ករណីបិទ VOD: លោក ផែង​ វណ្ណៈ សរសេរលិខិត​ចំហរ​ឆ្លើយតបអង្គការ​សង្គម​ស៉ីវិល​ចំនួន​ ៤០​

សូមអានលិខិតទាំងស្រុងខាងក្រោម:

ប៉ុន្មានថ្ងៃ​នេះ​ មាន​លិខិត​ចំហរ​មួយច្បាប់​ ២​ ទំព័រ​ ដែល​អះអាង​ថា​ ជា​អង្គការ​សង្គម​ស៉ីវិល​ ចំនួន​ ៤០​ បាន​ផ្ញេីទៅ​កាន់​ ឯកឧត្តម​ លោកជំទាវ​ ជាប្រធាន​ស្ថាប័ន​ចំនួន​ ៤​ ក្នុង​នោះ​មាន​ ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ ក្រសួង​កិច្ច​ការ​នារី​ ក្រសួង​ព័ត៌មាន​ និង​ ក្រសួង​ប្រៃសនីយ៍​ និង​ ទូរគមនាគមន៍​ ដោយស្នេីសុំ​អោយ​ស្ថាប័ន​ទាំង​ ៤​ ចាត់​វិធានការ​ច្បាប់​មកលេី​ខ្ញុំ​បាទ​ ផែង​ វណ្ណៈ​ ដោយ​ចោទប្រកាន់​ថា​ ខ្ញុំ​ប្រើ​សំដី​អសុរស​ប្រមាថ​ទៅលេី​អ្នកសារព័ត៌មាន​ស្រី​ម្នាក់​នៅ​ VOD ។ មុននឹង​ខ្ញុំ​ឆ្លេីយតបទៅ​កាន់​ លិខិត​ចំហរ​របស់​ អង្គការ​ទាំង​នោះ​ ខ្ញុំ​បាទ​សូម​ធ្វើ​ការ​ អភ័យ​ទោស​ចំពោះ​ ឯកឧត្តម​ លោកជំទាវ​ រដ្ឋ​មន្រ្ដី​ ទាំង​ ៤​ ស្ថាប័ន​ ដែល​ដោយសារតែខ្ញុំ​បាទ​ រំខាន​ដល់​ ឯកឧត្តម​ លោកជំទាវ​។

តាមពិត​ទៅ​នៅថ្ងៃ​ទី​ ១១​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០២៣​ ខ្ញុំ​បាទ​ក្នុង​នាម​ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់​រស់​នៅ​ក្រោមម្លប់សន្តិភាព​នៃ​កម្ពុជា​ ខ្ញុំ​បាន​សរសេរ​ អត្ថបទ​មួយ​ឆ្លេីយតប​ទៅកាន់​អ្នក​ធ្វេី​ អត្ថាធិប្បាយ​ស្រី​ម្នាក់​នៅ​វិទ្យុ​ VOD ដែលបាន​បង្កេីត​ព័ត៌មាន​ក្លែងក្លាយ​មួយបង្កាច់​ ឯកឧត្តម​បណ្ឌិត​ ហ៊ុន​ ម៉ាណែត​ ថាបានចុះ​ហត្ថលេខា​ជំនួស​ឪពុក​ ក្នុង​ការ​ផ្ដល់​ជំនួយ​ទៅ​ប្រទេស​តួគី​ ដែល​រងគ្រោះ​ដោយសារ​រញ្ជួយ​ដី​ ដែល​ធាតុ​ពិត​គឺ​គ្មាន​ទាល់តែ​សោះ​ ។ ក្នុង​ការ​សរសេរ​អត្ថបទ​នោះ​ខ្ញុំ​ទទួល​ស្គាល់​ថា​ ការ​លេីក​ឧទាហរណ៍​របស់​ខ្ញុំ​ ពិត​ជា​មាន​ពាក្យ​ពេជន៍មិនសូវ​សមរម្យ​ពិតមែន​ ។ តែ​ករណី​នេះ​ ជា​ករណី​ បុគ្គល​រវាងខ្ញុំ​ជា​ពលរដ្ឋ​ម្នាក់​ ជាមួយអ្នក​ធ្វើ​ អត្ថាធិប្បាយ​ វិទ្យុ​ VOD តែ​ប៉ុណ្ណោះ​ ។ ខ្ញុំ​សូម​បញ្ជាក់​ថា​បេីគ្មាន​ភ្លេីង​ក៏គ្មាន​ផ្សែងដែរ​ ហេីយ​ការ​សរសេរ​ អត្ថបទ​នោះ​គឺ​សរសេរ​ក្នុង​នាម​ពលរដ្ឋ​ម្នាក់​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​ខ្ញុំ​ ដោយខ្ញុំបាទ​មិនបាន​ប្រេី​ វេបសាយ​ ឬ​ ទំព័រ​ហ្វេសប៊ុកផ្លូវការដែល​ចុះ​បញ្ជី​នៅ​ក្រសួង​ព័ត៌មាន​ នោះទេ​ ។ បេី​បុគ្គល​ដែល​រងការ​រិះគន់​ពីខ្ញុំយល់ថា​ពាក្យ​ពេចន៍​របស់​ខ្ញុំ​ខុស​ច្បាប់​អាចដាក់​ពាក្យ​ប្ដឹង​ខ្ញុំ​តាមផ្លូវច្បាប់​ទៅ​តុលាការ​បាន​ ។

ខ្ញុំបាទ​សំណូមពរ​អោយ​អង្គការ​សង្គម​ស៊ីវិល​ទាំង​ ៤០​ គួរ​ចំណាយពេល​បង្កើត​វគ្គ​បណ្ដុះ​បណ្ដាល​បំប៉នជំនាញ​វិជ្ជាជីវៈ​សារព័ត៌មាន​ ដល់​អ្នក​សារព័ត៌មាន​ដែល​តែងតែ​បង្កើត​ព័ត៌មាន​ក្លែងក្លាយ​ ជ្រកក្រោម​ស្លាក​ សារព័ត៌មាន​ ឯករាជ្យ​ ​អោយពួកគាត់​ងាកមក​គោរព​ច្បាប់​ គោរព​វិជ្ជាជីវៈ​សារព័ត៌មាន​ និង​ កុំធ្វេី​ជា​ឧបករណ៍​បំរើ​នយោបាយ​បរទេស​ដេីម្បី​បំបែក​បំបាក់​ជាតិ​ខ្មែរ​ ។

ធ្វេី​នៅ​ក្រុងតាខ្មៅ​ ថ្ងៃ​ទី​ ១៦​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០២៣​ ៕