កងទ័ពកម្ពុជា-សឹង្ហបុរី បង្ហាញនូវមោទកភាពចំពោះទំនាក់ទំនងមិត្តភាពជិតស្និទ្ធ

ភ្នំពេញ៖ មេបញ្ជាការកងទ័ពកម្ពុជា-សឹង្ហបុរី បង្ហាញនូវមោទកភាពចំពោះទំនាក់ទំនងមិត្តភាពជិតស្និទ្ធ រាប់ចាប់តាំងពីការបង្កើតចំណងការទូតផ្លូវការក្នុងឆ្នាំ១៩៦៥ ដែលនៅពេលនោះកម្ពុជាស្ថិតក្នុងចំណោមប្រទេសដំបូងបង្អស់ដែលទទួលស្គាល់ឯករាជ្យរបស់សិង្ហបុរី។

ក្នុងកិច្ចប្រជុំទ្វេភាគីនាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និង លោក David Neo មេបញ្ជាការកងទ័ពជើងគោកសិង្ហបុរី ដែលកំពុងដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា បញ្ជាក់ថា ទំនាក់ទំនងនេះ ក៏បន្តរហូតមកដល់បច្ចុប្បន្ននេះ ហើយកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ក៏មានវឌ្ឍនភាពរីកចម្រើនជាលំដាប់។

ចំពោះកិច្ចសហប្រតិបត្តិការយោធាសមភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលផ្លែផ្កាជាច្រើន ដែលសម្រេចបានកន្លងមកនៅក្នុងការអប់រំបណ្តុះបណ្តាលធនធានមនុស្ស, ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់កម្រិត និងការផ្តល់ជំនួយឧបត្ថម្ភផ្នែកសម្ភារ ជាដើម និងព្រមទាំងបានកត់សម្គាល់អំពីសារៈសំខាន់ចាំបាច់ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទាំងនេះឱ្យកាន់តែសកម្មបន្ថែមទៀត ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងរឹងមាំ និងប្រកបដោយទំនុកចិត្តរវាងប្រទេស និងប្រជាជនទាំងពីរ ដើម្បីផលប្រយោជន៍ទៅវិញទៅមក ក៏ដូចជាការរួមចំណែកថែរក្សាសន្តិភាព និងសន្តិសុខនៅក្នុងតំបន់។

ក្នុងន័យនេះ មេបញ្ជាការកងទ័ពជើងគោកទាំងពីរ បានផ្តោតការពិភាក្សាលើទិសដៅសហប្រតិបត្តិការ និងការរៀបចំសកម្មភាពរួមគ្នាមួយចំនួន រួមមាន៖ ការហ្វឹកហ្វឺន, លំហាត់រួមក្នុងប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយ, ការលោតឆ័ត្រមិត្តភាព, ការផ្លាស់ប្តូរបទពិសោធន៍ជំនាញ, ការភ្ជាប់ទំនាក់ទំនងរវាងអង្គភាព និងអង្គភាព ព្រមទាំងការពិនិត្យលទ្ធភាពក្នុងការបង្កើតយន្តការទំនាក់ទំនងការងាររវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរឱ្យបានជាប់ជាប្រចាំ។

ក្នុងឱកាសនោះផងដែរ លោក ដេវីត នីអូ ក៏បានថ្លែងនូវការកោតសរសើរជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព និងបានលើកឡើងផងដែរ អំពីជោគជ័យរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM Plus) ដែលបានប្រព្រឹត្តទៅកាលពីខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ដេវីត នីអូ នាពេលនេះ គឺជាដំណើរទស្សនកិច្ចផ្លូវការលើកទី២ របស់មេបញ្ជាការកងទ័ពជើងគោកសិង្ហបុរីនៅកម្ពុជា ដែលការណ៍នេះនឹងក្លាយជាកម្លាំងចលករបន្ថែមទៀតក្នុងការជំរុញ និងលើកកម្ពស់ទំនាក់ទំនងរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរឱ្យកាន់តែសកម្ម ស៊ីជម្រៅ និងរឹងមាំ៕
ដោយ៖ ពុទ្ធិពល