឋាភិបាល ទាំងពីសកម្មភាព១០០រាត្រី និងកម្មវិធីផ្សេងៗទៀត ប៉ុន្តែពេលនេះក្រុមប្រឆាំងបានចាប់ផ្តើមវាយប្រហារគេពួកគេ នៅពេលមកធ្វើការជាមួយរាជរដ្ឋាភិបាល។

សម្តេចបានបញ្ជាក់ថា «បើអ្នកគិតពីដំណើរប្រជាធិបតេយ្យនិងសិទ្ធិប្រជាពលរដ្ឋអំពីបញ្ហានយោបាយ អ្នកកុំវៃប្រហារកូនៗទាំងនេះ ។ វាមិនមែនជារឿងប្រជាធិបតេយ្យទេ គឺនៅពេលគេជេរវាយប្រហាររដ្ឋាភិបាល អ្នកថាល្អ ចាត់ទុកគេល្អ ដល់ពេលគេចូលជាមួយរដ្ឋាភិបាលដើម្បីធ្វើសកម្មភាពរបស់គេអ្នកឯងថាគេក្បត់លក់ឧត្តមគតិ ដែលចំណុចនេះមិនមែនជាដំណើរលទ្ធិប្រជាធិបតេយ្យទេ»។

ជាមួយគ្នានោះដែរ សម្តេចតេជោក៏បានឲ្យដឹងថានៅពេលសម្តេចជួបក្រុមយុវជនដែលធ្វើការខាងបរិស្ថានក៏បានសួរនាំពួកគេ ហើយសម្រេចឲ្យពួកគេធ្វើការងារនឹងបន្ត។

សម្តេចគូសបញ្ជាក់ថា «ខ្ញុំអត់ចាត់ទុកកូនៗទាំងហ្នឹងជាសត្រូវនោះទេ ឥឡូវគេនាំគ្នាមកច្រើនអង្គការណាស់«…»អីញ្ចឹងទេសខ្យល់កំពុងដូរទិស អីចឹងសូមអំពាវនាវដល់អ្នកនយោបាយ និងគណបក្សនយោបាយផ្សេងៗកុំលាបពណ៌កូនៗទាំងនេះដែលពីដើមគេធ្លាប់ចូលរួមបាតុកម្មជាមួយរដ្ឋាភិបាល តែឥឡូវគេមិនធ្វើទៀត ហើយគេសុំកិច្ចការនេះបន្ត»។

សម្តេចក៏បានចំអកនៅមេដឹកនាំប្រឆាំងមានសមត្ថភាពអន់ គិតគូរតែរឿងប្រឆាំង ផ្តាប់មុខតែម្តង ។ សូម្បីតែក្មេងៗចូលរួមដើម្បីអភិវឌ្ឍន៍ប្រទេសសុទ្ធតែថាគេលក់ក្បាល៕
ដោយ៖ រិន ចំរើន