ភ្នំពេញ៖ លោកបណ្ឌិត គិន ភា អ្នកតាមស្ថានការណ៍នយោបាយនៅកម្ពុជា និងជាប្រធានវិទ្យាស្ថានទំនាក់ទំនាក់ទំនងអន្រជាតិនៃរាជបណ្ឌិត្យសភកម្ពុជា បានចាត់ទុក ក្រុមគណបក្សភ្លើងទៀនបាននឹងកំពុងតែរុញច្រាន លោក កឹម សុខា ដែលបច្ចុប្បន្នកំពុងជាប់ក្តីក្តាំងក្នុងតុលាការ រឿង «ឃុបឃិតជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ឱ្យធ្លាក់ចូលទៅក្នុងផ្លូវច្បាប់កាន់តែជ្រៅ និងមានភាពស្មុកស្មាញ។
ការចាត់ទុករបស់លោកបណ្ឌិត គិត ភា ខាងលើនេះ ធ្វើឡើងបន្ទាប់ពីលោក រ៉ុង ឈុន ដែលបច្ចុប្បន្នជា អនុប្រធានគណបក្សភ្លើងទៀន បានប្រកាសស្វាគមន៍ និងស្នើសុំឱ្យលោក កឹម សុខា ដែលជាអតីប្រធានគណបក្សសង្គ្រោះជាតិ ឱ្យមកដឹកនាំគណបក្សភ្លើងទៀន ដើម្បីបង្រួបបង្រួមអ្នកប្រជាធិតេយ្យ ដើម្បីចូលរួមការបោះឆ្នោតនៅខែកក្កដា ឆ្នាំ ២០២៣ ក្រោយពេលរួចផុតពីការចោទប្រកាន់នានា។
លោកបណ្ឌិត គិន ភា ប្រាប់សារព័ត៌មាន KHMER CM ថា រហូតមកទល់នេះ ស្ថានភាពផ្លូវច្បាប់របស់លោក កឹម សុខា មិនទាន់មានភាពប្រកដប្រជានៅឡើយទេ ហើយក៏មិនទាន់ដឹងថា សាលាដំបូងរាជធានីភ្នំពេញវិនិច្ឆ័យបែបបណានៅឡើយទេ ចំពោះទោសកំហុស ក្នុងសំណុំរឿង «ឃុបឃិតជាមួយបរទេស»ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល ។
លោកបណ្ឌិតបន្តថា មួយវិញទៀត យើងក៏មិនប្រាកដចំពោះការរួចផុតពីការចោទប្រកាន់ផ្សេងៗបែបណាដែរ ។ បើអំណាចសាលក្រមរបស់តុលាការសម្រេចឱ្យរួចផុតទោស ក៏មិនប្រាកដថា រាជរដ្ឋាភិបាលដែលជាដើមបណ្តឹង អាចទទូលយកនូវការកាត់សេចក្តីរបស់តុលាការដែរ ។ ដោយឡែកចំពោះការបោះដៃ ពីលោក រ៉ុង ឈុន ដែលជាអនុប្រធានគណបក្សភ្លើងទៀន វាមិនមែនជាចេតនាក្នុងការបង្រួបបង្រួមអ្នកប្រជាធិតេយ្យនោះទេ ។
លោកបញ្ជាក់ថា អ្វីដែលលើកឡើងរបស់លោក រ៉ុង ឈុន បែបនេះ ហាក់ដូចជាកំពុងរុញឱ្យលោក កឹម សុខា កាន់តែមានភាពស្មុកស្មាញ ពីព្រោះយើងដឹងហើយថា អ្នកដែលជាប់ពិរទ្ធលើបទល្មើសផ្សេងៗ គឺមិនឱ្យមានជាប់ពាក់ព័ន្ធនឹង បញ្ហានយោបាយនោះទេ ។ ហើយបើព្យាយាមរុញឱ្យលោក កឹម សុខា ទទួលខុតត្រូវណាមួយក្នុងសកម្មភាពនយោបាយ គឺមានន័យថា រុញឱ្យលោកកឹមសុខា កាន់តែមានភាពស្មុកក្នុងច្បាប់ជាមួយនឹង ប្រព័ន្ធតុលាការ ។
លោកថ្លែងថា៖ «គួរ ឱ្យចាប់អារម្មណ៍មួយទៀត យើងត្រូវដឹងថា អតីត CNRP ដែលបានបង្កើតឡើង គឺជាអាពាហ៍ពិពារដែលបង្ខំចិត្ត រវាង អតីតគណបក្សសិទ្ធមនុស្ស និងគណបក្សសមរង្ស៊ី ។ អីចឹងទេ ក្រុមទាំងពីរនេះ មានភាពមន្ទិល បែកបាកចាប់តាំងពីដើមទី មកម្លេះ ដោយសារតែ ម្ខាងៗ មើលឃើញតែក្បត់ផលប្រយោជន៍គ្នាទៅវិញទៅមក ហើយ យើងពិនិត្យមើល ក្រុមខាងភ្លើងទៀន មាននិន្នការទៅរកលោកសមរង្ស៊ី ។ លោក សមរង្ស៊ី ក៏មិនចង់ឃើញ លោក កឹម សុខា រួចផុតពីប្រព័ន្ធតុលាការដែរ ។ ខ្ញុំគិតថា ក្រុមភ្លើងទៀន កំពុងតែរុញលោក កឹម សុខា កាន់តែឱ្យមានបញ្ហា និងស្មុកស្មាញទៅតាមផ្លូវច្បាប់ »។
លោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀន ប្រាប់ KHMER CM ឱ្យដឹងដែរថា ជំហររបស់គណបក្សភ្លើងទៀន បើកចំហរក្នុងការប្រមើប្រម៉ូលអ្នកប្រជាធិតេយ្យ ដើម្បីធ្វើជាកម្លាំងមួយសម្រាប់ចូលរួមប្រកួតប្រជែងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ ដែលនឹងប្រព្រឹតិ្តទៅនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ព្រោះ ពួកយើងជាអ្នកប្រជាធិតេយ្យ ដើម្បីធ្វើយ៉ាងណា ឱ្យសម្រេចបំណងរបស់ប្រជាពលរដ្ឋ។
លោកបន្តថា លុះត្រាអ្នកប្រជាធិតេយ្យ មានការប្រមូលផ្តុំគ្នា នៅពេលនោះ គណបក្សនឹងអាចមានកម្លាំងប្រហាក់ប្រហែលដៃគួរ ដើម្បីចូលរួមប្រកួតប្រជែងយកឈ្នះបាន ។ ដូច្នេះ គណបក្សភ្លើងទៀននៅតែប្រកាន់ជំហរស្វាគមន៍ លោកកឹម សុខា ឱ្យមកដឹកនាំ ដើម្បីបង្រួបបង្រួមអ្នកប្រជាធិតេយ្យតែយ៉ាងណា កាសម្រេចយ៉ាងណា គឺជារឿងរបស់លោក ។
លោកថ្លែងថា៖ « មួយទៀត យើងចង់ឃើញបងកឹម សុខា មានសិទ្ធិសេរីភាពឡើងវិញ និងមានសិទ្ធិធ្វើនយោបាយ ហើយយើង ក៏បើកលំហរ និងរងចាំស្វាគម៍វត្តមានរបស់គាត់ បើគាត់ឯកភាពចូលរួមជាមួយយើង ហើយគ្មានពីណាសម្រេចចិត្តចំនួសគាត់ទេ ប៉ុន្តែ យើងក៏និយាយបើកផ្លូវ និងបើកចិត្តសម្រាប់គាត់ដែរ ហើយការសម្រេចចិត្តក៏ជារឿងរបស់គាត់ដែរ »។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក មុត ចន្ថា មនុស្សស្និទ លោក កឹម សុខា ប្រាប់ លោក រ៉ុង ឈុន ថា លោក កឹម សុខា នឹងមិនទៅដឹកនាំបក្សភ្លើងទៀននោះទេ ទោះក្នុងកាលៈទេសៈណា ក៏ដោយ និងបញ្ឈប់តោងទាមកេងប្រយោជន៍ពីរូបគាត់!។
លោកបន្តថា អនុប្រធានបក្សភ្លើងទៀនលោក រុង ឈុន ខំទូងស្គរលេងប៉ាហ៊ី ដោយព្យាយាមស្រែកបន្លំយកឈ្មោះរបស់ លោ កឹម សុខា មកភ្ជាប់ជាមួយបក្សភ្លើងទៀន នៅក្រោមលេសអញ្ជើញ លោក កឹម សុខា ឱ្យទៅដឹកនាំបក្សភ្លើងទៀន។ ទោះបីនិយាយពិត ឬបន្លំ ក៏វាមិនអាចទៅរួចឡើយ!
លោកសរសេរថា៖« ជានិច្ចជាកាល ខ្ញុំតែងតែនៅជាប់ជាមួយ ឯកុឧត្តម កឹម សុខា រហូតមកដល់ពេលនេះ ខ្ញុំស្គាល់ច្បាស់ និងដឹងយ៉ាងប្រាកដ អំពីទស្សនៈ គោលការណ៍ និងគោលជំហររបស់ ឯកឧត្តម កឹម សុខា ដោយតម្កល់ប្រយោជន៍ជាតិ និងប្រជាពលរដ្ឋខ្មែរ គឺ «លោកនឹងមិនទៅដឹកនាំបក្សភ្លើងទៀន ទោះក្នុងកាលៈទេសៈណា ក៏ដោយ»”។
លោកបន្ដថា«អ្វីដែលមិនអាចនោះ គឺទស្សនៈ គោលការណ៍ និងគោលជំហររបស់មេដឹកនាំបក្សភ្លើងទៀន ផ្ទុយស្រឡះពី ឯកឧត្តម កឹម សុខា ហើយអ្នកនយោបាយអគុណធម៌មួយចំនួន នៃបក្សភ្លើងទៀន បានវាយប្រហារ និងប្រមាថមកលើលោក រួមទាំងអ្នកវិភាគរត់ចោលស្រុក ឈ្មោះ សេង សារី»។
លោកបន្ថែមថា ម្យ៉ាងវិញទៀត ប្រមុខរាជរដ្ឋាភិបាលធ្លាប់បានថ្លែងជាសាធារណៈថា អាជ្ញាធរមានភស្តុតាងរឹងមាំរួចហើយ អំពីការជាប់ពាក់ព័ន្ធ រវាងមេដឹកនាំបក្សភ្លើងទៀន និង លោក សម រង្ស៉ី ព្រមទាំងអ្នកនយោបាយទណ្ឌិតនៅក្រៅប្រទេស។ លោកបញ្ជាក់ទៀតថា”យើងខ្ញុំថាទាំងមេស្ថាបនិក និងមេដឹកនាំបក្សភ្លើងទៀនដែលមានតែឈ្មោះគ្មានអំណាច បញ្ឍប់ចេតនាទុច្ចរិតរបស់ពួកគេ”៕ ដោយ៖ ពុទ្ធិពល