សម្តេច ហ៊ុន សែន៖ ឈប់និយាយពីស្តង់ដាពីរជាមួយរាជរដ្ឋាភិបាលតទៅទៀត

ភ្នំពេញ៖ សម្តេច ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រតិកម្ម ទៅនឹងអង្គការសមាគម ចំនួន ៤០ ដែលបានសរសេរលិខិតចំហរ ទៅក្រសួងស្ថាប័នពាក់ព័ន្ធជុំវិញ លោកផែង វណ្ណៈ និយាយអាក្រក់ពីស្ត្រីដែលជាអតីតអ្នកសារព័ត៌មានរបស់វិទ្យុ VOD ម្នាក់ថា មានស្តង់ដារពីរ ។

ខាងក្រោមនេះ ជាសារទាំងស្រុងរបស់សម្តេច ហ៊ុន សែន៖

យប់នេះខ្ញុំបង្ហើយការងារខ្ញុំនៅរំលងអាធ្រាតទៅហើយតែខ្ញុំមិនទាន់សម្រាកទេ ព្រោះនៅមិនអស់ចិត្តរឿងស្តង់ដាពីរ។ ផែង វណ្ណះត្រូវបានអង្គការក្រៅរដ្ឋាភិបាល ដែលភាគច្រើនស៊ីលុយបរទេសទាមទារ ឲ្យថ្កោលទោសដោយសារបាននិយាយ អាក្រក់ពីស្ត្រីដែលនិយាយព័ត៌មានរហូត ដល់វិទ្យុវីអូឌីស្លាប់ដែលគ្មានពេលចាប់ជាតិ។(ខ្ញុំមិនកាន់ជើងផែង វណ្ណះទេ) តែអ្វីដែលខ្ញុំមិនអស់ចិត្តគឺប្អូនថ្លៃស្រីខ្ញុំ ក្រោយនាងស្លាប់ត្រូវបានគេប្រមាថច្រើនរាប់ពាន់រាប់ម៉ឺនដងប្រៀបជាមួយការដែល ផែង វណ្ណះនិយាយដល់នាងជាអ្នកនិយាយ
ព័ត៌មានរបស់វីអូឌី។

ពួកគេមិនគ្រាន់តែប្រមាថប្អូនថ្លៃខ្ញុំទេតែគេ ថែមទាំងប្រមាថភរិយាខ្ញុំក្រុមគ្រួសារខ្ញុំ ក្នុងពេលដែលក្រុមគ្រួសារនេះកំពុងបង្ហូរ ទឹកភ្នែកស្តាយស្រណោះប្អូនស្រីម្តាយជីដូនម្តាយមីងដែលលាចាកលោកទៅ ដោយមិនបានលាសូម្បីមួយម៉ាត់។តើអង្គការទាំង៤០នេះក្តាប់បានរឿងនេះឬទេ?បានជានៅស្ងៀមស្ងាត់ឬមួយអង្គការទាំងនេះបង្កើតឡើងដើម្បីតែការពារអ្នកប្រឆាំង?។សូមចាំទុកនិងសូមឈប់និយាយពីស្តង់ដាពីរជាមួយរាជរដ្ឋាភិបាលតទៅទៀត៕ម៉ោង1.49នាទីថ្ងៃ១៧កម្ភះ២០២៣