ខេត្តកំពង់ចាម ត្រូវបានប្រកាសជាខេត្តអស់មីនទី៧

កំពង់ចាម៖ ខេត្តកំពង់ចាម ត្រូវបានប្រកាសជាខេត្តអស់មីន ក្រោមការគាំទ្រពី គម្រោងសម្តេច ហ៊ុន សែន សម្រាប់សកម្មភាពមីន ក្រោមមូលបទ “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” បន្ទាប់ពីខេត្តស្ទឹងត្រែង ខេត្តកែប ខេត្តព្រៃវែង ភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តត្បូងឃ្មុំ ដែលត្រូវបានប្រកាសជារាជធានី-ខេត្តអស់មីន ក្នុងឆ្នាំ២០២២ កន្លងទៅនេះ។

ពិធីប្រកាសត្រូវបានធ្វើឡើងនៅថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៣ ក្រោមអធិបតីភាព លោក ហ៊ុន ម៉ានិត នាយករងខុទ្ទកាល័យ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ តំណាងរបស់ សម្តេចនាយករដ្ឋមន្រ្តី លោក លីធុជ អនុប្រធានទី១ អាជ្ញាធរមីន និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។

លោក លីធុជ អនុប្រធានទី១ អាជ្ញាធរមីន ថ្លែងថា បន្ទាប់ពីទទួលការអនុញ្ញាត ពី សម្តេចនាយករដ្ឋមន្រ្តី អាជ្ញាធរមីន បានពង្រាយកម្លាំងបោសសម្អាតមីនរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ ដើម្បីធ្វើការបោសសម្អាតមីនដែលបានដឹងឲ្យអស់ក្នុងខេត្តចំនួន ០៥ រួមមានខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តស្វាយរៀង ខេត្តតាកែវ និងខេត្តកំពត ដោយប្រើប្រាស់ថវិកាពីគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន ដំណាក់កាលទី១។

លោកបន្តថា សម្រាប់ការអនុវត្តគម្រោងសម្តេច ហ៊ុន សែន នៅខេត្តកំពង់ចាម និងឈានដល់ប្រកាសជាខេត្តអស់មីន នាថ្ងៃនេះ អង្គភាពស៊ីម៉ាក់ បានធ្វើការបោសសម្អាតមីនចុងក្រោយ ក្នុងទំហំផ្ទៃដីសរុបចំនួន ០,៩៧ គីឡូម៉ែត្រក្រឡា ស្មើនឹង ១១ ចម្ការមីន។ ដោយឡែក ខេត្តចំនួន ០៤ ទៀត រួមមាន ខេត្តកំពង់ឆ្នាំង ខេត្តស្វាយរៀង ខេត្តតាកែវ និងខេត្តកំពត នឹងត្រូវប្រកាសផងដែរ ជាខេត្តអស់មីន មុនចូលឆ្នាំខ្មែរ ខាងមុខនេះ។

បើតាម លោក លីធុជ គិតត្រឹមខែធ្នូ ឆ្នាំ២០២២ ផ្ទៃដីសង្ស័យមានមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅខេត្តកំពង់ចាម សរុបប្រមាណជាង ៤៦,២ គីឡូម៉ែត្រក្រឡា ស្មើនឹង ៣៤៩ ចម្ការមីន/គ្រាប់ ត្រូវបានបោសសម្អាតរួច ដោយរកឃើញ និងកំទេចចោលគ្រាប់មីនប្រឆាំងមនុស្សចំនួន ១៤០៦ គ្រាប់ មីនប្រឆាំងរថក្រោះ ១៤២ គ្រាប់ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដទៃទៀត ៦៣ ៥៧៤ គ្រាប់ ដោយប្រតិបត្តិករជាតិចំនួន ២ រួមមានអង្គភាពស៊ីម៉ាក់ និងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។

លោកបន្ថែមថា ទោះបីខេត្តកំពង់ចាម ត្រូវបានប្រកាសអស់មីនដែលយើងបានដឹង នាថ្ងៃនេះ ខេត្តកំពង់ចាម នៅសល់ផ្ទៃដីសង្ស័យមានគ្រាប់បែកចង្កោម និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដទៃទៀត ប្រមាណជាង ៦៧ គីឡូម៉ែត្រក្រឡា ស្មើនឹង ៣៩០ ចម្ការគ្រាប់ ទៀត ស្ថិតនៅពាសពេញខេត្ត។

កម្ពុជា មុននឹងឈានដល់ថ្ងៃនេះ និងសម្រេចបាននូវសមិទ្ធផលលើការងារបោសសម្អាតមីនយ៉ាងធំធេង យើងទាំងអស់គ្នាត្រូវចងចាំ និងក្រឡេកទៅមើលប្រវត្តិសាស្រ្តដ៏សែនជូរចត់ ជាង ៤៤ ឆ្នាំមុន ដែលប្រទេសកម្ពុជា បានជួបនូវវិបត្តិសោកសៅ និងធ្លាក់ចុះដល់ចំណុចសូន្យ ដែលបង្កមកពីការបែកបាក់សាមគ្គី និងសង្រ្គាមផ្ទៃក្នុង។ បន្ទុកដ៏ធ្ងន់ធ្ងរនៃប្រវត្តិសាស្រ្តនេះ បានធ្លាក់មកលើ សម្តេចតេជោ និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាអ្នកដោះស្រាយ។

ថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ គឺជាមហាជ័យជម្នះរបស់ប្រជាជនកម្ពុជាលើបនប្រល័យពូជសាសន៍ ប៉ុល ពត ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ កម្ពុជា បានបិទនូវទំព័រសករាជដ៏ខ្មៅងងឹតរបស់ខ្លួន ហើយបើកចេញនូវទំព័រសករាជថ្មី គឺសករាជឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ព្រមទាំងបានធ្វើជាកម្លាំងស្នូលនៃការបង្រួបបង្រួមជាតិ និងជាកម្លាំងមិនអាចខ្វះបាន ក្នុងការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងបង្កើតឲ្យមាននយោបាយឈ្នះ ឈ្នះ ដែលជាគន្លឹះដ៏សំខាន់សម្រាប់ប្រតិបត្តិករបោសសម្អាតមីនយើងទាំងអស់ មានលទ្ធភាពចូលដល់គ្រប់ទីកន្លែងនៃទឹកដីកម្ពុជា ដោយគ្មានការភ័យខ្លាច។ ទន្ទឹមនឹងនេះ ការងារបោសសម្អាតមីន ក៏ត្រូវបានដាក់បញ្ចូលក្នុងកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដឹកនាំរាជរដ្ឋាភិបាល ផងដែរ៕ ដោយ៖ ពុទ្ធិពល