ករណីបុរី VIP នៅខេត្តព្រះសីហនុ បើអនុវត្តតាមច្បាប់គឺម្ចាស់ ក្រុមហ៊ុនត្រូវផ្ដន្ទាទោសតាមច្បាប់ជាធរមាន

ព្រះសីហនុ៖ ករណីវិវាទរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុន បុរី វីអាយភី ពាក់ព័ន្ធការអនុវត្តកិច្ចសន្យាទិញ-លក់ផ្ទះមានទីតាំងស្ថិតនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បើអនុវត្តតាមច្បាប់គឺម្ចាស់ ក្រុមហ៊ុនត្រូវផ្ដន្ទាទោសតាមច្បាប់ជាធរមាន។

ក្នុងកិច្ចប្រជុំកាលពីចុងសប្តាហ៍កន្លងមនេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបញ្ជាក់ថា ប៉ុន្តែក្នុងនាមរដ្ឋបាលខេត្តមិនចង់ឱ្យយកជម្រើសនេះជា ដំណោះស្រាយនោះទេ គឺរដ្ឋបាលខេត្តខិតខំសម្របសម្រួលជាមួយភាគីពាក់ព័ន្ធទាំងអស់ដើម្បីរកដំណោះស្រាយ សមស្របណាមួយ ដើម្បីឱ្យភាគីពាក់ព័ន្ធទាំងអស់ទទួលបានផលប្រយោជន៍រៀងៗខ្លួន ជៀសវាងការអនុវត្តច្បាប់ ដោយឱ្យម្ចាស់ក្រុមហ៊ុនត្រូវទទួលទោសទៅតាមច្បាប់។

លោកបន្តថា ដូចនេះ ជាដំណោះស្រាយបន្តនាពេលខាងមុខ រដ្ឋបាល ខេត្តព្រះសីហនុ ស្នើម្ចាស់បំណុលទាំងអស់ចូលរួមសហការរកដំណោះស្រាយឈ្នះឈ្នះទាំងអស់គ្នា និងស្នើឱ្យម្ចាស់ បំណុលទាំងអស់ពិចារណាអំពីការស្នើសុំរបស់ក្រុមហ៊ុនបុរី វីអាយភី ក្នុងការបញ្ឈប់យកការប្រាក់ ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចដាក់កម្មវិធីប្រជុំដោះស្រាយម្ដងទៀត នៅថ្ងៃសុក្រ ទី០៣ ខែមីនា ឆ្នាំ ២០២៣ វេលាម៉ោង ១៤:៣០ នាទីរសៀល ដោយអញ្ជើញតំណាងបងប្អូនប្រជាពលរដ្ឋ ម្ចាស់ក្រុមហ៊ុន បុរី អាយភី និងម្ចាស់បំណុលទាំង ០៣ រួមមាន លោកស្រី សេង រួចលាង, លោកឧកញ៉ា លី ហាក់ និងលោកស្រី ឈន សៀកលាង ចូលរួមប្រជុំដោយផ្ទាល់ ដើម្បីពិគ្រោះគ្នារកដំណោះស្រាយ។

រដ្ឋបាលខេត្តព្រះសីហនុ នឹងខិតខំសម្របសម្រួលឱ្យមានការស្រុះស្រួលគ្នារវាងភាគីពាក់ព័ន្ធ ដើម្បីចង់បាន ការសាងសង់បន្តជូនអតិថិជនដែលបានបង់ប្រាក់ជូនក្រុមហ៊ុនរួចហើយ។

ជាមួយគ្នានេះ គម្រោងបុរី VIP នៅក្នុងខណ្ឌដង្កោរ រាជធានីភ្នំពេញ ក៏មានវិវាទជាមួយអតិថិជនផងដែរ ដែលបញ្ហានេះ រដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់ថា មានភាពស្មុកស្មាញ និងពិបាកដោះស្រាយ៕ ដោយ៖ ពុទ្ធិពល