ភ្នំពេញ៖ រាជរដ្ឋាភិបាលតាមរយៈទីស្តីការគណៈរដ្ឋមន្ត្រី បានសម្រេច ប្រគល់ដីដែលកម្ពុជាទទួលបានបន្ទាប់ពីការបោះបង្គោល និងខណ្ឌសីមាព្រំដែន ស្ថិតក្នុង ភូមិសាស្ត្រខេត្តត្បូងឃ្មុំ និងខេត្តស្វាយរៀង ទំហំសរុប ១ ២៦៥ហិកតា ០៩អា ជូនកងទ័ព និងនគរបាលជាតិឈរជើងតាមព្រំដែនកម្ពុជា-វៀតណាម អតីតកងកម្លាំងប្រដាប់អាវុធនិងគ្រួសារ និងប្រជាពលរដ្ឋក្រីក្រស៊ីវិលទូទៅ។
តាមសេចក្តីជូនដំណឹងលេខ ១៩៥ សជណ/ដប របស់ទីស្តីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២៣ បាន បន្តថា ក្នុងនោះផ្ទៃដីទំហំ ៦១១ហិកតា ៨២អា ស្ថិតនៅខេត្តត្បូងឃ្មុំ និងផ្ទៃដីទំហំ ៦៥៣ហិកតា ២៧អា ស្ថិតនៅខេត្តស្វាយរៀង ដែលបច្ចុប្បន្នស្ថិតក្រោម ការគ្រប់គ្រងរបស់អាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន ជូនគណៈកម្មាធិការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិ សម្រាប់អនុវត្តកម្មវិធីសម្បទានដីសង្គមកិច្ចជូនកងទ័ព និងនគរបាលជាតិឈរជើងតាមព្រំដែនកម្ពុជា-វៀតណាម អតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ និងប្រជាពលរដ្ឋក្រីក្រស៊ីវិលទូទៅ។
សេចក្តីជូនដំណឹងនេះ បន្តថា លេខាធិការដ្ឋានអចិន្ត្រៃយ៍នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន ត្រូវផ្តល់ទិន្នន័យផែនទី និងនិយាមកាដីទំហំ ១ ២៦៥ហិកតា ០៩អា ដូចមានបញ្ជាក់ក្នុងលិខិតលេខ ១០២ ០៦/១៩ រប.អ.ជ.ព.ដ ចុះ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ និងលេខ ០៦១ ៧/២០ រប.អ.ជ.ព.ដ ចុះថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ របស់ អាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន ជូនគណៈកម្មាធិការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិដើម្បីចាត់ចែង៕ ដោយ៖ពុទ្ធិពល