ភ្នំពេញ ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានអះអាងថា កម្ពុជា នឹងក្លាយជាអ្នកខ្លាំងមួយ ក្នុងចំណោមអ្នកខ្លាំង ខាងចែកចាយគ្រាប់ស្វាយចន្ទី ព្រោះមួយឆ្នាំ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីមិនទាន់កែច្នៃ ១លានតោន។
ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបច្ចេកវិទ្យា និងគរុនិស្សិតបច្ចេកទេស ជ័យលាភី នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស នាព្រឹកថ្ងៃ២៧ កុម្ភៈសម្ដេចមានប្រសាសន៍ថា បច្ចុប្បន្នគ្រាប់ស្វាយចន្ទីបានកែច្នៃរួច មានកម្រិតតិចតួចនៅឡើយ ដែលផលិតទាំងនោះ សម្រាប់តម្រូវការនៅក្នុងស្រុកតែប៉ុណ្ណោះ។
សម្ដេច បញ្ជាក់ថា «បើកម្ពុជាមានលទ្ធភាព កម្ពុជាអាចក្លាយទៅជាប្រទេសដែលចែកចាយនូវគ្រាប់ស្វាយចន្ទី នឹងក្លាយអ្នកជាខ្លាំងមួយ ក្នុងចំណោមអ្នកខ្លាំង នៃការចែកចាយ ព្រោះក្នុងមួយឆ្នាំ កម្ពុជានាំចេញគ្រាប់ស្វាចន្ទីរមិនទាន់កែច្នៃ ១លានតោន ក្នុងមួយឆ្នាំ»។
សម្ដេចបន្ដថា កម្ពុជាកំពុងទាក់ទាញអ្នកវិនិយោគ ហើយសម្ដេចតែងតែប្រាប់ទៅបរទេសឲ្យអ្នកវិនិយោគយកចិត្តទុកដាក់លើការវិយោគលើឧស្សាហកម្មកែច្នៃនៅ។ សម្ដេចបន្ថែមថា កម្ពុជាមិនទាន់មានសមត្ថភាពក្នុងការកែច្នៃផលិតកសិកម្មបានច្រើននៅឡើងទេ ដូចជា៖ ស្រូវ អង្ករដែលទាមទារឲ្យមានកិច្ចខិតខំប្រឹងប្រែង និងការចូលរួមវិនិយោគពីដៃគូសហការនានា៕ ដោយ៖ រិន ចំរើន