ភ្នំពេញ៖ កីឡាករ គុនខ្មែរ ចំនួន ២រូប គឺ កីឡាករ ព្រំ សំណាង និងកីឡាករ ធឿន ធ៉ារ៉ា នាពេលបច្ចុប្បន្ននេះ កំពុងទទួលបានការគាំទ្រភ្លូកទឹកភ្លូកដីពីប្រជាពលរដ្ឋ និងអ្នកនិយមស្រឡាញ់គុនខ្មែរ ក្រោយពីពួកគេទទួលបានជ័យជម្នះជាបន្តបន្ទាប់តាមរយៈការផ្តួលគូរប្រកួតឱ្យបោះបង់ការប្រកួត។
ជាក់ស្តែង កីឡាករ ព្រំ សំណាងកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០២៣ បានបន្តយកឈ្នះនៅ សង្វៀន លំដាប់ កំពូល របស់ ថៃ (THAI FIGHT) ដោយប្រើជង្គង់ច្រើន ធ្វើឲ្យកីឡាកររបស់រុស្សី Firdavszhon Naiimov ចុះចាញ់ត្រឹមទឹកទី១។ ដោយឡែក កីឡាករ ធឿន ធ៉ារ៉ា បានបន្តឈ្នះ កីឡាករម៉ារ៉ុក អូរសាម៉ា សន្លប់ធំងើបលែងរួច ដោយប្រើប្រស់ជង្គង់ត្រឹមទឹក២ ។
ក្រុមអ្នកនិយមគុនខ្មែរ បានកោតសរសើរ ពីបច្ចេកទេស និង កម្លាំងនៃការវាយរបស់កីឡាកទាំងពីរនេះ ក្នុងការផ្តួលគូរប្រគួត ឱ្យបោះបង់ចោលការប្រកួត ដែលពួកគេចាត់ទុកថា កីឡាករទាំងពីរនេះ កំពុងទទួលបានប្រជាប្រិយភាព និង ការគាំទ្រច្រើនពីប្រជាពលរដ្ឋ ដោយមិនទាន់មានឃើញកីឡាករណាមួយផ្សេងទៀត ប្រៀបបាននៅឡើយទេ ។
ក្រោយពីទទួលបានជោគជ័យជាបន្តបន្តបន្ទាប់កីឡាករទាំងពីរនេះ ក៏ទទួលបានប្រាក់ឧបត្ថម្ភពីមហាជន និងម្រៃខ្ពស់ផងដែរក្នុងពេលប្រកួតម្តងៗផងដែរ ជាពិសេសក៏មានក្រុមហ៊ុនមួយចំនួន ហៅឱ្យទៅថតពាណិជ្ជកម្មផងដែរ។
លោក កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា និងជាប្រធានគណៈកម្មការសិទ្ធិមនុស្សកម្ពុជា បានកោតសរសើរ កីឡាករ ធឿន ធារ៉ា ជាកីឡាករគុនខ្មែរដែលមានល្បិចនិងឈ្លាសវៃក្នុងការវៃ ។
ជាមួយគ្នានេះ លោក ក៏បានផ្តល់យោបល់ ឱ្យកីឡាកររូបនេះ ១/ សាមីខ្លួនត្រូវ កុំភ្លើតភ្លើននឹងអំនួត កុំដើរផឹកស៊ីដាច់យប់ខិតខំហ្វឹកហាត់ឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត និង រៀបចំខ្លួនធ្វើជាកីឡាករគំរូ ២/ អ្នកដឹកនាំគួរយកចិត្តទុកដាក់គាត់បន្ថែមទៀតដោយមានការលើកទឹកចិត្ត ថែទាំគាត់ឲ្យបានល្អ និងគ្រូៗចាស់ៗផងដែរ ។ និង ៣/ អ្នកមានលទ្ធភាពដែលស្រឡាញ់កីឡាគឺជាឱកាសសមស្របបំផុត ក្នុងការចូលរួមពង្រឹងគុនខ្មែរឲ្យមានចីរភាពចាប់ពីពេលនេះតទៅ៕ ដោយ៖ ពុទ្ធិពល