កម្ពុជា នឹងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ សិទ្ធិ និងកិច្ចការពារអតិថិជនក្នុងកម្រិតឃុំសង្កាត់

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា (NBC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានរួមគ្នាដាក់ឱ្យដំណើរ ការគម្រោងស្តីពី «ការពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍» កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងគោលបំណងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ សិទ្ធិ និងកិច្ចការពារអតិថិជនតាមសហគមន៍ ក្នុងឃុំ-សង្កាត់។

យោងតាមសេចក្តីប្រកាសព៏ត៌មាន របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នៅថ្ងៃទី ២៧ ខែកុម្ភៈនេះ ឱ្យដឹងថា គម្រោងនេះ សំដៅលើកកម្ពស់ លទ្ធភាពទទួលបាន និងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការប្រកបដោយសុវត្ថិភាពនៅតាម សហគមន៍ ដែលនឹងចូលរួមជម្រុញគោលនយោបាយជាតិស្តីពី ភូមិឃុំមានសុវត្ថិភាព។ គម្រោង «ការពង្រឹងសុវត្ថិ ភាពហិរញ្ញវត្ថុក្នុងសហគមន៍» នឹងត្រូវអនុវត្តសាកល្បង ក្នុងខេត្តកំពង់ធំ កំពង់ស្ពឺ ស្វាយរៀង និងខេត្តបាត់ដំបងចាប់ពីឆ្នាំ២០២៣នេះ ហើយនឹងបន្តពង្រីកវិសាលភាពនៅឆ្នាំបន្តបន្ទាប់។

សេចក្តីប្រកាសព័ត៌មាននេះបន្តថា ការបង្កើតគម្រោងនេះ គឺផ្អែកលើលទ្ធផលនៃការសិក្សាស្រាវជ្រាវផ្សេងៗ ធ្វើឡើងក្នុងឆ្នាំ២០២២ ដោយអង្គការJICA និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដោយមានការគាំទ្រពី Cerise+SPTF និង អង្គការADA ប្រទេសលុចហ្សំបួរ។ ការសិក្សា រួមទាំងសិក្ខាសាលាពិគ្រោះយោបល់ដែលបានធ្វើឡើងជាមួយអាជ្ញាធរមូលដ្ឋាន បានរកឃើញស្រដៀង គ្នាអំពីសារៈសំខាន់នៃចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដែលនាំទៅដល់ការជម្រុញបរិយាបន្នហិរញ្ញវត្ថុនៅកម្រិតមូលដ្ឋាន។លទ្ធផល ក៏បានឆ្លុះបញ្ចាំងតួនាទីដ៏សំខាន់របស់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ក្នុងការជួយលើកកម្ពស់ និង បញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ សម្រាប់ការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ និងប្រកបដោយសុវត្ថិភាព ដើម្បីរួម ចំណែកធ្វើឱ្យប្រសើរឡើងនូវជីវភាពរបស់ប្រជាជន នៅតាមមូលដ្ឋាន។

បើតាសេចក្តីប្រកាសព័ត៌មានដដែល ការអនុវត្តគម្រោងនេះ ចាំបាច់ឱ្យមានការចូលរួមយ៉ាងសកម្ម និងការគាំទ្រពីធនាគារជាតិនៃកម្ពុជា សមាគមមីក្រូ ហិរញ្ញវត្ថុកម្ពុជា ទីភ្នាក់ងាររដ្ឋាភិបាល អាជ្ញាធរ អង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិ ក៏ដូចជាដៃគូអភិវឌ្ឍន៍ និង អ្នកពាក់ព័ន្ធសំខាន់ៗផ្សេងទៀត។ គណៈកម្មាធិការដឹកនាំគម្រោង ដែលមានធនាគារជាតិនៃកម្ពុជា ជាប្រធាន ព្រម ទាំង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ជាសហប្រធាន នឹងត្រួតពិនិត្យការអនុវត្តគម្រោង និងធានាឱ្យបាននូវ លទ្ធផលស្របតាមយុទ្ធសាស្ត្រជាតិ ស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ ២០១៩-២០២៥ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យ ហិរញ្ញវត្ថុឆ្នាំ ២០១៦-២០២៥។

ប្រភពដដែលបញ្ជាក់ថា គម្រោងនេះនឹងរួមចំណែកដល់ការលើកកម្ពស់កម្រិតជីវភាព និងការអភិវឌ្ឍក្នុងតំបន់សាកល្បងគម្រោង ព្រមទាំង បន្តពង្រីកសកម្មភាពទូទាំងប្រទេសកម្ពុជាក្នុងគោលដៅរយៈពេលវែង តាមរយៈយន្តការក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលមានស្រាប់ ។ គម្រោងនេះក៏នឹងពង្រឹងភាពជាដៃគូ និងការប្រមូលធនធានដើម្បីបង្កើនគុណភាពនៃការអនុវត្ត ការចងក្រងឯកសារភស្តុតាង និងគម្រូនៃការអនុវត្តល្អបំផុត សំដៅពង្រីកវិសាលភាពគម្រោងនាពេលអនាគត។

លោក រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា ថ្លែងថា «ជំនឿទុកចិត្តពីសាធារណជនក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ជាកត្តាចម្បងដែលធនាគារជាតិន កម្ពុជា និងភាគីពាក់ព័ន្ធបានខិតខំប្រឹងប្រែងបន្តអនុវត្តដើម្បីលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងពង្រឹងកិច្ច ការពារអតិថិជន ក្នុងគោលដៅរក្សាស្ថិរភាពប្រព័ន្ធធនាគារទាំងមូល និងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅក្នុង ប្រទេសផងដែរ។

ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោក សុខ ធឿន ក៏បានបញ្ជាក់ដែរថា៖ «ការអនុវត្ត គម្រោងនេះ ទាមទារការសម្របសម្រួល និងសហការយ៉ាងជិតស្និទ្ធក្នុងចំណោមភាគីពាក់ព័ន្ធ រួមទាំងប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានផងដែរ។ យើងនឹងធ្វើការរួមគ្នាដើម្បីធានានូវការអនុវត្តគម្រោង ប្រកបដោយប្រសិទ្ធភាព ហើយយើងជឿជាក់ថា វានឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ សិទ្ធិ និងកិច្ចការពារ អតិថិជននៅក្នុងប្រទេសកម្ពុជា។»

គម្រោង «ការពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍» គឺជាគំនិតផ្តួចផ្តើមដ៏សំខាន់ពីវិស័យហិរញ្ញវត្ថុ ដែលរួមពង្រឹង បន្ថែមគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រដ្ឋាភិបាល និង ជម្រុញបរិយាបន្ទហិរញ្ញវត្ថុប្រកបដោយទំនួល ខុសត្រូវ។ គម្រោងនេះ គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការលើកកម្ពស់ ការរួមបញ្ចូលផ្នែកហិរញ្ញវត្ថុ សិទ្ធិ និង កិច្ចការពារអតិថិជននៅក្នុងប្រទេសកម្ពុជា។ ភាពជោគជ័យរបស់គម្រោង នឹងធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួល បានសេវាហិរញ្ញវត្ថុផ្លូវការ រួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍នៅក្នុង ប្រទេសកម្ពុជា៕ ដោយ៖ ពុទ្ធិពល