ភ្នំពេញ ៖ លោក គង់ មុនីកា កូន ប្រុសរបស់លោក គង់ គាំ បានលើកឡើងថា ដោយសារបញ្ហាសុខភាព លោក គង់ គាំ បានសម្រេចចិត្តចូលនិវត្តន៍ពីឆាកនយោបាយហើយ ។
ការសម្រេចចិត្តសម្រាកពីឆាកនយោបាយនេះ ក្រោយពីលោក គង់ គាំ បានផ្ញើលិខិតមួយច្បាប់ទៅសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សុំទោសសម្តេច ជុំវិញការបញ្ចេញមតិធ្វើឲ្យប៉ះពាល់ដល់គណបក្សប្រជាជនកម្ពុជា ។ អ្វីកាន់តែចាប់អារម្មណ៍ទៀតនោះ គឺព្រឹទ្ធាចារ្យនយោបាយរូបនេះ បានប្រកាសក្តែងៗក្នុងលិខិតថា លោកបានលាឈប់ពីឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន ។
លោក គង់ មុនីកា បានឲ្យដឹងតាមបណ្តាញតេឡេក្រាមនាថ្ងៃ២ កុម្ភៈថា “ដោយបញ្ហាសុខភាព លោក(គង់ គាំ)សម្រេចចិត្តចូលនិវត្តន៍ពីនយោបាយ ដូចលិខិតបានបញ្ជាក់(លិខិតផ្ញើទៅសម្តេច) ។ លោក(គង់ គាំ)លើកទឹកចិត្តដល់អ្នកនយោបាយបន្តវេនគ្រប់និន្នាការ ធ្វើការជាមួយគ្នាជាវប្បធម៌នយោបាយថ្មី សំដៅកសាងលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្សនៅកម្ពុជា”។
ក្នុងលិខិតលោក គង់ គាំផ្ញើទៅសម្តេចតេជោមានអត្ថន័យថា «ពិនិត្យពិចារណាពីសណ្តាប់ធ្នាប់ពិភពលោកថ្មី និងបរិយាកាសភូមិសាស្រ្តនយោបាយតំបន់ ពិសេសនយោបាយកម្ពុជាដែលកំពុងយកចិត្តទុកដាក់ ចំពោះអ្នកនយោបាយបន្តវេន ខ្ញុំបាទ គង់ គាំ សម្រេចបញ្ចប់តួនាទី និងសកម្មភាពជាឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន ចាប់ពីពេលនេះតទៅ»។
សូមបញ្ជាក់ថា ថ្មីៗនេះ លោក គង់ គាំ និងភរិយា បានប្រគល់ផ្ទះ និងដី នៅក្នុងទឹកដីខណ្ឌចំការមន ជូនក្រសួងការបរទេសវិញ ក្រោយពីក្រសួងអះអាងថា រស់នៅមិនស្របច្បាប់។ ដីដែលលោក គង់ គាំ កំពុងរស់នៅ ហើយប្រកាសប្រគល់ឲ្យរដ្ឋវិញ គឺជាដីកម្មសិទ្ធិក្រសួងការបរទេស ហើយត្រូវបានលោកចូលមករស់នៅកាលពីឆ្នាំ១៩៨២ ពេលនៅជាសមាជិកបក្សប្រជាជនកម្ពុជា និងជាអនុរដ្ឋមន្ត្រីការបរទេស ។បន្ទាប់ពីសម្រេចផ្តល់ឲ្យ សម្ដេចតេជោ ក៏បានសម្រេចមិនប្ដឹងលោកទៅតុលាការទៀតទេ ៕ ដោយ៖ រិន ចំរើន