ភ្នំពេញ ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអះអាងថា កាលពីសម័យមុនកម្ពុជាបានដើរលឿនជាងកូរ៉េខាងត្បូង ប៉ុន្តែបច្ចុប្បន្នដើរយឺតជាង ដោយសារថ្នាក់ដឹកនាំសម្រេចធ្វើរដ្ឋប្រហារ ទើបធ្វើឲ្យកម្ពុជាមានការអភិវឌ្ឍដើរយឺតជាងកូរ៉េខាងត្បូង។
ក្នុងពិធីប្រគល់ សញ្ញាបត្រដល់និស្សិត បច្ចេកវិទ្យា និងគរុនិស្សិតបច្ចេកទេសជ័យលាភីនៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) នាព្រឹកថ្ងៃ២៧ កុម្ភៈ សម្តេចមានប្រសាសន៍ថា «កាគិតគូរផ្នែកបច្ចេកទនៅក្នុងប្រទេសកម្ពុជាមិនមែនមាននៅពេលក្រោយនេះទេ គឺមានតាំងពីសម័យដឹកនាំរបស់ព្រះបរមរតនកោដ្ឋ សីហនុ មកម៉្លេះ ពោលគឺនៅក្នុងទសវត្ស៥០បានបង្កើតបច្ចេកវិទ្យា គឺវិទ្យាស្ថានបច្ចេកវិទ្យាសព្វថ្ងៃនេះរួចហើយ ហើយពេលនោះមានឈ្មោះវិទ្យាស្ថានព្រះកុសមៈ ដែលសំដៅដល់ការបណ្តុះ បណ្តាលផ្នែកបច្ចេកទេសនេះឯង»។
សម្តេចលើកឡើងថា តាមរយៈឯកសារវិដេអូនានាអ្នកបច្ចេកទេសក៏មានការកើនឡើងនៅក្នុងដំណាក់នោះ ក៏ប៉ុន្តែសង្គ្រាមបានបំផ្លាញការរីកលូតលាស់ខាងបច្ចេកទេសរហូតដល់របបប៉ុលពត បានបំផ្លាញខ្ទេចតែម្តង។
សម្តេចគូសបញ្ជាក់ទៀតថា «ចំណុចនេះយើងចោទសួរថាតើ សួរថាបើសិនប្រទេសកម្ពុជាយើងមិនកើតសង្គ្រាមនៅឆ្នាំ១៩៧០ សួរថាតើប្រទេសយើងបានដើរដល់ណាហើយ ? នៅក្នុងពេលនោះ កម្ពុជាមានប្រាក់ចំណូលជាង២០០ដុល្លារក្នុងមួយនាក់ ក្នុងពេលដែលកូរ៉េខាងត្បូតមានតែ១៧៨ដុល្លារទេ។ ដូច្នេះកម្ពុជាលឿនជាងកូរ៉េខាងត្បូងទៀត ប៉ុន្តែឥឡូវនេះ កូរ៉េខាងត្បូងគេដើរលឿនទៅឆ្ងាយជាងយើងឆ្ងាយទៅហើយ ឯងយើងនៅក្រោយ»។
ចំណុចដែលកម្ពុជាដើរយឺតជាងកូរ៉េចមកដល់សព្វថ្ងៃនេះត្រូវបានសម្តេចតេជោអះអាងយ៉ាងដូច្នេះថា« ចំណុចនេះដោយសារកំហុសមេដឹកនាំសម្រេចចិត្តធ្វើរដ្ឋប្រហារ បន្ទាប់ទៅគឺរបបប៉ុលពត ។ ឥឡូវវិល មកវិញគឺក្រោយថ្ងៃរំដោះយើងបានរៀបចំឲ្យមានការបណ្តុះបណ្តាល ក៏ប៉ុន្តែការបណ្តុះបណ្តាលរបស់យើងទៅមុខមិនរួច ដោយសារទីផ្សារ»៕ ដោយ៖ រិន ចំរើន